សវនាការ​​កាត់ទោស​ប៉ូ​ ស៊ីឡៃ​ បិទ​បញ្ចប់​នៅ​ថ្ងៃ​ចន្ទ​នេះ​

នៅ​ថ្ងៃ​ ចន្ទ​នេះ តុលាការ​ក្រុង​ Jinan ខេត្ត​ Shandong ភាគខាងលិច​ប្រទេស​ចិន បាន​បិទបញ្ចប់​សវនាការ​​កាត់ទោស​ លោក​ប៉ូ ស៊ីឡៃ ​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​កុំម្មុយនិស្ត​ចិន។ លោក ប៉ូ​ ​ជាប់​ចោទ​ពី​បទ​ស៊ីសំណូក និង​បំពាន​អំណាច​ដើម្បី​ទប់ស្កាត់​ការ​ស៊ើបអង្កេត​លើ​ការធ្វើឃាត​ពាណិជ្ជករ​ អង់គ្លេស​មួយរូប ដែល​មាន​ពាក់ព័ន្ធ​នឹង​ភរិយា​លោក។ ក្នុង​ការ​កាត់ទោស​៥ថ្ងៃ​កន្លង​មក​នេះ លោក ប៉ូ តែងតែ​បដិសេធ​ការចោទប្រកាន់​ទាំង​នេះ​ជានិច្ច។ ប៉ូ ស៊ីឡៃ ប្រហែល​ជា​អាចទទួល​ទោស​ប្រហារជីវិត រឺ​ក៏​​​ជាប់​ពន្ធនាគារ​មួយជីវិត។ ​តុលាការ​នឹង​ចេញ​សេចក្តី​វិនិច្ឆ័យ​ទោស​នៅពេល​​ក្រោយ។

គេ​ពុំទាន់​ដឹង​ថា តើ​ពេលណា​ទើបតុលាការ​ចិន​ចេញ​សេចក្តី​វិនិច្ឆ័យ​លើ​ទោស​ដែល​លោក ប៉ូ​ ស៊ីឡៃ​ ត្រូវ​ទទួល​​នោះទេ។ តុលាការ​ចិន​បាន​បញ្ចប់​សវនាការ​កាត់ទោស​លោក ប៉ូ នៅ​ថ្ងៃ​ចន្ទនេះហើយ។ អតីត មន្ត្រីជាន់ខ្ពស់​គណបក្ស​កុំម្មុយនិស្ត​ចិន ជាប់​ចោទ​ពី​បទ​ស៊ីសំណូក​​ប្រាក់​​២លាន​៦សែន​៧ម៉ឺន​អឺរ៉ូ ពី​ពាណិជ្ជករ​​ចិន​រូប​  និង​ពីបទ​បំពាន​អំណាច​ដើម្បី​ទប់ស្កាត់​ការ​ស៊ើបអង្កេត​លើ​ការធ្វើឃាត​ ពាណិជ្ជករ​អង់គ្លេស​មួយរូប ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ភរិយា​លោក។

ក្នុង​ការ​កាត់ទោស​៥ថ្ងៃ​មកនេះ លោក ប៉ូ តែងតែ​បដិសេធ​​ការ​ចោទប្រកាន់ទាំង​នេះជានិច្ច។ ​កាលពី​ថ្ងៃ​សៅរ៍ ​​ប៉ូ ស៊ីឡៃ បាន​ប្រាប់​ថា លោក​​ទទួលខុសត្រូវ​​​មួយចំណែក​ ក្នុង​ទង្វើ​បន្លំ​​ថវិកា​រដ្ឋ​​ចិន​​ប្រមាណ​ ៦១ម៉ឺន២ពាន់​អឺរ៉ូ ដែល​បាន​ផ្ទេរ​ទៅ​ក្នុង​គណនី​ធនាគារ​របស់​ភរិយា​លោក គឺ​លោកស្រី ហ្គូ កៃឡៃ។

លោក Wang Lijun អតីត​មេដឹកនាំ​ប៉ូលិស​ក្រុង​ Chongqing ជាក្រុង​ធ្លាប់​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោកប៉ូ បាន​ឡើង​មក​ធ្វើ​សាក្សី​​ ទាក់ទង​នឹង​ការ​​ចោទ​លោក​ប៉ូ​ ថា​បាន​ទប់ស្កាត់​ការស៊ើបអង្កេត​លើ​ការ​ធ្វើឃាត​ពាណិជ្ជករ​អង់គ្លេស​មួយរូប​ ដែល​ភរិយា​​លោកប៉ូមាន​ការ​ពាក់ព័ន្ធ​។ លោក Wang ប្រាប់​ថា បន្ទាប់​ពី​លោក​បាន​រ៉ាយរ៉ាប់​ពី​ការពាក់ព័ន្ធ​របស់​លោកស្រី ហ្គូ កៃឡៃ ក្នុង​ការ​ដាក់​ថ្នាំបំពុល​សម្លាប់​​ពាណិជ្ជករ​​អង់គ្លេស Neil Heywood កាលពី​ឆ្នាំ​២០១១​ មក​ លោក​ប៉ូ​ បាន​​​​ដកហូត​រូប​លោក​ចេញ​ពីតំណែង​​មេដឹកនាំ​ប៉ូលិស​ក្រុង​ Chongqing។ ប៉ូ ស៊ីឡៃ​ បាន​ប្រកែក​ឆ្លើយតប​​វិញ​ថា អតីត​មេដឹកនាំ​ប៉ូលិស​មួយរូប​នេះ ភូតភរ​ទាំងស្រុង។

នៅថ្ងៃ​ចន្ទនេះ​​ ទាក់ទង​​​​នឹង​ពាក្យចចាមអារ៉ាម​ថា ខ្លួន​មានជីវភាព​ហ៊ឺហា ចាយវាយ​ហួស​ប្រមាណ​នោះ អតីតមន្ត្រី​គណបក្ស​កុំម្មុយនិស្ត​ ​ប៉ូ ស៊ីឡៃ​ ​​បាន​ប្រាប់​ថា ខោ​ខ្លី​ដែល​លោក​ស្លៀក​ប្រើ​​រាល់ថ្ងៃ​នេះ គឺ​ជា​ខោ​ដែល​ម្តាយ​លោក​ប្រគល់​អោយលោក តាំង​តែ​ពី​ទស្សវត្សរ​ឆ្នាំ​១៩៦០​ម្ល៉េះ។ លោក ប៉ូ បន្ថែម​ថា​ លោក​មិន​បាន​ប្រើសំលៀកបំពាក់​យីហោ​ថ្លៃៗ​អ្វី​នោះទេ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close