នាយករដ្ឋមន្ត្រីបារាំងបំភ្លឺម៉ាឡេស៊ីពីរឿងប្រេងដូង
នៅថ្ងៃចន្ទនេះ ក្នុងទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ដែលជាប្រទេសផលិតប្រេងដូងទីពីរក្នុងពិភពលោកនោះ នាយករដ្ឋមន្ត្រីបារាំង លោក Jean Marc Ayrault បានបំភ្លឺរដ្ឋាភិបាលម៉ាឡេស៊ីឡើងវិញ អំពីសំណុំរឿងប្រេងដូង ដែលជាបញ្ហាទាស់ទែងចិត្តរវាងបារាំងនិងម៉ាឡេស៊ី។ លោក អៃរ៉ូល លើកឡើងថា រដ្ឋាភិបាលបារាំងមិនបានគាំទ្រសំណើ ដែលដាក់អោយរដ្ឋាភិបាលបារាំងយកពន្ធធ្ងន់ធ្ងរលើផលិតផល មានប្រើប្រេងដូងនោះទេ។ ដោយឡែក លោកអៃរ៉ូល ប្រហែលមិនអាចសម្រេចជោគជ័យក្នុងការទាក់ទាញម៉ាឡេស៊ីអោយទិញ យន្តហោះចំបាំងរបស់ខ្លួននោះទេ ព្រោះរដ្ឋាភិបាលម៉ាឡេស៊ីមានបញ្ហាថវិកា ហើយកំពុងត្រូវការកាត់បន្ថយបំណុលសាធារណៈ។
នៅថ្ងៃចន្ទនេះ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានទាក់ទងនឹងសំណុំរឿងប្រេងដូង ដែលជាប្រធានបទក្តៅគគុករវាងបារាំងនិងម៉ាឡេស៊ី នាយករដ្ឋមន្ត្រីបារាំង Jean Marc Ayrault បានបំភ្លឺនៅចំពោះមុខ លោក Najib Razak ដែលជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា បារាំងមិនមែនជាសត្រូវនឹងប្រេងដូងនោះទេ។ រដ្ឋាភិបាលបារាំងមិនគាំទ្រសំណើដែលដាក់អោយយកពន្ធធ្ងន់ធ្ងរលើ ផលិតផលមានប្រើប្រេងដូងនោះឡើយ ហើយក៏គ្មានគំរោងដាក់ពិន័យផ្នែកពន្ធប្រេងដូងអ្វីដែរ។
គួររំលឹកថា កន្លងមកនេះ រដ្ឋសភាបារាំងបានពិនិត្យវិសោធនកម្មទាក់ទងនឹងពន្ធប្រេងដូងដែល ស្នើដោយគណបក្សសង្គមនិយម កំពុងកាន់អំណាចនៅបារាំងសព្វថ្ងៃ។ គេគិតថា ប្រេងដូងជាមូលហេតុនាំអោយកើតរោគទឹកនោមផ្អែម និងការកាប់បំផ្លាញព្រៃឈើ។ សមាជិកសភាបារាំងដែលជាអ្នកការពារបរិដ្ឋានជាច្រើនរូប ចង់អោយបារាំងដំឡើងពន្ធលើប្រេងដូងដល់ទៅ ៣០០ ភាគរយ។ ទោះជាបារាំងគ្មានគំរោងដាក់ពិន័យពន្ធលើប្រេងដូងក្តី នាយករដ្ឋមន្ត្រីបារាំងបានរំលឹកឡើងវិញថា ចាប់ពីឆ្នាំក្រោយទៅ អឺរ៉ុបនឹងដាក់បទបញ្ជាដាច់ខាតមួយអោយមានជាផ្លាកបង្ហាញឈ្មោះ ប្រេងនានាដែលមាននៅក្នុងផលិតផល មិនថាប្រេងដូង រឺក៏ប្រេងអ្វីផ្សេងឡើយ។
ដោយឡែក ដូចជាក្នុងទស្សនកិច្ចនៅកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍មុនដែរ នាយករដ្ឋមន្ត្រីបារាំង បានលើកតំកើងសហគ្រាសធុនតូចនិងធុនមធ្យមបារាំងដែលបោះទីតាំងនៅ ម៉ាឡេស៊ី។ លើសពីនេះ វិទ្យាស្ថានបច្ចេកវិទ្យាជីវសាស្ត្ររដ្ឋបារាំង LFB និងសហគ្រាសឯកជនម៉ាឡេស៊ី Strovi បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងការបញ្ជូនបច្ចេកទេសផ្នែកផ្លាស្មាឈាម ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ៣០លានអឺរ៉ូ សម្រាប់រយៈពេល២០ឆ្នាំ។ ក្រៅពីនេះ បារាំងនិងម៉ាឡេស៊ីក៏បានចុះហត្ថលេខាលើពិធីសារ សំរេចអោយមានការបណ្តុះបណ្តាលជនជាតិម៉ាឡេស៊ី ផ្នែកផ្លូវដែក ផ្នែកការពារ ព្រមទាំងផ្លូវអាកាសផងដែរ។ ទោះជាបារាំងខំយកចិត្តម៉ាឡេស៊ីក្តី ម៉ាឡេស៊ីប្រហែលជាមិនទិញយន្តហោះចំបាំងបារាំងនោះទេ ព្រោះរដ្ឋាភិបាលម៉ាឡេស៊ីមានបញ្ហាថិវកា ជាពិសេសនៅពេលនេះ ម៉ាឡេស៊ីកំពុងតែព្យាយាមកាត់បន្ថយបំណុលសាធារណៈ៕ដោយ ព្រំ សឿន សូលីណា(RFI)