កំណើន​សេដ្ឋកិច្ច​ជប៉ុន​យឺតយ៉ាវ​០,៦ភាគរយ​ ចន្លោះ​ខែ​មេសា​ ដល់​ខែ​មិថុនា​ ឆ្នាំ​២០១៣​

នៅថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​ចេញ​​ស្ថិតិ​មួយ​បង្ហាញ​ថា កំណើន​សេដ្ឋកិច្ច​ជប៉ុន​មាន​ការ​​​យឺត​យ៉ាវ​០,៦ភាគរយ ក្នុង​ចន្លោះ​ខែ​មេសា ដល់​ខែ​មិថុនា ឆ្នាំ​២០១៣​នេះ។ ផ្ទុយទៅវិញ​ ការយឺតយ៉ាវ​នៃ​កំណើន​នេះ​ ជា​ការ​​លើកទឹកចិត្ត​​​​ដល់​រដ្ឋាភិបាល​ប្រធានាធិបតី​អាបេ ​ដែល​​កំពុង​ធ្វើ​កំណែ​ទម្រង់​ជាច្រើន​ ​ជំរុញ​សំទុះ​សេដ្ឋកិច្ច​ជាតិ។

កាលពី ​ឆ្នាំ​២០១២​កន្លងទៅ កំណើន​សេដ្ឋកិច្ច​​ជប៉ុន​មាន​ការ​ថមថយ​ សំរាប់​​កំឡុង​ដើម​ឆ្នាំ និង​កំឡុង​រដូវ​ក្តៅ​​។ ប៉ុន្តែ​​ នៅ​ចុងឆ្នាំ​២០១២​វិញ កំណើន​សេដ្ឋកិច្ច​បាន​ចាប់​ស្ទុះ​ឡើងវិញ មុន​នឹង​ផលិតផល​សរុប​ក្នុង​ស្រុក​ឈាន​ដល់​កម្រិត​០,៩ភាគរយ នៅ​​​ដើម​ឆ្នាំ​២០១៣។

ដូច្នេះ នៅ​ថ្ងៃ​ចន្ទ​នេះ ការ​បង្ហាញ​ពី​ភាព​យឺតយ៉ាវ​នៃ​កំណើន​សេដ្ឋកិច្ច​​កម្រិត​ ០,៦ភាគរយ គិត​ចាប់​ពី​ខែ​មេសា ដល់​ខែ​មិថុនា​ ឆ្នាំ​២០១៣ បាន​​ធ្វើ​អោយ​​​អ្នកវិភាគ​នានា​​​មាន​ការ​ខក​ចិត្ត​ទៅវិញ ថ្វីដ្បិត​តែ​ផលិតផល​សរុប​ក្នុង​ស្រុក​ជប៉ុន​ ស្ទុះ​លឿនជាង​ផលិតផល​សរុបក្នុង​ស្រុក​របស់​សហរដ្ឋអាមេរិក​​ក៏ដោយចុះ។ ការ​នាំចេញ​​រថយន្ត​ជប៉ុន​ទៅ​ទីផ្សារ​អាមេរិក​ បាន​ជួយ​អោយ​​ឧស្សាហកម្ម​ក្នុងស្រុក​​​មាន​សកម្ម​ភាព​។ ប៉ុន្តែ​នៅ​ដើម​ឆ្នាំ២០១៣ ​កន្លង​មក សកម្មភាព​នេះ​បាន​ថយចុះ​បន្តិច​ទៅវិញ។ ដោយសារ​ការ​ធ្លាក់ចុះ​ថ្លៃប្រាក់​​យេន និង​​តំរូវការ​​ឧស្ម័នធម្មជាតិ​​ខ្ពស់ បន្ទាប់​ពីជប៉ុន​ជាប់គាំង​​ដោយសារ​​បញ្ហា​​​នុយក្លេអ៊ែរ​នៅ​ហ្វ៊ូគូស៊ីម៉ា​ មក​នោះ ការ​នាំចូល​ក្នុង​ស្រុក​បាន​កើនឡើង ធ្វើអោយ​សកម្មភាព​ឧស្សាហកម្ម​​​ជប៉ុន​ថមថយ។ ជាង​នេះ​ដែរ ដំណើរ​ការវិនិយោគ​សហគ្រាស​ និង​អចលនវត្ថុ​​ផ្ទះសំបែង​​ មាន​ការ​រាំងស្ទះ ជា​មូលហេតុ​​សំខាន់​នាំអោយ​​កំណើន​សេដ្ឋកិច្ច​​យឺតយ៉ាវ។

ផ្ទុយទៅវិញ សំរាប់​​ក្រសួង​សេដ្ឋកិច្ច​ជប៉ុន ការយឺតយ៉ាវ​កំណើន​​​ក្នុង​កម្រិត​០,៦ភាគរយ​ បង្ហាញ​ថា​កំណើន​សេដ្ឋកិច្ច​ជប៉ុន​ស្ថិត​នៅក្នុង​កម្រិត​រឹងមាំ​ ហើយ​ភាព​រឹងមាំ​នេះ គឺ​កើតចេញ​ពី​គំរោង​​សេដ្ឋកិច្ច​របស់​ប្រធានា ធិបតីអាបេ។ តាំង​ពី​ឡើងកាន់​អំណាច​ នៅ​ខែ​ធ្នូ​ ឆ្នាំ​២០១២​មក រដ្ឋាភិបាលលោក អាបេ បាន​អនុវត្ត​កំណែ​ទម្រង់សេដ្ឋកិច្ច​ជាច្រើន​ ដោយ​​​ធ្វើការ​បន្ធូរបន្ថយ​នយោបាយ​​រូបិយវត្ថុ​​​​​ធនាគារ​ជប៉ុន​ ព្រមទាំង​​ចាយវាយ​ថវិកា​ប្រចាំឆ្នាំ​ ជាង​៤០​ពាន់លានដុល្លារ​​​ សំរាប់​ការងារសាធារណៈ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close