គណបក្ស​​នយោបាយ​​បារាំង​​យល់​​ខុស​គ្នា​​ ករណី​មាន​​អន្តរាគមន៍​​យោធា​​នៅ​​ស៊ីរី​​

នៅ​ដើម​សប្តាហ៍​នេះ គណបក្ស​នយោបាយ​បារាំង​នានា បាន​សំដែង​ការ​យល់ឃើញ​ខុសៗ​គ្នា​ ចំពោះ​លទ្ធភាពដែល​បណ្តា​បស្ចិមប្រទេស​អាច​ធ្វើ​​អន្តរាគមន៍​យោធា​នៅប្រទេស​ ស៊ីរី។ គណបក្ស​ខ្លះគិតថា ប្រសិន​បើ​បស្ចិម​ប្រទេស​ធ្វើអន្តរាគមន៍​យោធា​នេះ​មែន នោះ​នឹង​បង្ក​អោយ​​មាន​អស្ថិរ ភាព​ក្នុង​តំបន់។ គណបក្ស​ខ្លះទៀត​​បាន​សុំ​​រដ្ឋាភិបាល​បារាំងអោយ​​ផ្តល់​អាទិភាព​លើ​ជំរើស​នយោបាយ មុនគេ។

តើបារាំង​នឹង​ធ្វើ​ អន្តរាគមន៍​យោធា នៅស៊ីរី​ដែររឺ​ក៏​យ៉ាងណា? នៅ​ថ្ងៃ​ចន្ទ​ដើមសប្តាហ៍​នេះ ប្រមុខការទូត​បារាំង​ លោក Larent Fabius បាន​ប្រាប់ថា គ្រប់ជំរើស​នយោបាយ​កំពុង​តែ​ស្ថិត​នៅលើតុ​ការងារ​របស់​​រដ្ឋាភិបាល​បារាំង។ ហើយ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ ​រដ្ឋាភិបាល​បារាំង​នឹង​ជ្រើស​យក​ជំរើស​តែ​មួយគត់ មក​អនុវត្ត។

គណបក្ស ​នយោបាយ​បារាំង​នានា បាន​បែងចែក​ជាបក្សពួក ព្រោះ​ខ្លួន​យល់ឃើញ​ខុសៗគ្នា ករណីមាន​​​អន្តរាគមន៍​យោធា​នៅ​​​ស៊ីរី​។ លោក Florian Philippot អនុ​ប្រធាន​គណបក្ស​រណសិរ្ស​ជាតិ​បារាំង​ ហៅកាត់ថា​ FN ដែល​ជា​គណបក្សប្រឆាំង​​ស្តាំនិយម​ជ្រុលនោះ បាន​លើកឡើង​ថា ការ​ធ្វើការទូត​តាមរយៈ​អន្តរាគមន៍​យោធានៅស៊ីរី​ គឺ​ជា​ការ​ឃ្លាត​ចាក​ពី​ច្បាប់​អន្តរជាតិ ឃ្លាត​ចាក​ពីបទបញ្ជា​​​អង្គការ​សហប្រជាជាតិ។ គឺ​ដូច​ជា​អ្នកជិះសេះ​ទៅ​សំលាប់​ខ្លួនអញ្ចឹង។ គណបក្ស​នេះ​បន្ថែម​ថា ថ្វីដ្បិត​តែ​មាន​រូបភាព​បង្ហាញ​ថា មាន​ការ​ទំលាក់គ្រាប់​បែក​សម្លាប់មនុស្ស​នៅ​ស៊ីរី ក្នុង​ពេល​កន្លងទៅ​​ក្តី ការ​ធ្វើ​​​អន្តរាគមន៍​យោធា​នេះ គឺ​ជា​ការ​សំរេច​ចិត្ត​ដោយ​ពឹងផ្អែក​​ទៅលើរូបភាពតែ​ប៉ុណ្ណោះ។ យោងតាម​គណបក្ស​ FN អន្តរាគមន៍​យោធា​នៅស៊ីរី ​​​​ជាការ​​ជួយ​ដល់​ក្រុមឧទ្ទាម ​​ដែល​ដឹកមុខ​ដោយ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម ​ធ្លាប់​បាន​សម្លាប់​ជន​ស្លូតត្រង់​ច្រើននាក់។

លោក Jean Luc Mélenchon មក​ពី​គណបក្ស​ឆ្វេងនិយមជ្រុល​​មួយ បាន​លើកឡើង​ថា អន្តរាគមន៍​យោធា​នេះ គឺ​ជា​កំហុស​មួយ​ធ្ងន់ធ្ងរ ព្រោះ​គេដឹងហើយ​ថា អាមេរិក​ខាងជើង​មានទំលាប់​យក​លេស​ផ្សេងៗ​ ធ្វើជា​ហេតុផល​នៃ​​អន្តរាគមន៍​យោធា​របស់​ខ្លួន។

រីឯ​គណបក្ស​កុំម្មុយនិស្ត​បារាំងវិញ ​បាន​សុំអោយ​រដ្ឋាភិបាល​បារាំង​ជ្រើស​យក​ជំរើស​នយោបាយ​​មួយ​ ចៀស​អោយផុត​ពី​អន្តរាគមន៍​យោធា។

នៅ​ឯ​​គណបក្ស​សហភាព​ដើម្បី​ចលនា​ប្រជាប្រិយ​បារាំង ហៅកាត់​ថា UMP ដែល​ជា​បក្ស​ប្រឆាំង​ស្តាំនិយម​​ ​ធ្លាប់​កាន់អំណាច​ក្រោម​អណត្តិ​​​ប្រធានាធិបតី​​ សារកូស៊ី នោះ សមាជិក​នានា​មានការ​​ខ្វែង​​គំនិត​​​គ្នា។ មាន​ទាំង​អ្នកជំទាស់​ មានទាំង​​អ្នក​​គាំទ្រ​អន្តរាគមន៍​យោធា​នៅស៊ីរី បែបយ៉ាង​លោក អាឡាំង ហ្ស៊ុបប៉េ អតីត​ប្រមុខការទូត​បារាំង​មួយរូប ដែល​ធ្លាប់​បានសុំអោយ​មាន​ជំនួយ​យោធា​ជួយ​​ក្រុមប្រឆាំង​ស៊ីរី។

ដោយឡែក គណបក្ស​ការពារបរិដ្ឋាន​បារាំង បាន​សុំអោយ​រដ្ឋាភិបាល​បារាំង​និង​សហភាព​អឺរ៉ុប​ រកដំណោះ ស្រាយជា​​បន្ទាន់ ​ជួយការពារ​សុវត្ថិភាព​​​ជនស៊ីវិល អោយ​រួច​ផុត​ពី​ការ​ទំលាក់​គ្រាប់បែក​​ និង​​ពីកាណុង​កាំភ្លើង​របស់​​​កងទ័ព​ស៊ីរី៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close