ភិន សុដាលីស មិនចង់ផ្សះផ្សារជាមួយគូដណ្តឹង
ភ្នំពេញ៖ រហូតមកដល់ពេលនេះភាពចម្រូងចម្រាស់គ្នាលើចំណងស្នេហ៍រវាងតារាសម្តែងវ័យក្មេងនាង ភិន សុដាលីស និងគូដណ្តឹងលោក ប៉ែន តុលា ហាក់នៅមិនទាន់មានពន្លឺថាអាចដោះស្រាយបាននៅឡើយទេ ។
សម្លេងឃ្មោះផ្កាទំនងជាមិនអាចបន្លឺឡើងតាមការកំណត់ឡើយ ខណះពេលដែលតារាសម្តែងដែលតែងតែទទួលតំណែងជាតួឯកជាបន្តបន្ទាប់នាង ភិន សុដាលីស ហាក់រារែកចិត្តនៅក្នុងការដោះស្រាយជាមួយគូដណ្តឹង ដោយហេតុផលនៅក្មេងនិងជាប់ការសិក្សា។
ថ្លែងប្រាប់មុនពេលឡើងយន្តហោះចេញទៅថតឈុតមួយចំនួនក្នុងរឿង ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍នៅក្នុងប្រទេសថៃកាលពីពេលថ្មីៗនេះ ភិន សុដាលីស បានអះអាងថា នាងហាក់មានសង្ឃឹមតិចតួចនៅក្នុងការដោះស្រាយទំនាស់ជាមួយនឹងគូដណ្តឹងដោយសារតែនាងមិនចង់មានការផ្សះផ្សារឡើងវិញឡើយព្រោះតែពន្លកស្នេហ៍ចាប់ផ្តើមដំបូងភ្លាមក៍មានការរកាំកូសហើយនោះ។
នាងបញ្ជាក់ថា គ្រាន់តែរស់នៅជាមួយគ្នារយះពេលខ្លីសោះមានបញ្ហាទៅហើយ ចុះទម្រាំរស់នៅជាមួយគ្នារហូតទៀត ហេតុនេះខ្ញុំមិនចង់រៀបការឆាប់ឡើយ ម្យ៉ាងយើងទាំងពីរនាក់សុទ្ធតែរវល់ការងាររៀងៗខ្លួន ហើយខ្ញុំក៍ជាប់រៀនផងដែរ។
ទោះជាយ៉ាងណាភិន សុដាលីស នៅតែអះអាងថា ចំណងស្នេហ៍របស់នាងនៅមិនទាន់កាត់ផ្តាច់ទាំងស្រុងនោះទេ ប៉ុន្តែនាងហាក់ផ្តល់ភាគរយតិចបំផុតនៅក្នុងការផ្សារភ្ជាប់ពីទំនាក់ទំនងស្នេហ៍រវាងនាងនិងគូដណ្តឹង។
នាងនិយាយថា គាត់(ប៉ែន តុលា) នៅតែព្យាយាមទាក់ទងមកខ្ញុំដែរតែខ្ញុំអត់ចង់ទទួលយកឡើយ ដោយសារតែខ្ញុំនិងគាត់ហាក់មិនសូវចុះសម្រុងគ្នា ហើយចាស់ៗក៍គាត់មិនលូកលាន់ដែរ ដោយអ្វីៗអាស្រ័យលើក្មេងៗ។
នាងបញ្ជាក់ថា ខាងគូដណ្តឹងរបស់នាងគឺមិនចង់កាត់ផ្តាច់ឡើយ ហើយបានព្យាយាមទាក់ទងឲ្យចាស់ៗជួយដោះស្រាយទៅលើបញ្ហានេះ ប៉ុន្តែនាងមិនចង់ខ្វល់ខ្វាយពីរឿងនេះឡើយ ដោយសារតែនាងនៅក្មេងនិងកំពុងតែបន្តការសិក្សា។
ទោះជាយ៉ាងភិន សុដាលីស បានទទួលស្គាល់ពីការរិះគន់ពីមហាជនចំពោះបញ្ហានេះ ប៉ុន្តែនាងមិនចាប់អារម្មណ៍ឡើយ ដោយសារតែយល់ថារឿងនេះអាស្រ័យលើខ្លួនយើង ប្រសិនបើយើងបន្តរស់នៅជាមួយគ្នាខ្លាចការរិះគន់ តែការរស់នៅមិនចុះសម្រុងគ្នា តើយើងរស់នៅបានប្រយោជន៍អ្វី ។
ក្នុងវ័យ១៨ឆ្នាំ ភិន សុដាលីស ហាក់បង្ហាញនូវជំហររឹងមាំមិនមានការខូចចិត្តអ្វីឡើយ ប្រសិនបើក្នុងករណីស្នេហារបស់នាងពិតជាត្រូវកាត់ផ្តាច់មែននោះ ដោយហេតុផលថា រវាងនាងនិងគូដណ្តឹងមិនមានប្រវត្តិស្នេហាជាមួយគ្នាច្រើនឡើយ ពោលគឺស្គាល់គ្នាតាមរយះចាស់ទុំណែនាំប៉ុណ្ណោះ។
គួបញ្ជាក់ថា ភិន សុដាលីស បានសម្រេចចិត្តភ្ជាប់ពាក្យជាផ្លូវការជាមួយកំឡោះសង្ហារ និងជាតារាសម្ដែងដូចគ្នា លោក ប៉ែន តុលា កាលពីថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០១៣ ។អ្នកទាំងពីរគ្រោងនិងចូលរោងការនៅបំណាច់ឆ្នាំនេះ ប៉ុន្តែអ្វីៗត្រូវបានពន្យាពេលវិញ បន្ទាប់ពីកំដៅស្នេហ៍បានឆេះឡើងរវាងអ្នកទាំងពីរដែលកើតចេញពីការមិនយល់ចិត្តគ្នា។
លោក ហ៊ិន សុភិន ដែលជាឪពុកបង្កើតរបស់តារាសម្តែងនាង ភិន សុដាលីស ធ្លាប់បានអះអាងថា ពិធីមង្គលការកូនស្រីរបស់លោកអាចកើតមានឬមិនអាចនោះអាស្រ័យលើកូន។ ក្នុងនាមលោកជាឪពុកគឺត្រៀមខ្លួនធ្វើអ្វីៗដើម្បីតម្រូវចិត្តកូន ដោយលោកមិនអាចប្រឆាំងអំពីការសម្រេចចិត្តណាមួយរបស់កូនលើបញ្ហាគូស្រករនេះឡើយ៕ ស.រ/Cambodia News