យុវជន​ជនជាតិ​បារាំង​២នាក់​បាន​បាត់ខ្លួន​នៅលើ​ភ្នំ​ហិមាល័យ​

ក្រុម​ប៉ូលិស​បាន​បន្ត​ស្វែង​រក​យុវជន​ជន ​ជាតិ​បារាំង២​នាក់​ ដែល​បាន​បាត់​ខ្លួន​នៅ​តំបន់​លើ​ភ្នំ​ហិមាល័យ​ រហូត​ដល់​ថ្ងៃចន្ទ​ម្សិល​មិញ បន្ទាប់​ពី​បុរស​ជន​ជាតិ​បារាំង​២​នាក់​នេះ​​បាន​បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ ព្រហស្បតិ៍​សប្តាហ៍​មុន​។ ប៉ូលិស​ឥណ្ឌា​មាន​គម្រោង​បើក​ប្រតិ​បត្តិ​ការ​ស្វែង​រក​តាម​ឧទ្ធម្ភាគចក្រ​ ទៀត។

រហូត​ដល់​ថ្ងៃចន្ទ​ម្សិលមិញ ប៉ូលិស​នៃ​ប្រទេស​ឥណ្ឌាដែលគ្រប់គ្រង​នៅ​តំបន់ភ្នំ​ហិមាល័យ​ បាន​​បន្ត​​ប្រតិ​បត្តិ​ការ​​ស្វែង​រកយុវជនជនជាតិ​បារាំង​២​នាក់ ដែល​បាន​បាត់ខ្លួន​ តាំងពី​ថ្ងៃ​ព្រហស្បតិ៍​​សប្តាហ៍​​មុន។ យុវជនជនជាតិ​បារាំងទាំងពីរ​ ម្នាក់​អាយុ​២០ឆ្នាំ និង​ម្នាក់ទៀត​អាយុ​២១​ឆ្នាំ​ បាន​​ស្ថិត​​នៅ​ក្នុង​ក្រុមទេសចរ​អ្នកដើរភ្នំ​ ចំនួន​៣២​នាក់។ ពួកគេ​បាន​ដើរកំសាន្ត​ក្នុង​ចន្លោះ​​ជួរ​ភ្នំ​ហិមាល័យ ក្នុង​តំបន់ Dharamshala។

ប៉ូលីស​បាន​និយាយ​ថា យុវជនទាំងពីរ​នាក់​ចាប់ផ្តើម​បាត់ខ្លួន​​នៅ​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន បន្ទាប់ពី​ពួកគេ​បាន​សម្រេច​ចិត្ត​ដើរ​ផ្សងព្រេង​ក្នុងព្រៃ ​នៃ​ចន្លោះភ្នំ​ ដើម្បីទៅ​រក​តំបន់កំពូល​ភ្នំ​ដែល​ខ្ពស់​ជាង​គេ។ ចំណែក​ឯ​សមាជិក​ក្នុង​ក្រុម​ផ្សេងទៀត​ បាន​ត្រឡប់មក​ជំរំ​​របស់​ពួកគេ​ វិញ។ នៅពេលនេះ ប៉ូលិស​បាន​និយាយ​ថា ពួកគេ​កំពុង​ពិចារណា​អំពី​ការ​ផ្តើម​ប្រតិបត្តិការ​ស្វែង​រក​តាម​ ឧទ្ធម្ភាគចក្រ​វិញ​ម្តង។

គួរ​បញ្ជាក់អោយដឹងថា នៅ​ក្នុងតំបន់ Dharamshala ដែល​យុវជន​ជនជាតិ​បារាំង​ទាំងពីរ​បាន​បាត់ខ្លួន​នោះ ត្រូវបាន​ស្គាល់ថា ជា​តំបន់ដែលមាន​ការផ្លាស់ប្តូរ​អាកាសធាតុលឿន និង​មាន​ភ្លៀងធ្លាក់ខ្លាំង​នៅ​ក្នុង​រដូវ​វស្សានេះ។ កាលពី​ឆ្នាំ​មុន អ្នកកាសែត​ជនជាតិ​ឥណ្ឌា​ម្នាក់​ក៏​បាន​ស្លាប់​នៅ​ក្នុង​តំបន់​នេះ​ដែរ។

យោងតាម​ការ​បញ្ជាក់​របស់​ប៉ូលិស ការស្វែង​រក​ជនជាតិបារាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ត្រូវ​បាន​ធ្វើ​រហូត​ដល់​កំពស់​៤៥០០​ម៉ែត្រ ប៉ុន្តែ ​គ្មាន​សញ្ញា​នៃ​ទំនាក់ទំនង​ណាមួយ​ត្រូវបាន​គេ​មើលឃើញឡើយ៕ដោយ លាង ដឺលុច (RFI)

Related Articles

Back to top button
Close
Close