តុលាការ​ភូមា​នឹង​កាត់ទោស​អ្នក​កាន់​ពុទ្ធសាសនា​៦នាក់​ពីបទ​បាន​សម្លាប់​អ្នក​កាន់​សាសនា​អ៊ីស្លាម​

តុលាការ​ភូមា​នឹង​កាត់ទោស​អ្នកកាន់​​ ពុទ្ធសាសនា​៦នាក់​​ ពីបទ​​​បាន​​បង្ក​អោយ​​អ្នកកាន់​សាសនា​អ៊ីស្លាម​​១០​នាក់​ បាត់​បង់ជីវិត កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១២ កន្លងទៅ។ នៅ​​ថ្ងៃ​ព្រហស្បតិ៍​នេះ យោងតាម​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ស្រុក​ មួយរូប សវនាការ​​កាត់ទោស​ ប្រហែល​ជា​​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃ​២៦​សីហា​ ខាងមុខ​នេះ។ គួររំលឹក​ថា នៅ​ក្នុង​រដ្ឋរ៉ាក់ឃីន កាល​ពីខែ​មិថុនា ​ឆ្នាំ​២០១២ អ្នកកាន់ពុទ្ធ​សាសនា​​ទាំង​៦រូប​នេះ​​ រួម​ជាមួយ​អ្នក​កាន់​ពុទ្ធ​សាសនា​រាប់រយនាក់​ទៀត នៃ​សហគមន៍​ជនជាតិភាគតិច​​រ៉ាក់ឃីន​ ​បាន​នាំគ្នា​វាយប្រហារ​​​រថយន្តក្រុង​​​មួយគ្រឿង ដឹក​អ្នកដំណើរ​កាន់សាសនា​អ៊ីស្លាម​ បណ្តាល​​អោយ​ស្លាប់​អ្នកដំណើរ​១០​នាក់។

កាល ​ពី​ខែ​មិថុនា ឆ្នាំ​២០១២ មូលហេតុ​ដែល​អ្នកកាន់​ពុទ្ធសាសនា​រាប់រយនាក់​ បាន​នាំគ្នា​​ធ្វើការ​វាយប្រហារ​​រថយន្ត​ក្រុង​ដែល​ដឹកអ្នកដំណើរ​កាន់សាសនា​ អ៊ីស្លាមនោះ​ គឺ​ដើម្បី​ស្វែង​រក​ជនដៃដល់​​នានា​ ដែល​កាលពី​ប៉ុន្មាន​ថ្ងៃ​​មុន​ហេតុការណ៍​នេះ ​បាន​​រំលោភ​ និង​សម្លាប់​​យុវនារី​កាន់ពុទ្ធសាសនា​​មួយរូប នៅ​រដ្ឋរ៉ាក់ឃីន។ អ្វី​ដែល​ខុស​ធ្ងន់នោះ​ គឺ​ថាការវាយប្រហារ​រថយន្ត​ក្រុង​នេះ​ បាន​សម្លាប់​​អ្នកកាន់​សាសនា​អ៊ីស្លាម​១០​រូប ដែល​​មើលទៅ​គឺ​ជា​ជន​ស្លូតត្រង់​សុទ្ធសាធ។

បុរស​៦រូប ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម ត្រូវ​បាន​ចាប់​ខ្លួន​ កាលពី​ខែកក្កដា។ យោងតាម​អ្នកទទួល​ខុសត្រូវ​ក្នុង​ស្រុក​មួយរូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ តុលាការ​​ភូមា​​ប្រហែល​ជា​នឹង​បើកសវនាកា​​រ​នៅ​ថ្ងៃ​ទី​២៦​សីហា​ខាងមុខ​ នេះហើយ ដើម្បី​កាត់ទោស​ឧក្រិដ្ឋជន​ជាប់សង្ស័យទាំងនេះ។

គួរ​រំលឹក​ថា បន្ទាប់​ពី​មាន​ហេតុការណ៍​​វាយប្រហារ​រថយន្ត​ក្រុង​នោះ​​មក មាន​ការ​ផ្ទុះ​នូវ​អំពើ​ហិង្សាជាច្រើន​ ​រវាង​សហគមន៍​​ជនជាតិ​ភាគតិច​​រ៉ាក់ឃីន និង​អ្នក​​កាន់សាសនា​អ៊ីស្លាម​រ៉ូហ៊ីងយ៉ាស នៅ​ទីក្រុង​​ស៊ីតវេ ដែល​ជា​រដ្ឋធានី​នៃ​រដ្ឋរ៉ាក់ឃីន។ ហើយ​អំពើ​ហិង្សា​រវាង​ភាគី​ទាំងពីរ​បាន​ផ្ទុះ​ជាថ្មី​ម្តងទៀត នៅ​ខែ​តុលា ឆ្នាំ​២០១២។

សរុប​ទៅ​ អំពោះ​ហិង្សា​បាន​សម្លាប់​មនុស្ស​ជាង​២០០នាក់ និង​ធ្វើ​អោយ​មាន​មនុស្ស​១៤ម៉ឺន​នាក់​​​ទៀត​ភៀសខ្លួន ភាគច្រើន គឺ​ជា​​​អ្នកកាន់​សាសនា​អ៊ីស្លាម​​​​​រ៉ូហ៊ីងយ៉ាស​តែម្តង។ នៅ​ភូមា អំពើ​ហិង្សា​នៅ​រដ្ឋរ៉ាក់ឃីន​​ក៏បាន​រាលដាល​ដល់​តំបន់​ផ្សេងៗទៀត វាយប្រហារ​ទៅលើ​ប្រជាជនភូមា​ដែល​កាន់សាសនា​អ៊ីស្លាម​ផងដែរ។ ​

ហេតុការណ៍​ទាំងអស់​នេះ ស​បង្ហាញ​ពី​ការ​រើសអើងអ្នក​កាន់ពុទ្ធ​សាសនា​ ទៅ​លើ​​អ្នកកាន់​សាសនា​អ៊ីស្លាម​ ដែល​មាន​ប្រមាណ​ជា​៤ភាគរយ ក្នុង​ចំណោម​ប្រជាជន​សរុប​​ ជាង​៥៤លានកន្លះ នៅភូមា។ ហើយ​ក៏​បាន​ចោទជាសំនួរផងដែរ​ លើ​សមត្ថភាពដឹកនាំ​​របស់​​រដ្ឋាភិបាល​ភូមា​ថ្មី ដែល​ជា​រដ្ឋាភិបាល​កំណែទម្រង់​៕ដោយ ព្រំ សឿន សូលីណា​(RFI)

Related Articles

Back to top button
Close
Close