យោធាBradley Manning ធ្វើការសុំទោសនូវទង្វើនាំអោយលេចធ្លាយឯកសារសំងាត់អាមេរិក
នៅថ្ងៃពុធម្សិលមិញនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងតុលាការយោធាអាមេរិក ដាក់ទោស Bradley Manning ពីបទរំលោភច្បាប់ទាក់ទងការស៊ើបការ និងការលួចឯកសារសំងាត់យោធា និងការទូតអាមេរិកនោះ Bradley Manning បានសំដែងការសុំទោសចំពោះទង្វើខ្លួន ហើយបានសំដែងការសោកស្តាយដោយទង្វើទាំងនេះ បានប៉ះពាល់បណ្តាជននានា ពិសេសសហរដ្ឋអាមេរិកតែម្តង។ គួររំលឹកថា ដោយសារការបង្កអោយមានការលេចធ្លាយឯកសារស៊ើបការសំងាត់អាមេរិក យោធាអាយុ២៥ឆ្នាំ រូបនេះ អាចជាប់ទោសជាប់ពន្ធនាគាររហូតដល់៩០ឆ្នាំ។
ជនជាប់ចោទ Bradley Manning អាយុ២៥ឆ្នាំ តែងបានទទួលស្គាល់ និងសារភាពថា ខ្លួនបានផ្តល់ឯកសារយោធា និងការទូតអាមេរិក ប្រមាណ៧០ម៉ឺនច្បាប់ អោយគេហទំព័រអូស្ត្រាលី WikiLeaks ធ្វើការចុះផ្សាយ។ ប៉ុន្តែ បានបដិសេធដាច់អហង្កាថា គ្មានបំណងព្យាបាទសហរដ្ឋអាមេរិកនោះទេ។ Bradley Manning គ្រាន់តែចង់អោយមានការជជែកវែកញែកគ្នា នៅទូទាំងពិភពលោក ទាក់ទងនឹងខ្លឹមសារនៃឯកសារទាំងនេះប៉ុណ្ណោះ។
នៅថ្ងៃ ពុធនេះ នៅប៉ុន្មានថ្ងៃ មុននឹងចៅក្រមយោធាអាមេរិក លោកស្រី Denise Lind សំរេចដាក់ទោស ថាតើ Bradley Manning ត្រូវជាប់ពន្ធនាគារប៉ុន្មានឆ្នាំនោះ យុវជនយោធារូបនេះ បានសុំទោស និងបង្ហាញការសោកស្តាយ នូវទង្វើអចេតនារបស់ខ្លួន។ Bradley Manning ប្រាប់ថា ខ្លួនមិនបានគិតដិតដល់ពីផលវិបាកដែលបង្កឡើងដោយសារការនាំអោយ លេចធ្លាយឯកសារសំងាត់នោះទេ។ តាមរយៈការសុំទោសនេះ Bradley Manning ព្យាយាមជំរុញតុលាការយោធា អោយបន្ធូរបន្ថយទោសដល់ខ្លួន។ គិតតាំងពីថ្ងៃបើកសវនាកាកាត់ក្តី កាលពីថ្ងៃ៣មិថុនាមក នេះជាលើកទីមួយហើយ ដែលយោធារូបនេះ បានសុំទោសចំពោះទង្វើខ្លួន។
គួររំលឹកថា Bradley Manning មានទោស ក្នុងបទចោទប្រកាន់ ពី២០ទៅ២២ ស្តីពីការរំលោភច្បាប់ទាក់ទងការស៊ើបការ និងការលួចឯកសារសំងាត់យោធា និងការទូតអាមេរិក។ កាលពីចុងខែកក្កដា កន្លងទៅ តុលាការយោធាអាមេរិក បានសំរេចអោយ Bradley Manning រួចពីបទចោទប្រកាន់ថា បានឃុបឃិតជាមួយសត្រូវ ជាពិសេសក្រុមឧទ្ទាមអាល់កៃដា។ យោធារូបនេះ អាចជាប់ពន្ធនាគាររយៈពេល៩០ឆ្នាំ។ ចៅក្រម Denise Lind អាចនឹងសំរេចដាក់ទោស Bradley Manning យ៉ាងឆាប់បំផុត នៅសប្តាហ៍ក្រោយ៕ដោយ ព្រំ សឿន សូលីណា (RFI)