ឥណ្ឌាចោទប៉ាគីស្ថានថាបានបាញ់សម្លាប់ទាហានឥណ្ឌា៥នាក់នៅព្រំដែន
ទាហានឥណ្ឌា៥នាក់បានបាត់បង់ជីវិត នៅក្នុងតំបន់ព្រំដែនជាប់ជម្លោះជាមួយប៉ាគីស្ថាន ក្រោយពីទីតាំងរបស់ពួកគេ ត្រូវទទួលរងការវាយប្រហារ កាលពីយប់ថ្ងៃចន្ទ ហើយនៅថ្ងៃអង្គារនេះ មន្រ្តីយោធាឥណ្ឌាបានចោទប្រកាន់ទាហានប៉ាគីស្ថានថាជាអ្នក ទទួលខុសត្រូវក្នុងការវាយប្រហារនេះ។ ការចោទប្រកាន់ ដែលប៉ាគីស្ថានបានច្រានចោលភ្លាមៗ។
មន្រ្តីជាន់ខ្ពស់នៃកងទ័ពឥណ្ឌាបានឲ្យដឹង នៅថ្ងៃអង្គារនេះថា ការវាយប្រហារ ដែលបណ្តាលឲ្យស្លាប់ទាហានឥណ្ឌា ៥នាក់ កាលពីយប់ថ្ងៃចន្ទ បានកើតមានឡើងនៅក្នុងតំបន់កាស្ហ្មៀរ តាមបណ្តោយព្រំដែន ដែលកំពុងជាប់ជម្លោះជាមួយប៉ាគីស្ថាន។
មន្រ្តីយោធាឥណ្ឌា ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា គឺទាហានប៉ាគីស្ថាន ដែលជាអ្នកបានធ្វើការវាយប្រហារមកលើទាហានឥណ្ឌា ដែលកំពុងល្បាតតាមព្រំដែន ដោយរំលោភលើបទឈប់បាញ់ រវាងកងទ័ពទាំងពីរ។
ក៏ប៉ុន្តែ ប៉ាគីស្ថានបានធ្វើការបដិសេធភ្លាមៗ ចំពោះការចោទប្រកាន់នេះ។ មន្រ្តីអ្នកនាំពាក្យ កងទ័ពប៉ាគីស្ថានបានអះអាងថា មិនមានទាហានប៉ាគីស្ថានណាឆ្លងដែនចូលទៅក្នុងទឹកដីឥណ្ឌា ឬបើកការវាយប្រហារទៅលើទាហានរបស់ឥណ្ឌានោះទេ។ មន្រ្តីយោធារូបនេះបានហៅការចោទប្រកាន់របស់ឥណ្ឌាថា “ជាការចោទប្រកាន់ ដែលគ្មានមូលដ្ឋាន”។
គួររំឭកឡើងវិញថា ឥណ្ឌា និងប៉ាគីស្ថានបានចុះកិច្ចព្រមព្រៀងឈប់បាញ់ នៅតាមបណ្តោយព្រំដែនជាប់ជម្លោះ កាលពីខែវិច្ឆិកា ឆ្នាំ២០០៣។ ក៏ប៉ុន្តែ ចាប់ពីពេលនោះមក គេតែងតែឃើញមានការប៉ះទង្គិចគ្នាជារឿយៗ នៅតាមបណ្តោយព្រំដែន ដោយភាគីទាំងពីរចោទគ្នាទៅវិញទៅមកថាជាអ្នករំលោភលើបទឈប់បាញ់។
ចាប់តាំងពីខែមករា ដើមឆ្នាំ២០១៣នេះមក ភាពតានតឹងនៅតាមបណ្តោយព្រំដែន រវាងឥណ្ឌា និងប៉ាគីស្ថានបានកើនឡើងកាន់តែខ្លាំង រហូតនាំឲ្យគេមានការព្រួយបារម្ភថា ដំណើរការចរចាសន្តិភាព ដែលប្រទេសទាំងពីរព្រមព្រៀងបើកធ្វើ កាលពីឆ្នាំ២០១២នោះ អាចនឹងត្រូវបរាជ័យ។
ហេតុការណ៍វាយប្រហារលើទាហានឥណ្ឌា កាលពីយប់ថ្ងៃចន្ទ ដែលឥណ្ឌាចោទប្រកាន់ថាជាទង្វើរបស់ប៉ាគីស្ថាន អាចជាឧបសគ្គថ្មីមួយទៀត ក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។ ហេតុការណ៍នេះបានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីរដ្ឋាភិបាលថ្មីរបស់ប៉ាគីស្ថានស្នើឲ្យចាប់បើកឡើងវិញនូវ ដំណើរការចរចាសន្តិភាពជាមួយឥណ្ឌា និងចង់ឲ្យមានជំនួបមួយ រវាងនាយករដ្ឋមន្រ្តីប៉ាគីស្ថាន និងនាយករដ្ឋមន្រ្តីឥណ្ឌា នៅក្រៅមហាសន្និបាតអ.ស.ប នៅខែកញ្ញាខាងមុខ។ សំណើ ដែលរដ្ឋាភិបាលឥណ្ឌាកំពុងតែធ្វើការពិចារណា ដោយនៅមិនទាន់បានផ្តល់ចម្លើយទៅកាន់ប៉ាគីស្ថានវិញនៅឡើយ៕ដោយ សេង ឌីណា(RFI)