ស្ថានទូតនិងកុងស៊ុលអាមេរិក១៩កន្លែង បន្តបិទទ្វាររហូតដល់ថ្ងៃ១០សីហា
នៅថ្ងៃអាទិត្យម្សិលមិញ សហរដ្ឋអាមេរិកបានប្រកាសថា ស្ថានទូតនិងកុងស៊ុលខ្លួនចំនួន១៩កន្លែង នៅមជ្ឈិមបូព៌ា និងអាហ្វ្រិក ត្រូវបន្តបិទទ្វាររហូតដល់ដល់ថ្ងៃ១០សីហា ដើម្បីសុវត្ថិភាពសន្តិសុខរបស់បុគ្គលិកការងារទាំងអស់ រួមទាំងអ្នកបំពេញបេសកកម្មនានាផ្សេងទៀតរបស់អាមេរិក ដែលត្រូវធ្វើដំណើរទៅទីនោះ។ វិធានការសុវត្ថិភាពសន្តិសុខនេះ ធ្វើឡើងបន្ទាប់ពីអាមេរិកបានទទួលការគំរាមកំហែងភេរវកម្មជាច្រើន ដែលគួរអោយជឿជាក់បាន ពីសំណាក់ក្រុមឧទ្ទាមអាល់កៃដា។
ស្ថានទូតនិងកុងស៊ុលអាមេរិក១៩កន្លែង នៅមជ្ឈិមបូព៌ា និងអាហ្វ្រិក ដែលត្រូវបន្តបិទទ្វារពីថ្ងៃចន្ទនេះរហូតដល់ថ្ងៃសៅរ៍ ១០សីហានោះ រួមមានស្ថានទូតជាង១៥ ដែលបិទទ្វាររួចហើយកាលពីថ្ងៃអាទិត្យ និង៤ស្ថានទូតថ្មីផ្សេងទៀត។ ស្ថានទូតទាំងនេះ មាននៅប្រទេសអេហ្ស៊ីប យេម៉ែន ហ្ស៊កដានី កាតារ អារ៉ាប៊ី សាអ៊ូឌីត រឺក៏រ៉ូវ៉ាន់ដា ជាដើម។ ការបន្តបិទទ្វារនេះ គឺដើម្បីការពារសន្តិសុខបុគ្គលិកការងារក្នុងស្រុក និងបណ្តាបេសកជនអាមេរិកដែលត្រូវធ្វើដំណើរទៅទីនោះ។
ដោយឡែក នៅថ្ងៃចន្ទនេះ ស្ថានទូតអាមេរិកផ្សេងៗទៀតដែលបានបិទទ្វាររួចមកហើយ នៅអ៊ីរ៉ាក់ អាល់ហ្សេរី រឺក៏អាហ្វហ្កានីស្ថានជាដើមនោះ នឹងបើកទ្វារដំណើរការឡើងវិញ។
បន្ទាប់ពីទទួលបានការគំរាមកំហែងភេរវកម្មជាច្រើនដែលអាចយក ជាការបាន ពីសំណាក់ក្រុមឧទ្ទាមអាល់កៃដាមក អាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍មុនថា នឹងបិទទ្វារស្ថានទូតនិងកុងស៊ុលយ៉ាងហោចណាស់ក៏២៥កន្លែងដែរ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានចាប់បានសំឡេងសន្ទនារវាងក្រុមអាល់កៃដានិងបណ្តាញខ្លួន ស្តីពីសកម្មភាពរៀបចំគម្រោងវាយប្រហារអាមេរិក។ ក្នុងព័ត៌មាន ទាំងនេះ ក៏មានប្រាប់ពីថ្ងៃខែនៃការវាយប្រហារផងដែរ។ ក្រុងវ៉ាស៊ីនតោនគិតថា ការវាយប្រហារនេះ នឹងធ្វើឡើងនៅមជ្ឈិមបូព៌ា រឺក៏នៅជុំវិញស្ថានទូតណាមួយ។ មេដឹកនាំក្រុមអាល់កៃដាថ្មី អាល់ហ្សាវ៉ាហ៊ីរី បានចោទ អាមេរិកថាបានរួមដៃជាមួយកងទ័ពអេហ្ស៊ីប ទម្លាក់ប្រធានាធិបតីមរស៊ី។
ទាក់ទងនឹងសុវត្ថិភាពសន្តិសុខនេះដែរ បណ្តាបស្ចិមប្រទេសដូចជា បារាំង អង់គ្លេស និងអាល្លឺម៉ង់ ក៏បានប្រកាសបិទទ្វារស្ថានទូតខ្លួននៅទីក្រុងសាណា ប្រទេសយេម៉ែនផងដេរ។ កាលពីថ្ងៃអាទិត្យកាណាដា បានសំរេចចិត្តបិទទ្វារស្ថានទូតខ្លួន នៅបង់ក្លាដែស៕ដោយ ព្រំ សឿន សូលីណា (RFI)