កងទ័ពអេហ្ស៊ីបមិនព្រមថមថយនៅចំពោះមុខអំពើហិង្សាឡើយ
ប្រមុខយោធា អេហ្ស៊ីប អាប់ឌែលហ្វាតា អាល់ស៊ិសស៊ី បានស្បថនៅថ្ងៃអាទិត្យម្សិលមិញ ថាអេហ្ស៊ីបមិនចុះចាញ់ដាច់ខាត នៅចំពោះមុខអំពើហិង្សាក្នុងប្រទេស ហើយបានសន្យាថានឹងតបតទៅពួកភាតរអ៊ីស្លាមវិញ យ៉ាងស្វាហាប់។ ម្សិលមិញនេះ ក្បួនបាតុកម្មនៃក្រុមភាតអ៊ីស្លាមជាច្រើន ត្រូវបានលុបចោលមិនធ្វើវិញ ដើម្បីការពារសុវត្ថិភាពសន្តិសុខរបស់បាតុករ។ ដោយឡែក នៅថ្ងៃចន្ទនេះ សមាជិកទាំង២៨ប្រទេសនៃសហភាពអឺរ៉ុប ជួបពិភាក្សាគ្នាជាបន្ទាន់ អំពីវិបត្តិអេហ្ស៊ីប។ សហភាពអឺរ៉ុបនឹងពិចារណាមើលទំនាក់ទំនងខ្លួន ជាមួយអេហ្ស៊ីបឡើងវិញ ប្រសិនបើអំពើហិង្សានៅតែមិនអាចបញ្ចប់នៅក្នុងប្រទេសនេះ។ សហភាពអឺរ៉ុបលើកឡើងថា គឺកងទ័ពនិងរដ្ឋាភិបាលអេហ្ស៊ីបផ្ទាល់ជាអ្នកទទួលខុសត្រូវដើម្បី សំរេចអោយមានភាពស្ងប់ស្ងាត់ក្នុង ប្រទេស។
អំពើហិង្សា នៅសប្តាហ៏មុននៅអេហ្ស៊ីប បានសម្លាប់មនុស្សជាង៨០០នាក់ ប៉ុន្តែនៅចំពោះមុខ កងទ័ពអេហ្ស៊ីបមិនព្រមអន់ថយឡើយ។ ប្រមុខទ័ពអេហ្ស៊ីប អាល់ស៊ិសស៊ីបានសន្យានឹងតបតទៅក្រុមភាតរអ៊ីស្លាមវិញយ៉ាង រស់រវើកបំផុត ព្រោះថា ក្រុមភាតរអ៊ីស្លាមបានបង្កអោយមានការចោទប្រកាន់នៅបណ្តា បស្ចិមប្រទេស ថាកងទ័ពបានប្រើហិង្សាសម្លាប់រង្គាល។ ទោះយ៉ាងនេះក្តី លោកអាល់ស៊ិសស៊ី បានលើកឡើងថា សមាជិកក្រុមភាតរអ៊ីស្លាម ដែលគ្មានដៃប្រលាក់ឈាម អាចចូលរួមកិច្ចការនយោបាយអេហ្ស៊ីបបាន ខណៈអេហ្ស៊ីបនឹងរៀបចំការបោះឆ្នោតនៅដើមឆ្នាំ២០១៤ខាងមុខនេះ។
ការ ប្រកាសតបតរបស់មេដឹកនាំកងទ័ព ហាក់មានប្រសិទ្ធភាពជាក់ស្តែង។ ម្សិលមិញនេះ ក្រុមភាតរអ៊ីស្លាមគាំទ្រលោកមរស៊ី បានលុបចោលក្បួនបាតុកម្មស្ទើរតែទាំងអស់របស់ខ្លួន ដើម្បីសុវត្ថិភាពសន្តិសុខបាតុករ ជាពិសេសសុវត្ថិភាពនៅពេលយប់តែម្តង។ គួរបញ្ជាក់ថា រដ្ឋាភិបាលយោធាអេហ្ស៊ីបបានដាក់ប្រទេសខ្លួនអោយស្ថិតនៅក្នុងភាព ប្រកាសអាសន្នឡើងវិញ ហើយបានហាមប្រាមប្រជាជនមិនអោយចេញដើរនៅពេលយប់។
ទន្ទឹមនេះដែរ រដ្ឋាភិបាលបានហាមឃាត់សកម្មភាពបាតុកម្មនៃចលនាប្រជាប្រិយមួយ ដែលធ្លាប់តែគាំទ្ររបបដឹកនាំយោធាកន្លងមក។ កន្លងមក ក្រុមនេះបានវាយប្រហាររាល់បណ្តាជនដែលពួកគេគិតថាជាក្រុម អ៊ីស្លាម និងអ្នកសារព័ត៌មានបរទេស។ រដ្ឋាភិបាលអេហ្ស៊ីបបានចោទប្រកាន់ក្រុមនេះថា ធ្វើសកម្មភាពខុសច្បាប់។
ដោយឡែក ម្សិលមិញនេះ អ្នកទោស៣៦នាក់ នៃក្រុមភាតរអ៊ីស្លាម បានស្លាប់ដោយថប់ដង្ហើម ដោយសារតែមានការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ចូលទៅក្នុងឡានកាំម្ញ៉ុងដែលដឹកពួកគេ។ ឡានកាំម្ញ៉ុងដឹកអ្នកទោសទាំងនេះ ដឹកអ្នកទោសសរុប៦០០នាក់ បញ្ជូនទៅកាន់គុកមួយកន្លែងនៅជិតទីក្រុងគែរ។ អ្នកទោសទាំងនេះ ត្រូវបានចាប់ខ្លួន នៅពេលដែលក្រុមបាតុករបានបែកខ្ញែកគ្នា នៅទីលាន រ៉ាបាអាល់អាដាវីយ៉ា កាលពីថ្ងៃ១៤សីហា។ យោងតាមក្រសួងមហាផ្ទៃ ក្រុមអ្នកទោស បានព្យាយាមរត់គេច ហើយថែមទាំងបានចាប់ប៉ូលិសម្នាក់ ធ្វើជាចំណាប់ខ្មាំងទៀតផង។ ម្ល៉ោះហើយ ទើបប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅក្នុងឡានកាំម្ញ៉ុងនោះ។
ក្រុមភាតរអ៊ីស្លាមបានបដិសេធថា គ្មានការព្យាយាមលួចរត់ រឺក៏បាញ់ឧស្ម័នអ្វីនោះទេ គឺប៉ូលិសជាអ្នកធ្វើឃាតអ្នកទោសតែម្តង ព្រោះថាក្នុងឡានកាំម្ញ៉ុងនោះ អ្នកទោសចំនួនច្រើននៅចង្អៀតណែនតាន់តាប់ជាប់គ្នា ដូច្នេះ ពួកគេត្រូវស្លាប់ដោយថប់ដង្ហើម។ អង្គការសិទ្ធិមនុស្សជាច្រើនបានសុំអោយមានការស៊ើបអង្កេតរកមូលហេតុ ពិតប្រាកដនៃឧប្បដិហេតុនេះ។
នៅថ្ងៃចន្ទនេះដែរ ប៉ូលិសយ៉ាងហោច ២៤នាក់ បានស្លាប់ដោយសារការបាញ់រ៉ុកកែត ពីសំណាក់ក្រុមជ្រុលនិយមអ៊ីស្លាមមួយ នៅតំបន់ស៊ីណៃ។ គិតក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ សំរាប់ក្រុមប៉ូលិស ដែលតែងរងការវាយប្រហារនៅទីនោះ ចំនួនស្លាប់នេះជាចំនួនច្រើនបំផុត៕ដោយ ព្រំ សឿន សូលីណា (RFI)