នាយករដ្ឋមន្ត្រីអូស្ត្រាលីស្វាគមន៍កិច្ចពិភាក្សាតទល់ជាមួយបក្សប្រឆាំង
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Kevin Rudd បានមានប្រសាសន៍ថា លោកសប្បាយចិត្តក្នុងការចូលរួមធ្វើការពិភាក្សា និងជជែកវែកញែកជាមួយលោក Tony Abbott ម្តងទៀត បើមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវទៅលើភាគីទាំងពីរ។
លោក Abbott បានយល់ស្របធ្វើការពិភាក្សាវែកញែកតាមបណ្តាញទូរទស្សន៍ Sky នៅសប្តាហ៍ក្រោយនេះ ដែលក្នុងការពិភាក្សានេះអ្នកបោះឆ្នោតដែលមិនទាន់ធ្វើការសម្រេច ចិត្តនៅឡើយអាចលើកជាសំណួរផ្សេងៗបាន។
ចំណែកលោករ៉ាដ ក៏បានជំរុញឲ្យបណ្តាញទូរទស្សន៍នីមួយៗរៀបចំធ្វើជាម្ចាស់កម្មវិធី នៅក្នុងកិច្ចពិភាក្សាវែកញែករបស់ខ្លួនផងដែរដើម្បីបង្ហាញដល់ អ្នកបោះឆ្នោត ប៉ុន្តែលោកមានប្រសាសន៍ថាលោកមិនទាន់សម្រេចចិត្តថាតើនឹងចូលរួម កិច្ចពិភាក្សាក្នុងសប្តាហ៍ក្រោយ ឬយ៉ាងណានោះទេ។
លោក បានមានប្រសាសន៍យ៉ាងដូច្នេះថា វាអាស្រ័យទៅលើបទបញ្ជា ហើយថាតើយើងបានពិនិត្យឲ្យបានល្អិតល្អន់ និងស្មោះត្រង់ទៅលើភាគីទាំងពីរឬទេ។
សូមបញ្ជាក់ ថា រៀងរាល់ការបោះឆ្នោតជ្រើសរើសសភានៅអូស្ត្រាលី បេក្ខជននាយករដ្ឋមន្ត្រីតែងតែចូលរួមវេទិកាពិភាក្សាជាមួយគ្នា ដើម្បីបង្ហាញពីគោលនយោបាយដល់អ្នកបោះឆ្នោតឲ្យគាំទ្រខ្លួន៕ (Radio Australia)