គណៈ​បញ្ជា​ការ​សន្តិ​សុខ​អចិន្ត្រៃ​យ៍​សំ​រាប់​ការ​បោះ​ឆ្នោត​អំពាវ​នាវ​ឲ្យ​បន្ត​ភាព​ស្ងប់​ស្ងាត់​

ភ្នំ​ពេញ៖ នៅ​ថ្ងៃ​ចន្ទ ទី១២ ខែសីហា នេះ គណៈបញ្ជាការ ​សន្តិសុខ​អចិន្ត្រៃយ៍​សំរាប់​ការបោះឆ្នោត​ដែល​ដឹកនាំ​ដោយ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីអំពាវនាវ​ថ្មី ដល់​គណបក្សនយោ បាយ ពលរដ្ឋ អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ឲ្យ​បន្ត​រក្សា​ភាពស្ងប់ស្ងាត់​ដើម្បី​ជៀសវាង​នូវ​ការ​ប្រទូស្ត​រ៉ា​យ ជាយថាហេតុ​នានា។

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សំរាប់ការបោះឆ្នោត។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សំរាប់ការបោះឆ្នោត។

សេចក្តីអំពាវនាវ​នេះ​ធ្វើឡើង​ក្រោយពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បានប្រកាស​លទ្ធផល​ឆ្នោត​បណ្តោះអាសន្ន ដែល​ក្នុងនោះ​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍  បាន​សម្តែង​នូវ​ការខកចិត្ត​ចំពោះ​ការបដិសេធ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ក្នុងការ​ចូលរួម​ពិភាក្សា​អំពី​ការបង្កើត​គណៈកម្មការ​ពិ​សេសមួយ​សម្រាប់​ ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ភាពមិនប្រក្រតី​នា​អំឡុងពេល​នៃ​ការបោះឆ្នោត។

ស្ថាប័ន​ដែល​ស្ថិតនៅក្រោម​រដ្ឋាភិបាល​មួយ​នេះ បាន​បន្ទោស​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ថា បាន​ខិតខំ​ឃោសនា​អូសទាញ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ ប្រឆាំងនឹង​លទ្ធផល​នៃ​ការបោះឆ្នោត ដែលជា​ហេតុ​បង្កឡើង​នូវ​ការព្រួយបារម្ភ​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ។

នៅក្នុង​សេចក្តីអំពាវនាវ​របស់​ខ្លួន គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សំរាប់​ការបោះឆ្នោត បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​បន្ត​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​ប្រកប​របរ​ជាធម្មតា​ដើម្បី​ទុក​ឲ្យ គ.ជ.ប និង​គណបក្ស​ដែល​ទទួលបាន​អាសនៈ​ចរចា​គ្នា​ដោយ​សន្តិវិធី៕ Cambodia News

Related Articles

Back to top button
Close
Close