ក្រសួងឲ្យបញ្ឈប់ការប្រមូលស្នាមមេដៃគាំទ្រលទ្ធផលបោះឆ្នោត
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានស្នើឲ្យអាជ្ញាធររាជធានី ខេត្ត ត្រូវបញ្ឈប់ជាបន្ទាន់ នូវការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋដើម្បីគាំទ្រលទ្ធផលបោះឆ្នោត ខណៈដែលចលនានៃការប្រមូលស្នាមមេដៃ នេះ បានកើតឡើងកាន់តែច្រើនឡើងៗ ហើយត្រូវអង្គការសង្គមស៊ីវិលរិះគន់ថា បានបង្ហាញពីភាពមិនឯករាជ្យរបស់អាជ្ញាធរមូលដ្ឋាន។
នៅក្នុងសេចក្តីប្រកាស មួយដែលបានចុះហត្ថលេខាដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២០ ខែសីហា សរសេរថា ការបញ្ជាឲ្យបញ្ឈប់នូវការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋដើម្បី គាំទ្រលទ្ធផលនៃការបោះឆ្នោតនេះ គឺជាការរក្សា«ពង្រឹងអព្យាក្រឹតភាព របស់អាជ្ញាធរសាធារណៈនៅគ្រប់ថ្នាក់»។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានសរសេរទៀតថា៖ «អភិបាលរាជធានី ខេត្ត ត្រូវបញ្ឈប់ជាបន្ទាន់នូវការធ្វើញត្តិគាំទ្រលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៥ និងបញ្ឈប់ជាបន្ទាន់ នូវការណែនាំដល់អាជ្ញាធរមូលដ្ឋាន ដើម្បីចលនាប្រជាពលរដ្ឋ ឲ្យផ្តិតមេដៃគាំទ្រលទ្ធផលនៃការបោះឆ្នោត»។
ចំណាត់ការរបស់ក្រសួងមហាផ្ទៃនេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ជាច្រើនថា អាជ្ញាធរនៅតាមភូមិ សង្កាត់ ឃុំ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមខេត្តមួយចំនួន បានដើរប្រមូលស្នាមមេដៃនៅតាមផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ និងបង្ខំចិត្តផ្តិតមេដៃឲ្យ ដោយអ្នកខ្លះខ្លាចមានការរើសអើង ពីអាជ្ញាធរនៅពេលពួកគេធ្វើលិខិតបញ្ជាក់ផ្សេងៗ ឬត្រូវការពឹងពាក់អាជ្ញាធរឃុំសង្កាត់៕ Cambodia News