ចំនួន​អ្នក​ស្លាប់​ដោយ​ការ​​បង្ក្រាប​​បង្ហូរ​​ឈាម​​នៅ​​អេហ្ស៊ីបកើនឡើង​ដល់ ៤៦៤នាក់

ចំនួន​មនុស្ស​​ស្លាប់ ក្នុងការ​បង្រ្កាប​ បាតុកម្ម​នៅ​អេហ្ស៊ីប ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​ បាន​កើនឡើង​ដល់ ៤៦៤នាក់។ នេះ​បើ​យោ​ង​​តាម​តួលេខ​ផ្លូវការ​របស់​អាជ្ញាធរ ប៉ុន្តែ ក្រុម​ភាតរ​អ៊ីស្លាម​បានប្រកាស​ចំនួន​អ្នកស្លាប់​រហូតដល់ ២ ២០០ នាក់ និង​អ្នករបួស ជាង ១ម៉ឺន​នាក់។ អំពើហិង្សា​បង្ហូរ​​ឈាម​នេះ​បានទទួល​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​សហគមន៍​ អន្តរជាតិ។

បើ​យោងតាម​តួលេខ​របស់​ អាជ្ញាធរ ជន​ស៊ីវិល ៤២១ នាក់ និង​ភ្នាក់ងារ​ប៉ូលិស ៤៣ នាក់​បាន​ស្លាប់​នៅក្នុង​ថ្លុកឈាម​នៅក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ ហិង្សា​ កាលពី​ថ្ងៃ​ពុធ។ សាកសព​បាន​ស្លាប់​រដូករណែល​នៅ​ពាសពេញ​ទីលាន​ដែល​ក្រុមបាតុករ​បោះទីតាំង។ ក្រុម​ភាតរ​អ៊ីស្លាម​ដែល​គាំទ្រ​លោក​មហាម៉េដ ម៉​រ​ស៊ី​ បានប្រកាស​តួលេខ​អ្នកស្លាប់​រហូតដល់ ២ ២០០ នាក់ និង​អ្នករបួស​ជាង ១ម៉ឺន​នាក់។ អ្នកស្លាប់​ទាំងនោះ​សុទ្ធតែ​ត្រូវ​គ្រាប់កាំភ្លើង​ក្នុងនោះ​ក៏មាន​កុមារ​ ផងដែរ។

ប្រឈមមុខ​នឹង​ស្ថានការណ៍​នេះ លោក Mohamed ElBaradei ជ័យលាភី​ពានរង្វាន់ ណូបែល​សន្តិភាព បាន​លាឈប់​ពីមុខ​តំណែង​ជា​អនុ​ប្រធានាធិបតី​ ដោយសារតែ​លោក​មិន​យល់ស្រប​ ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​ ដែល​សម្រេចចិត្ត​បង្ក្រាប​ក្រុមបាតុករ​ ធ្វើ​ឲ្យ​កើត​អំពើហិង្សា​យ៉ាង​បង្ហូរ​​ឈាម​បែបនេះ។

បន្ទាប់ពី​អំពើហិង្សា​នេះ​បាន​កើតឡើង អាជ្ញាធរ​បានប្រកាស​ដា​ក់​ប្រទេស​ទៅក្នុង​ភាពអាសន្ន និង​បានដាក់​បម្រាម​គោចរ​នៅ​ទីក្រុង​គែរ និង​ក្នុង​ទីក្រុង​និង​ខេត្ត​មួយចំនួនទៀត។ ក្រោយពី​បម្រាម​គោចរ​ចូល​ជា​ធរមាន ស្ថានភាព​ស្ងប់ស្ងាត់​បាន​វិល​មកវិញបណ្តើរៗហើយ។ ប៉ុន្តែភាព ស្ងប់ស្ងាត់​នេះ​ត្រូវគេ​មើលឃើញថា ប្រហែល​ជាមាន​រយៈពេល​ខ្លី​តែប៉ុណ្ណោះ។

ក្រុម​ភាតរ​អ៊ីស្លាម​បាន​អំពាវនាវ​ឲ្យ​មាន​មហា​បាតុកម្ម​ជាថ្មី ខណៈដែល​ក្រុម​សមត្ថកិច្ច​ប្តេជ្ញា​មិន​ឲ្យ​ពួក​បាតុករ​ចូលមក​បោះជំរំ​​ សារជាថ្មី​បាន​ទៀតឡើយ។ សហគមន៍​អន្តរជាតិ​ដែល​បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុង​ ការបញ្ចៀស​អំពើហិង្សា​ បាននាំគ្នា​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​កា​រប​ង្ហ្រា​ ប​របស់​អាជ្ញាធរ​អេ​ហ្ស៊ី​ប។ ពី​ទីក្រុង​វ៉ាស៊ីនតោន លោក ច​ន ឃែ​រី រដ្ឋមន្ត្រីការបរទេស​អាមេរិក ​បាន​ថ្កោលទោស​អំពើហិង្សា​បង្ហូ​រ​ឈាម​នេះ ខណៈដែល​លោកស្រី Catherine Ashton ប្រមុខ​ការទូត​សហភាព​អឺរ៉ុប​បានស្នើ​ឲ្យ​ដកចេញ​នូវ​បម្រាម​គោចរ​ក្នុងប្រទេស ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន។

ទីក្រុង​ប៉ារីស​ឯណោះ​វិញ បាន​អំពាវនាវ​ឲ្យ​ប​ញ្ឈ​ប់​ការបង្ក្រាប​នេះ​ជាបន្ទាន់។ លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​ក៏បាន​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ ដែរ​ ចំពោះ​អំពើហិង្សា​នេះ។ ប្រទេស​តួ​គី និង​អ៊ីរ៉ង់​ព្រមទាំង​ពួក​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន ​ដែល​គាំទ្រ​លោកម៉រស៊ី​ វិញ បាន​ហៅ​ព្រឹត្តិការណ៍​នេះ ​ថា​ជាការ​សម្លាប់​មនុស្ស​យ៉ាង​រង្គាល ​ខណៈដែល​ ទីក្រុង​ប៊ែ​រ​ឡាំង​បាន​អំពាវនាវ​​​ឲ្យ​មាន​ភាពស្ងប់ស្ងាត់​នៅក្នុង​ប្រទេស​ អេ​ហ្ស៊ី​ប។

សូមបញ្ជាក់ថា ចាប់តាំងពី​ការទម្លាក់​លោក មហា​ម៉េ​ដ ម៉​រ​ស៊ី ចេញពី​តំណែង​ដោយ​ពួកយោធា​កាលពីដើម​ខែកក្កដា​មក អំពើហិង្សា​ជា​បន្តបន្ទាប់​បានសម្លាប់​មនុស្ស ២៥០ នាក់​រួចហើយ។ ជនរងគ្រោះ​គឺ​ក្រុម​ភាតរ​អ៊ីស្លាម​ដែល​គាំទ្រ​អតីត​ប្រធានាធិបតី ម៉​រ​ស៊ី៕ដោយ ប៉ែន បូណា (RFI)

Related Articles

Back to top button
Close
Close