រដ្ឋាភិបាលមិនមានគោលការណ៍គ្រប់គ្រង ហ្វេសប៊ុក ទេ
ភ្នំពេញ៖ បើទោះបីជាបណ្តាញសង្គម ហ្វេសប៊ុក បាននិងកំពុងធ្វើការរិះគន់វាយប្រហាររដ្ឋាភិបាល កាន់តែខ្លាំងឡើងៗចាប់តាំងពីមុនពេលបោះឆ្នោតយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលមិនមានគោលការណ៍ដើម្បីរឹតបន្តឹង ឬបង្កើតច្បាប់គ្រប់គ្រងការប្រើប្រាស់បណ្តាញសង្គមដ៏ពេញនិយមមួយ នេះនៅឡើយនោះទេ។
ក្នុងពិធីចែកសញ្ញាបត្រដល់អ្នកសារព័ត៌មាន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្នុងអំឡុងពេលបោះឆ្នោត មានការប្រើ ហ្វេសប៊ុក អនាធិបតេយ្យជាច្រើន ដែលរួមមានទាំងការជេរបញ្ចោរគ្នា និងការកាត់តរូបភាពផ្សេងៗ ដូចជា រូបលោកក៏ត្រូវបានគេកាត់តដែរ។
លោកបានបញ្ជាក់ថា គេបង្កើត ហ្វេសប៊ុក គឺសម្រាប់កម្សាន្ត និងចែកព័ត៌មានគ្នា មិនមែនយកមកជេរគ្នានោះទេ។ ទោះយ៉ាងណា កន្លងមករដ្ឋាភិបាល ក៏មិនទាន់មានគម្រោងធ្វើច្បាប់ ដើម្បីគ្រប់គ្រងអ៊ីនធឺណិតនោះដែរ។
លោករដ្ឋមន្ត្រីបានលើកឡើងបន្តទៀតថា ការជេរតាមប្រព័ន្ធសង្គមមួយនេះ មិនមានច្រើនទៀតទេ បន្ទាប់ពីបោះឆ្នោតរួចមក ដែលជាបន្តបន្ទាប់ អ្នកប្រើ ហ្វេសប៊ុក បានចាប់ផ្តើមយល់ ហើយមានអ្នកខ្លះនាំគ្នាអំពាវនាវឲ្យបញ្ឈប់សកម្មភាពជេរបញ្ចោរ ឬបង្ហោះរូបកាត់ត តទៅទៀត។
លោក រដ្ឋមន្រ្តី បានចាត់ទុកព័ត៌មានក្នុងបណ្តាញ ហ្វេសប៊ុក ថាជាផលិតផលពាក់កណ្តាលសម្រេចដែលអ្នកលេងសរសេរពីចិត្ត ចំណង់របស់គេ ឬចែករំលែកព័ត៌មានគ្នាមើលប៉ុណ្ណោះ។ ប៉ុន្តែមិនមានអ្នកទទួលខុសត្រូវនោះទេ ព្រោះវាមានទំហំធំពេកដែលវាមិនដូចសារព័ត៌មានប្រពៃណីដូចជា កាសែត វិទ្យុ និងទូរទស្សន៍នោះឡើយ ដោយលោកបញ្ជាក់ថា កាសែត វិទ្យុ និង ទូរទស្សន៍ចេញផ្សាយព័ត៌មានខុសគឺគេត្រូវទទួលទោសចំពោះមុខច្បាប់៕ នាង/Cambodia News