អូស្រ្ដាលី​កោះ​ហៅ​ឯក​អគ្គរដ្ឋ​ទូត​អេហ្ស៊ីប​ឲ្យ​ចូល​បំភ្លឺ

ប្រទេស​អូស្រ្ដាលី​បាន​កោះ​ហៅ​ឯក​ អគ្គ​រដ្ឋ​ ទូត​អេហ្ស៊ីប​ប្រចាំ​អូស្រ្ដាលី ​ឲ្យ​ចូល​ជួប​នៅ​ក្រសួង​ការ​បរទេស​អូស្រ្ដាលី​នៅ​ក្រុង​ខេនបេរ៉ា។

លោកស្រី ​ Gillian Bird អនុលេខាធិការ​នៃ​ក្រសួង​ការ​បរទេស​អូស្រ្ដាលី​នឹង​សម្ដែង​នូវ​កង្វល់​នានា​ របស់​អូស្រ្ដាលី​ជុំវិញ​មរណភាព​ពល​រដ្ឋ​អេហ្ស៊ីប​រាប់​រយ​នាក់​ដែល​បាន​ ស្លាប់​​នៅ​ក្នុង​អំឡុង​ពេល​រុះ​រើ​ជំរំ​របស់​ក្រុម​អ្នក​ធ្វើ​បាតុកម្ម។

កាល ​ពី​ព្រឹក​មិញ​នេះ ប្រទេស​អូស្រ្ដាលី, អង់គ្លេស និង​បារាំង​បាន​ស្នើ​ឲ្យ​មាន​ការ​បើក​សម័យ​ប្រជុំ​គ្រា​អាសន្ន​មួយ​នៅ​ក្នុង ​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជា​ជាតិ។ ក្រុម​ប្រឹក្សា​សន្ដិសុខ​បាន​ទទូច​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​នៅ​ក្នុង​ប្រទេស ​អេហ្ស៊ីប​បញ្ចប់​អំពើ​ហិង្សា​ និង​ធ្វើ​ការ​អត់​ធ្មត់​ទាំង​សង​ខាង​​ឲ្យ​បាន​ខ្លាំង​មែនទែន​។

នៅ​ ក្នុង​គ្រា​នេះ​ដែរ អ្នក​ជំនាញ​អូស្រ្ដាលី​អំពី​កិច្ច​ការ​អេហ្ស៊ីប​និយាយ​ថា ការ​កប់​សាក​សព​របស់​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការ​បង្រ្កាប​របស់​ក្រុម ​យោធា​លើ​បាតុករ​អាច​នឹង​បញ្ឆេះ​ឲ្យ​មាន​អំពើ​ហិង្សា​កាន់​តែ​ធ្ងន់​ធ្ងរ។

ចំនួន ​មរណភាព​នៅ​ក្នុង​ការ​បង្រ្កាប​នៅ​ក្រុង​គែរ៍​នេះ បាន​ឡើង​ដល់​ជាង​៦០០នាក់​ហើយ។ លោក Ben Macqueen ពី​មហាវិទ្យា​ល័យ​នយោបាយ​នៃ​សកល​វិទ្យា​ល័យ​ Monash ក្នុង​ក្រុង​មែលប៊ិន​ឲ្យ​ដឹង​ថា មានការ​បិទ​ក្រុង​ធំៗ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​ ហើយ​ការ​គ្រប់​គ្រង​ពី​របប​យោធា​ទំនង​ជា​នឹង​បន្ដ​នៅ​​ពេល​ច្រើន​ខែ​ទៅ​មុខ​ ទៀត។

ប្រធានាធិបតី​អាម៉េរិក​លោក Barack Obama បាន​លប់​ចោល​ផែន​ការ​សម​យុទ្ធ​យោធា​រួម​ជា​មួយ​នឹង​អេហ្ស៊ីប​ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្រ្កាប​ហិង្សា​របស់​យោធា​អេហ្ស៊ីប។ លោក Barack Obama បាន​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ បណ្ដោះ​អាសន្ន​ និង​កង​សន្ដិសុខ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។ លោក​បន្ដ​ឲ្យ​ដឹង​ថា លោក​មាន​កង្វល់​ចំពោះ​ស្ថានការណ៍​នៅ​អេហ្ស៊ីប​ ហើយ​ថា ពល​រដ្ឋ​អេហ្ស៊ីប​គួរ​តែ​បានទទួល​នូវ​ភាព​​ប្រសើរ​ជាង​នេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close