Bradley​ Manning​ ជាប់ទោស​ពី​បទ​រំលោភ​ច្បាប់​ស៊ើបការ​អាមេរិក​ តែ​រួច​ការ​ចោទ​ប្រកាន់​ថា​ឃុបឃិត​ជាមួយ​សត្រូវ​

នៅថ្ងៃ​ពុធ​នេះ តុលាការយោធា​អាមេរិក​​​​​នឹង​បើកសវនការ​​ដំណាក់​កាល​ចុងក្រោយ​ ​ធ្វើសេចក្តី​សំរេច​ពី​​​ទោស​ដែល​ត្រូវ​ដាក់​ទៅ​លើ Bradley Manning យោធា​អាមេរិក​វ័យ​ក្មេង​មួយរូប ដែល​បាន​​​​ទំលាយ​​ឯកសារ​សំងាត់​​​ជា​ប្រវតិ្តសាស្ត្រ ​នៅ​អាមេរិក។ នៅ​ថ្ងៃ​អង្គារ​​ម្សិលមិញ តុលាការ​​​បាន​​ប្រកាស​​ថា Bradley Manning មាន​​​ទោស​ក្នុង​បទ​ចោទ​ប្រកាន់​​​​​ ពី​១៩​ ទៅ​២២ ទាក់ទង​​ការ​​រំលោភ​​ច្បាប់​ស៊ើបការ។​​ ប៉ុន្តែ ​​ទាហាន​​រូប​នេះ​ រួចផុត​​ពី​ការ​ចោទ​ប្រកាន់​ថា ​បាន​ឃុបឃិត​ជាមួយ​សត្រូវ។ Bradley Manning ប្រហែល​​អាច​​ជាប់​ពន្ធនាគារ​​រហូត​ដល់​១៣៦​ឆ្នាំ។

យោងតាម​ការ​វិនិច្ឆ័យ​ដែល​អាន​ឡើង​ដោយ​ចៅក្រមយោធា​​ Denise Lind ​យុវជន Bradley Manning អាច​​ទទួល​ទោស​ជាប់​ពន្ធនាគារ​​ជាង​១០០ឆ្នាំឯណោះ។ Bradley Manning មាន​ទោស​​​ ក្នុង​បទ​ចោទប្រកាន់ ពី​២០​ទៅ​២២ ស្តី​ពី​ការ​​រំលោភ​ច្បាប់​ទាក់ទង​ការ​ស៊ើបការ​​​​ និង​ការ​លួច​ឯកសារ​​សំងាត់​យោធា​និង​ការទូតអាមេរិក។

គួរ​រំលឹក​ថា ចាប់​ពី​ខែ​កញ្ញា​ ឆ្នាំ​២០០៩​ រហូត​ដល់​ថ្ងៃ​​ចាប់​ខ្លួន​​ នៅ​ខែ​ឧសភា​ ឆ្នាំ​២០១០ នៅ​ពេល​​បំពេញ​ការងារ​ជា​អ្នក​វិភាគព័ត៌មាន​ស្តី​ពី​ប្រទេស​អ៊ីរ៉ាក់ ​​ ​យុវជន​យោធា​រូប​នេះ បាន​ផ្តល់​ឯកសារ​សំងាត់យោធា និង​ការទូត​​​​ចំនួន​៧​ម៉ឺន​ច្បាប់​ អោយ​គេហទំព័រអូស្ត្រាលី​ឈ្មោះ​ថា​ WikiLeaks ធ្វើការ​ផ្សព្វផ្សាយ។ លើស​ពី​នេះ​ទៀត ចៅក្រម​យោធាបាន​​លើកឡើង​ថា Bradley Manning បាន​ជាប់​ទោស​ថា​បាន​​​លួច​​បញ្ជូន​ខ្សែកាប​ផ្នែកការទូតដោយ​ខុសច្បាប់​ ​និង​​ឯកសារ​សំងាត់​ទាក់ទង​អ្នកទោស​នៅ​​ពន្ធនាគារ​ Guantanamo ទៀតផង។ Bradley Manning មិន​បាន​គោរព​បទបញ្ជា​យោធា និង​បាន​ធ្វើ​បច្ចេកទេស​​​កុំព្យូទ័រ​រំលោភ​លើ​ការ​​ហាមឃាត់​​​ផ្នែក​យោធា​​ ។

ដោយឡែក តុលាការ​យោធា​សំរេច​អោយ​​យុវជន​រូបនេះ រួច​ពី​ការ​​​ចោទប្រកាន់​ថា ​​បាន​ឃុបឃិត​ជាមួយ​សត្រូវ​​។ ប្រសិនជា​ Bradley Manning ត្រូវ​បាន​​​គេ​រកឃើញ​ថា​ បាន​ជួយ​​ក្រុម​ឧទ្ទាម​អាល់ កៃដា មែន​នោះ​ Bradley Manning អាច​នឹង​ជាប់​ពន្ធនាគារ​​​​​ពីបទ​​ឃុបឃិត​ក្នុង​អំពើ​​ឧក្រិដ្ឋ។ លោក David Coombs ដែល​ជា​មេធាវី​របស់​ Bradley Manning បាន​លើកឡើង​ថា ព្រះរាជអាជ្ញា​​បានចោទ​ប្រកាន់​​ថា Bradley Manning ឃុបឃិត​ជាមួយ​សត្រូវ​នោះ គឺ​ដើម្បី​​ជំរុញ​​​មិន​អោយ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​សំងាត់​ដែល​​​ លេចធ្លាយ​​តែ​ប៉ុណ្ណោះ។

សហភាព​អាមេរិកាំង​​​​ធ្វើការ​​ការពារ​សេរីភាព​ ហៅកាត់ថា ALCU ​មាន​ការ​ធូរស្រាលចិត្តពេល​​​ Bradley Manning រួច​ពី​ការ​ចោទ​ថា បាន​​ឃុបឃិត​ជាមួយ​សត្រូវ។ សហភាព​នេះ​​​លើកឡើង​ថា បញ្ហា​​​​លេចធ្លាយ​ឯកសារ​​ផ្តល់​ដល់​​សារព័ត៌មាន​ ដើម្បី​ប្រយោជន៍​សាធារណៈ​​បែប​នេះ ​មិន​គួរ​ត្រូវ​ប្តឹង​ដាក់ទោស​នោះទេ៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close