អង្គការ​FAO​ ប្រកាស​អាសន្ន​ពី​ការ​ខ្ជះខ្ជាយ​ចំណីអាហារ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​​

នៅ​ថ្ងៃ​អង្គារ​​នេះ អង្គការ​​ទទួលបន្ទុក​កសិកម្ម​ និង​ម្ហូប​អាហារ​​​នៃ​អង្គការ​សហប្រជាជាតិ ហៅកាត់​ថា ​​FAO ​ បាន​​រិះគន់​​បរិហារនិង​ប្រកាស​អាសន្ន​​អំពី​​​ការ​កើនឡើង​នៃ​ការ​ខ្ជះខ្ជាយ​ចំណី​អាហារ​​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​។ គិត​ចាប់​ពី​ពេល​បង្កបង្កើន​ផល​ស្រែចំការ​ រហូត​ដល់ពេល​ចែកចាយ​ចំណីអាហារ ក្នុង​ចំណោម​ផលដែល​ប្រមូលបាន​១០០ភាគរយ មាន​៣០ភាគរយ ត្រូវបាន​ខ្ជះខ្ជាយ​លែង​ប្រើប្រាស់។ លើសពីនេះ ប្រជាជន​ក្នុង​តំបន់​ក៏មាន​ទំលាប់​អាក្រក់ ដោយ​បាន​​ខ្ជះខ្ជាយ​បោះចោល​ម្ហូបអាហារ​​ ដែល​ជាធម្មតាគេ​​​​នៅអាច​បរិភោគ​បាន​រយៈ​ពេល​ច្រើន​ថ្ងៃ​ទៀត។

នៅថ្ងៃពុធ ​នេះ ប្រទេស​ចំនួន​២០ ​ មកពី​តំបន់​អាស៊ីប៉ាស៊ីហ្វិក ចាប់​ពី​ហ្វីលីពីន​រហូតដល់​ប៉ាគីស្ថាន នឹង​បញ្ចប់​កិច្ច​ពិភាក្សា​គ្នា​ស្តីពី​បញ្ហា​​ខ្ជះខ្ជាយ​ចំណីអាហារ ដែល​កំពុង​តែ​មានការ​កើនឡើង​ នៅ​ក្នុង​តំបន់​​។ នៅ​ក្នុង​​​កិច្ច​ពិភាក្សា​ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​អង្គារ​ម្សិលមិញ ​អង្គការ​​ទទួលបន្ទុក​កសិកម្ម ​និង​ម្ហូប​អាហារ​​​នៃ​អង្គការ​សហប្រជាជាតិ ហៅកាត់​ថា ​​FAO បានបរិហារ​និង​​ប្រកាស​សញ្ញា​អាសន្ន​​ពីបញ្ហា​ខ្ជះខ្ជាយ​នេះ។

លោក Hiroyuki Konuma តំណាង​អង្គការ​​FAO បាន​ប្រាប់​ថា​​ បន្ទាប់​ពី​មានការ​ប្រមូលផល​ស្រែចំការ​ បរិមាណ​ចំណីអាហារ​ជាមធ្យម​ជិត​៣៥ភាគរយ ត្រូវបាន​​បាត់បង់ រឺ​ក៏​ខ្ជះខ្ជាយ​លែងប្រើការ។ បើនិយាយ​ពី​​ធញ្ញជាតិនៅ​ក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិក​​ គឺ​មាន​ប្រមាណ​ជា​៣០ភាគរយ បាន​បាត់បង់ ក្រោយការ​ប្រមូលផលរួច។ ហើយ​បើ​គិត​ពី​ការ​បាត់បង់​បន្លែ​និង​ផ្លែ​ឈើវិញ​ គឺ​មាន​រហូត​ដល់​ទៅ​៤២ភាគរយ​ឯណោះ។ ​ឪនភាព​នៃ​គំរោង​បង្កបង្កើនផល​​ ការវាយលុកនៃ​​​សត្វល្អិត​​ក្នុង​​ស្រែចំការ​ ​ភាព​អន់ខ្សោយ​នៃ​របៀប​ដឹកនាំ​ស្បៀង​អាហារ សុទ្ធ​សឹង​ជា​មូលហេតុ​ដែល​នាំ​អោយ​មាន​ការ​ខ្ជះខ្ជាយ​ដ៏សន្ធឹកសន្ធាប់​នេះ។

ទន្ទឹមនេះ​ដែរ ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ ប្រជាជន​នៅ​អាស៊ីអគ្នេយ៍​​តែ​ម្នាក់​ប៉ុណ្ណោះ​ បាន​​ខ្ជះខ្ជាយ​ចំណី​អាហារ​​ប្រមាណ​ជា​១២០គីឡូក្រាម​។ បរិមាណ​នេះ​តិច​ជាង​​នៅ​អឺរ៉ុប និង​អាមេរិក​ខាងជើង។ នៅទីនោះ ប្រជាជន​ម្នាក់​បាន​បោះចោល​ចំណី​អាហារដែល​​នៅអាច​បរិភោគបាននៅឡើយ ​ដល់ទៅ ៣០០ គីឡូក្រាម​ក្នុង​មួយឆ្នាំ។ ដើម្បី​ទប់ស្កាត់​បញ្ហា​​អស់​នេះ អង្គការ​​​​FAO បាន​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​នៃ​​ការបង្កើន​​ឃោសនា​ផ្សព្វផ្សាយ​ ក្នុង​​ទិសដៅ​ផ្លាស់ប្តូរ​របៀបរបប​​នៃ​ការទទួលទាន​អាហារ ដែ​ល​គួរ​តែ​ត្រូវ​​អនុវត្ត​ដល់​កុមារ​នានា​ផងដែរ។

យោងតាម​​អង្គការ​​​​ FAO ម្ហូបអាហារ​ដែល​​ខ្ជះខ្ជាយ​នៅទូទាំង​ពិភពលោក​​​​ត្រឹមតែ​បរិមាណ​១ភាគ​ ៣ប៉ុណ្ណោះ​ ​​ គឺ​អាច​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ដោយ​ការអត់ឃ្លាន​ បាន​៨៧០​លាន​នាក់។ បច្ចុប្បន្ន​មនុស្ស​៥៣៦លាននាក់​ កំពុង​តែ​​រងគ្រោះ​អត់ឃ្លាន​​ នៅតំបន់​អាស៊ីប៉ាស៊ីហ្វិក៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close