ក្រសួង​មហាផ្ទៃ ប្រមាន​ សម រង្ស៊ី​​​ ​​ ឲ្យ​ទទួល​ខុស​ត្រូវ​​ចំពោះ​ការ​ធ្វើ​បាតុ​កម្ម​

ភ្នំ​ពេញ​៖ នៅ​ថ្ងៃ​ទី​០៨ ខែសីហា នេះ ​លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ ដោយ​ប្រាប់​​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​អំពី​ការ​ទទួល​ខុសត្រូវ​​ ចំពោះបាតុកម្ម ដែល​លោក សម រង្ស៊ី គ្រោង​នឹង​ដឹកនាំ​នៅ​ពេល​ខាង​មុខ ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​នោះ។

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

លោកឧបនាយករដ្ឋមន្រ្តី​​ ស ខេង បាន​គូស​បញ្ជាក់​ក្នុង​លិខិត​ថា ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ដើម្បី​ទាមទារ​តវ៉ា​លើ​បញ្ហា​ណា​មួយ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​អ្នក​ដឹកនាំ​បាតុកម្ម និង​បាតុករ​ត្រូវ​គោរព​នូវ​បទ​ប្បញ្ញត្តិ​នានា នៃ​ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។

លិខិត​បន្ត​ថា ក្នុង​ករណីការ​ធ្វើ​បាតុកម្ម​បាន​បង្ក​ឲ្យ​មា​ន​អំពើ​ហិង្សា ការ​បំផ្លិច​បំផ្លាញ​ដល់​សន្តិសុខ​ជាតិ ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ ឬ​ឯកជន និង​សណ្តាប់​ធ្នាប់​សាធារណៈ អ្នក​ដឹកនាំ​ធ្វើ​បាតុកម្ម និង​អ្នក​ប្រព្រឹត្ត​បទ​ល្មើស ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ អំពី​ផល​​វិបាក​នានា ដែល​កើត​ឡើង​ពីការ​ធ្វើ​បាតុកម្ម​នោះ។

គួរ​បញ្ជាក់​ដែរ​ថា ក្នុង​ឱកាស​ដែល​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ ចុះ​​ជួប​សំណេះ​សំណាល និង​ថ្លែង​អំណរ​គុណ​អ្នក​គាំទ្រ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ក៏​ដូច​ជា​នៅ​រាជធានី​ភ្នំពេញ លោក សម រង្ស៊ី បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូល​រួម​ធ្វើ​មហាបាតុកម្ម​តវ៉ា​ ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៥ ដែល​លោក​បាន​ចាត់ទុក​ថា មាន​ភាព​មិន​ប្រក្រតី និង​ក្លែង​បន្លំ។ ប៉ុន្តែ​កាល​បរិច្ឆេទ​ពិត​ប្រាកដ​នៃ​ការ​ធ្វើ​បាតុកម្ម​នោះ លោក សម រង្ស៊ី មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ៕ Cambodia News

Related Articles

Back to top button
Close
Close