ក្រុងព្យុងយ៉ាងផ្តល់ការធានាមួយចំនួនដល់ក្រុងសេអ៊ូលដើម្បីបើកតំបន់ឧស្សាហកម្មកែស៊ុង
នៅថ្ងៃពុធនេះ កូរ៉េខាងជើងបានប្តូរឥរិយាបថថ្មីមួយទៀតហើយ គឺបានប្រកាសផ្តល់ការធានាមួយចំនួនដល់កូរ៉េខាងត្បូង ដើម្បីបញ្ចុះបញ្ចូលកូរ៉េខាងត្បូងអោយវិលមកកាន់តុចរចា ស្តីពីការបើកតំបន់ឧស្សាហកម្មកែស៊ុងអោយដំណើរការឡើងវិញ។ ការធានាទាំងនោះ មានដូចជាការផ្តល់ច្រកចូលទៅកាន់តំបន់កែស៊ុង ដល់សហគ្រាសកូរ៉េខាងត្បូង និងការធានាសុត្ថិភាពសន្តិសុខបុគ្គលិកការងារជូនជនជាតិ កូរ៉េខាងត្បូងផងដែរ។
សហគ្រាសកូរ៉េខាងត្បូងនឹងទទួលបានច្រកចូលទៅកាន់តំបន់ ឧស្សាហកម្មរួម កែស៊ុង មួយកន្លែង ហើយរដ្ឋាភិបាលកូរ៉េខាងជើងធានាការពារសុវត្ថិភាពបុគ្គលិក ការងារជនជាតិកូរ៉េខាងត្បូងផងដែរ។ នេះជាការធានារបស់ក្រុងព្យុងយ៉ាងដែលបានលើកឡើង នៅថ្ងៃពុធនេះ ដើម្បីជំរុញអោយក្រុងសេអ៊ូល ត្រលប់មកកាន់តុចរចាស្តីពីការបើកទ្វារតំបន់ឧស្សាហកម្មកែស៊ុង ឡើងវិញ។ ក្រុងព្យុងយ៉ាងក៏បានធានាផងដែរថា បុគ្គលិកការងារជនជាតិកូរ៉េខាងជើង នឹងមានវត្តមាននៅតំបន់ឧស្សាហកម្មកែស៊ុង ដែលជាតំបន់តំណាងការទូតរវាងកូរ៉េទាំងពីរ។
កូរ៉េខាងត្បូងបានឆ្លើយយល់ព្រមភ្លាមៗ ថាខ្លួនត្រៀមបើកការចរចាជាថ្មីម្តងទៀត ពីសំណុំរឿងកែស៊ុង ជាមួយកូរ៉េខាងជើង។ យោងតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ភាគីកូរ៉េទាំងពីរនឹងជួបគ្នាម្តងទៀត នៅថ្ងៃ១៤សីហាខាងមុខ។
ដោយឡែក នៅថ្ងៃពុធនេះដែរ ប្រធានសហគ្រាសកូរ៉េខាងត្បូង៥០០នាក់ បានបាតុកម្មទាមទារអោយតំបន់កែស៊ុងនេះបើកទ្វារឡើងវិញ។ រដ្ឋាភិបាលក្រុងសេអ៊ូលនឹងបង់ការខូចខាតជាទឹកប្រាក់ប្រមាណ១៨៨លាន អឺរ៉ូ អោយដល់សហគ្រាសខ្លួនចំនួន១២៣ ដែលបោះទីតាំងនៅតំបន់កែស៊ុង នៅកូរ៉េខាងជើង។ សហគ្រាសទាំងនេះបានឈប់ដំណើរការ តាំងពីខែមេសាមក ដោយសារតែក្រុងព្យុងយ៉ាងបិទទ្វារតំបន់នេះ។
ក្នុងកិច្ចចរចាកន្លងមក ក្រុងព្យុងយ៉ាងបានបដិសេធមិនសន្យាថា ខ្លួននឹងឈប់បិទទ្វារតំបន់នេះឡើយ។ នៅពេលដែលក្រុងសេអ៊ូល គិតថានឹងបិទការចរចាសំណុំរឿងកែស៊ុង ក្រុងព្យុងយ៉ាងបានព្រមានធ្វើវិនិយោគវិស័យយោធាជំនួសវិស័យ ឧស្សាហកម្ម នៅទីនោះ។ ប៉ុន្តែនៅថ្ងៃពុធនេះ ក្រុងព្យុងយ៉ាងបានថយមួយជំហានមកក្រោយវិញ។ តំបន់កែស៊ុង គឺជាប្រភពរូបិយប័ណ្ណបរទេស ជាក្តីសង្ឃឹមសេដ្ឋកិច្ចសំរាប់កូរ៉េខាងជើង ដែលស្ថិតនៅឯកោ ដោយសារតែរងទណ្ឌកម្មអង្គការសហប្រជាជាតិ។ ជនជាតិកូរ៉េខាងជើង ៥៣០០០នាក់ ធ្លាប់បានធ្វើការនៅតំបន់កែស៊ុង៕ដោយ ព្រំ សឿន សូលីណា (RFI)