ក្រុម​ស៊ើបអង្កេត​អាវុធ​គីមី​អង្គការ​សហប្រជាជាតិ​ទៅដល់​ស៊ីរី

នៅ​ថ្ងៃ​អាទិត្យ​នេះ ក្រុម​អ្នក​ស៊ើប​អង្កេត​អាវុធគីមី​នៃ​អង្គការ​សហប្រជាជាតិ​​ បាន​ធ្វើ​ដំណើរ​ទៅដល់​ក្រុង​ដាម៉ាស​ ប្រទេស​ស៊ីរីហើយ។ ​​បេសកកម្ម​ការងារ​របស់​ពួកគេ គឺដើម្បី​កំណត់​ថា តើ​អាវុធមាន​ជាតិ​​គីមី​ពិត​ជា​ត្រូវ​គេ​បាន​ប្រើ​ នៅ​ក្នុង​ការ​វាយប្រហារ​កន្លងមក​ដែររឺទេ។ គួរ​បញ្ជាក់ថា បារាំង​ អង់គ្លេស និង​អាមេរិក ធា្លប់​បាន​សន្និដ្ឋាន​ថា អាវុធ​ជាតិគីមី ត្រូវ​បាន​គេប្រើ​ជាច្រើន​ដង​រួច​មក​ហើយ នៅ​ក្នុង​ប្រទេស​នេះ។

ក្រុម ​ជំនាញការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​គ្នា​ជាង​២០នាក់ នោះ ដឹកនាំ​ដោយ​អ្នកវិទ្យាសាស្ត្រ​ជនជាតិ​ស៊ុយអែដ ឈ្មោះ​ អាកេ សេលស្ត្រុម។ ពួក​គេ​បាន​ធ្វើដំណើរ​មក​ប្រទេស​ស៊ីរី ក្នុង​គោលបំណង​ចង់ដឹង​ថា តើ​ក្នុង​ការប្រយុទ្ធ​រវាង​រដ្ឋាភិបាល​ស៊ីរី និង​ក្រុមឧទ្ទាម​កន្លងមក មាន​ប្រើប្រាស់​អាវុធ​ជាតិគីមី ដែរ​រឺទេ។ ប៉ុន្តែ​ បេសកកម្ម​ក្រុម​អ្នកស៊ើបអង្កេត​ទាំង​នេះ គ្មាន​ទិសដៅ​ស្វែង​​រក​មុខ​អ្នកទទួលខុសត្រូវ​ដែល​ប្រើអាវុធគីមី​ទាំងអស់​ នោះទេ។

គួរ​រំលឹកថា រដ្ឋាភិបាល​លោក​អាសាដ និង​ក្រុម​ឧទ្ទាម​តែង​តែ​ចោទគ្នា​ទៅវិញទៅមក​ថា បាន​ប្រើអាវុធគីមី​ក្នុង​ការ​វាយប្រហារ​កន្លងមក។ កាលពី​ខែ​កក្កដា ឆ្នាំ​២០១២ រដ្ឋាភិបាល​ស៊ីរី​ធ្លាប់​បាន​ទទួលស្គាល់ជា​លើកទី​១​​ថា ខ្លួន​មាន​អាវុធ​ជាតិគីមី ហើយ​បាន​គំរាម​ថា នឹង​ប្រើប្រាស់​វា ប្រសិន​បើ​មាន​អន្តរាគមន៍​យោធា ពី​បណ្តា​បស្ចិមប្រទេស។ ប៉ុន្តែ រដ្ឋាភិបាល​ស៊ីរី​បាន​បញ្ជាក់​ថា មិនយក​​អាវុធទាំងនេះ ទៅ​​វាយប្រហារ​​​​ប្រជាជន​ខ្លួន​ឡើយ។

បណ្តា​បស្ចិម​ប្រទេសដូច​ជា​ បារាំង​ អង់គ្លេស​ អាមេរិក ធ្លាប់​បាន​សន្និដ្ឋាន​ថា អាវុធគីមី​ត្រូវ​បាន​​ប្រើប្រាស់​ជាច្រើន​លើកច្រើនសារ​ ក្នុង​ការ​ប្រយុទ្ធ​​រវាង​​កងទ័ព​ស៊ីរី​និង​ក្រុម​ឧទ្ទាម។ គេ​គ្រាន់​តែ​អាច ​​ស្មាន​ថា​ ​​ឃ្លាំង​អាវុធគីមី​នៅ​ស៊ីរី​គឺជា​​ឃ្លាំង​សំខាន់​បំផុត​មួយ​ នៅ​មជ្ឍិមបូព៌ា​តែ​ប៉ុណ្ណោះ​។ គ្មាន​​តួលេខ​ជា​សាធារណៈ​ណាមួយ​ដែលអាច​បញ្ជាក់​ពីបញ្ហា​នេះ​នោះទេ។

គួរ​បញ្ជាក់​ថា ស៊ីរី​​​មិន​បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​ហាមឃាត់​អាវុធ​ គីមី ហើយ​ក៏​មិនមែន​ជា​សមាជិក​នៃ​អង្គការ​ទទួលបន្ទុក​ត្រួតពិនិត្យ​ការ​ ប្រើប្រាស់​អាវុធ​នេះផងដែរ។ យោងតាម​អង្គការ​ឯករាជ្យ​មួយ​​ដែល​បាន​ធ្វើការ​លើ​ទិន្នន័យ​ស្តីពី​​​​អាវុធ​ ប្រល័យលោក ​ប្រទេស​ស៊ីរី​​បាន​ចាប់ផ្តើម​កម្មវិធី​គីមី​របស់​ខ្លួន​នៅ​ទស្សវត្សរ​ឆ្នាំ ​១៩៧០ ដោយ​មាន​ជំនួយ​ពី​អេហ្ស៊ីប និង​សហភាព​សូវៀត។ ហើយ​បន្ទាប់​មក​ទៀត មាន​រុស្ស៊ី និង​អ៊ីរ៉ង់​ បាន​បន្ត​ជួយ​ជ្រោមជ្រែង។

អ្នកវិទ្យា​សាស្ត្រ​ស៊ីរី​បាន​ទទួលជោគជ័យ​ក្នុង​ការ​​គ្រប់គ្រង​សំយោគ​ ធាតុផ្សំ​ផូស្វរ និង​កាបូន​។ ធាតុ​ផូស្វរ​និង​កាបូន​ដែល​​លាយ​ចូលគ្នានេះ គឺ​ជា​អាវុធ​គីមី​ជំនាន់​ក្រោយ​គេ ហើយ​​ជា​អាវុធ​គីមីដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាងគេ និង​ពុល​ខ្លាំង​ជាងគេបំផុត ក្នុង​ចំណោម​អាវុធ​គីមី​ដទៃ​ទៀត៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close