ប្រាក់រូពីធ្លាក់ថ្លៃ រដ្ឋមន្ត្រីប្រកាសកុំឱ្យស្លាន់ស្លោ
ប្រាក់ រូពី ឥណ្ឌា បានធ្លាក់ថ្លៃដល់កំរិតទាបបំផុតមិនធ្លាប់មាន បើប្រៀបទៅនឹងប្រាក់ដុល្លារ ! គេត្រូវមាន ៦៥,០៤រូពី ទើបអាចប្តូរបានមួយដុល្លារ នៅល្ងាចថ្ងៃព្រហស្បតិ៍ទី ២២ សីហា ២០១៣។ គិតតាំងពីដើមឆ្នាំមកទល់ពេលនេះ ប្រាក់រូពី បាត់បង់តម្លៃអស់ប្រមាណ ២០%។ ប៉ុន្តែគ្មានអ្វីដែលត្រូវភ័យស្លន់ស្លោទេ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។
មិន ធ្លាប់មានឡើងក្នុងប្រវត្តិរូបិយវត្ថុឥណ្ឌា ដែលប្រាក់រូពី បានធ្លាក់ថ្លៃដល់កំរិតនេះ (៦៥,០៤រូពីក្នុងមួយដុល្លារអាមេរិក)។ ជាច្រើនសប្តាហ៍មកហើយ ដែលរដ្ឋាភិបាលនិងធនាគារកណ្តាលឥណ្ឌា បានខិតខំចាត់វិធានការផ្សេងៗ ទប់ប្រាក់រូពីឱ្យមានស្ថិរភាព ប៉ុន្តែគ្មានប្រសិទ្ធិភាពសោះ។
ម្សិលមិញនេះទៀត ធនាគារកណ្តាលឥណ្ឌាបានជូនដំណឹងថានឹងចាក់បញ្ចូលសាច់លុយ ៨០ពាន់លានរូពីទៅក្នុងប្រព័ន្ធធនាគារដើម្បីទិញមូលប័ត្របំណុលរដ្ឋ។ សេចក្តីប្រកាសរបស់ធនាគារកណ្តាលឥណ្ឌាបានធ្វើឱ្យទីផ្សារមូលប័ត្រ ស្ងប់ស្ងាត់តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងដាំក្បាលបន្តធ្លាក់ចុះទៀត។ វិធានការចុងក្រោយរបស់ធនាគារកណ្តាលកាលពីដើមរដូវក្តី បែរជាធ្វើឱ្យទីផ្សារកាន់តែបាត់បង់ទំនុកចិត្ត។
ការធ្លាក់ថ្លៃឥតឈប់ឈរ នៃប្រាក់រូពី មួយចំណែកគឺបណ្តាលមកពី ពីបរទេសផ្តើមយកលុយចេញពីទៅសហរដ្ឋអាមេរិក ព្រោះអាមេរិកចាប់មានសេដ្ឋកិច្ចកំរើកឡើងវិញ។ មួយផ្នែកទៀតគឺជំងឺផ្ទៃក្នុង។ សេដ្ឋកិច្ចឥណ្ឌាមានសុខភាពមិនសូវល្អ កំណើនសេដ្ឋកិច្ចមានត្រឹមតែ៥%ប៉ុណ្ណោះនៅឆ្នាំ២០១២-១៣។ បើប្រៀបទៅនឹង១០មុន គឺជាអត្រាដ៏ទាបបំផុត។ បូកផ្សំនឹងការធ្វើកំណែទម្រង់ជាប់គាំងស្តូកស្តឹង ដោយពេលបោះឆ្នោតកាន់តែខិតមកដល់ អំពើពុករលួយស៊ីរូងផ្ទៃក្នុង ឱនភាពជាតិឡើងដល់កំរិតកំពូល ទីផ្សារលែងមានទំនុកចិត្ត។
ប្រឈមមុខនឹងស្ថានការណ៍បែបនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានចេញមុខប្រកាសនៅល្ងាចមិញថាគ្មាន ឡើយភាពស្លន់ស្លោ គំនាបលើប្រាក់រូពីដែលនាំដល់ការធ្លាក់ថ្លៃ វាទង្វើជ្រុលហួសហេតុ ប៉ុន្តែមានសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំងផ្សេងទៀតក៏ជួបបញ្ហានេះ ដូចគ្នា។ អាជ្ញាធរនឹងចាត់វិធានការសមស្របដើម្បីកាត់បន្ថយឱនភាពថវិកា និងបង្កើនមូលធនបរទេស៕ដោយ អៀង សុខម៉ិញ (RFI)