ព្រះមហាក្សត្រ អំពាវនាវដល់គណបក្សធំទាំងពីរ បន្តដោះស្រាយបញ្ហាដោយសន្តិវិធី
ភ្នំពេញ៖ នៅក្នុងព្រះរាជសាររបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិនៅថ្ងៃទី០៧ ខែសីហានេះ មានព្រះរាជបន្ទូលថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅ ប្រជាពលរដ្ឋកម្ពុជា បានទៅបោះឆ្នោតជ្រើសរើសឥស្សរជន និងគណបក្សនយោបាយ ដែលខ្លួនពេញចិត្ត សម្រាប់ការដឹកនាំប្រទេសជាតិរយៈពេល ៥ឆ្នាំទៅមុខទៀត។
ព្រះរាជសារ បន្តថា ខណៈដែលលទ្ធផលនៃការបោះឆ្នោត នឹងត្រូវប្រកាសជាផ្លូវការនៅចន្លោះថ្ងៃទី១៤ ខែសីហា ដល់ថ្ងៃទី០៨ ខែកញ្ញា ខាងមុខនេះ ព្រះអង្គអំពាវនាវដល់គណបក្សទាំងពីរ (គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ) ពិភាក្សាគ្នារកដំណោះស្រាយដោយសន្តិវិធី ចំពោះវិវាទ ឬបញ្ហាទាំងឡាយដែលនៅសេសសល់ ដើម្បីជាប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ និងដើម្បីរក្សាសន្តិភាព និងស្ថិរភាពជាតិ។
ក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងប់ស្ងៀម និងភាពថ្លៃថ្នូររបស់ជាតិ ហើយបន្តប្រកបរបរចិញ្ចឹមជីវិត ដោយភាពសុខសាន្ត ព្រមទាំងរក្សាឯកភាព និងសាមគ្គីភាពជាតិខ្ពស់ ដែលជាកម្លាំងក្នុងការជំនះរាល់ការលំបាកធំៗទាំងឡាយកន្លងទៅ។ នាង/Cambodia News