នាវា​​ល្បាត​ចិន​​នៅតែ​មាន​វត្តមាន​​ក្បែរ​កោះ​ជម្លោះ​ជាមួយ​ជប៉ុន​

អស់​រយៈ​ពេល​ច្រើន​ថ្ងៃ​មក​ហើយ នាវា​ការពារ​ឆ្នេ​រ​ចិន​​នៅ​តែ​មាន​វត្តមាន​​​ជិតដែន​​​កោះ​​ជម្លោះ​ជាមួយ​ ជប៉ុន នៅ​សមុទ្រ​ចិន​ខាង​កើត។ នេះ​បើ​យោងតា​មការ​បញ្ជាក់​ប្រាប់​ពី​នាវា​ល្បាត​​ឆ្នេរ​របស់​ជប៉ុន​។ ក្រុងប៉េកាំង​​ទើប​តែ​បាន​​បង្ហាញ​ពី​មោទនភាព​ផ្ទាល់​ខ្លួន​ កាលពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍កន្លងទៅ​ ដោយ​សារ​នាវា​ចំបាំង​​ខ្លួន​ចំនួន​៥ បាន​បរ​​ជុំវិញ​ប្រទេស​ជប៉ុន​​ ដោយ​ជោគជ័យ។

យោងតាម ​នាវា​​ល្បាត​​សមុទ្រ​ជប៉ុន នៅ​ថ្ងៃ​អាទិត្យ​នេះ​ នាវា​​ចិន​​៣គ្រឿង​នៅ​តែ​បន្ត​​វត្តមាន​​នៅ​​ប្រកិត​ដែន​​កោះជម្លោះ​ សេនកាគូ ដែល​ជា​​ដែន​កោះ​ជម្លោះ​រវាង​ចិន​និង​ជប៉ុន។ ជាច្រើន​ថ្ងៃ​មកនេះ ជប៉ុន​បាន​សង្កេត​ឃើញវត្តមាន​នាវាចិន​៤គ្រឿង​នៅ​ទីនោះ។

កាល​ពី​ល្ងាច​ ថ្ងៃ​សៅរ៍​ម្សិលមិញ នាវា​ចិន​ចំនួន​៣​ បាន​បរ​ចូល​មក​​​ក្បែរ​កោះ​ជម្លោះ ហើយ​​ជប៉ុន​ក៏​​សង្កេត​​ឃើញ​​វត្តមាន​របស់​កប៉ាល់​តូច​មួយ​ដែល​មាន​ដាក់​ ទង់ជាតិ​ចិន​ ស្ថិត​នៅ​​ជាង​​៥០ គីឡូម៉ែត្រ​ ភាគ​ពាយព្យ​​កោះ​ជម្លោះនោះ​ដែរ។ កប៉ាល់​តូច​នេះ​បាន​ចូល​ទៅ​​ទីនោះ​ រយៈ​ពេល​ខ្លី​ ដើម្បី​ទំលាក់​ពោង​មួយ​​មាន​ដោតទង់ជ័យ​ក្រហម​។

នេះ​ជា​លើកទី​២ហើយ ដែល​ចិន​បញ្ជូន​នាវាល្បាត​​​​ក្នុង​តំបន់​​ជម្លោះ​នេះ ចាប់ពី​ពេល​ក្រុងប៉េកាំង​បានប្រមូល​​ផ្តុំ​​ផ្នែក​​ការងារ​​​ខ្លួន​ ​មាន​ដូច​ជា​​រដ្ឋបាល​នេសាទ ពន្ធដារ និង​ក្រុម​ត្រួតពិនិត្យ​​ដែន​សមុទ្រ ដាក់​បញ្ចូល​​ក្នុង​ក្រុម​ការងារ​តែមួយ ហៅ​ថា ក្រុម​ការពារ​ឆ្នេរ។ អ្នកវិភាគ​នានា​​គិត​ថា ទង្វើ​​ទាំងអស់​នេះ អាច​​អោយ​ក្រុងប៉េកាំង​បង្កើន​ចំនួន​នាវា​យោធា​ខ្លួន ក្នុង​តំបន់​​នេះ ហើយ​អាច​នាំ​​អោយមាន​ការ​​​ប៉ះទង្គិចធ្ងន់ធ្ងរ​​ជាមួយ​ជប៉ុន​។

កាលពីថ្ងៃ​សុក្រ​ ចិន​ទើប​តែ​បាន​បង្ហាញ​ពី​មោទនភាព​​ខ្ពស់ ដោយ​សារតែ​​នាវា​ចំបាំង​ខ្លួន​ចំនួន​៥ បាន​ធ្វើដំណើរ​ជុំវិញ​ប្រទេស​​ជប៉ុន ដោយ​ជោគជ័យ។ ​នាវា​ទាំង៥គ្រឿង​នេះ បាន​ចូលរួម​សមយុទ្ធ​យោធា ជាមួយ​រុស្ស៊ី នៅ​សមុទ្រ​ជប៉ុន ហើយ​បាន​​ឆ្លង​កាត់​ដៃសមុទ្រ​​​ឈ្មោះ​ថា ឡា ប៉េរុស ដែល​ខ័ណ្ឌ​​កោះ​ហុកកៃដូ ភាគ​ខាង​ជើងប្រទេស​ជប៉ុន អោយ​ដាច់​ចេញ​ពី​កោះ​ សាក់ខាលីន របស់​រុស្ស៊ី៕​ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close