មានការដកតំណែងមេប៉េអឹម រាជធានីភ្នំពេញ ក្រោយការបោះឆ្នោត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៣០ ខែកក្កដានេះ ប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី មេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ និង ជាមេបញ្ជាការរង នៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានដកហូតពីតំណែង ជាមេញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ បណ្តោះអាសន្ត។
ប្រភពដដែលបានឲ្យដឹងថា ការដកតំណែងនេះ ដោយសារតែ មានការធ្វេសប្រហែស និង មានកំហុសឆ្គងក្នុងការទប់ស្កាត់កូដកម្ម នៅខាងមុខ ការិយាល័យបោះឆ្នោតនៅស្ទឹងមានជ័យ ដែលបណ្តាលឲ្យមានការវាយកម្ទេច និង ដុត រថយន្តអាវុធហត្ថចំនួន ២គ្រឿង កាលពីរសៀលថ្ងៃអាទិត្យ ទី២៨ ខែកក្កដាដែលជាថ្ងៃបោះឆ្នោតជាតិ។
ប្រភពបានបន្តថា ដើម្បីជំនួសតំណែងរបស់លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី ខាងលើនេះ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន ដែលបច្ចុប្បន្នមានតួនាទី ជានាយសេនាធិការ និង ជាមេបញ្ជាការរង នៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានតែងតាំងឲ្យទៅកាន់តួនាទីជាមេញ្ជាការ នៃកងអាវុធហត្ថរាជធានីភ្នំពេញ ជាបណ្តោះអាសន្ត។
ទោះជាយ៉ាងណាក្តី លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា រហូតមកទល់ពេលនេះ លោកពុំទាន់បានឃើញលិខិតស្នាម នៃ ការដកតួនាទីរបស់លោកឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី នៅឡើយទេ។
តែ លោកបានបញ្ជាក់ថា ការដែល លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន ត្រូវបានតែងតាំងឲ្យមកកាន់ កងអាវុធហត្ថរាជធានីភ្នំពេញនេះ គឺគ្រាន់តែ ដើម្បីមកជួយលោក យ៉ា គឹមអ៊ី ជាបណ្តោះអាសន្ន ក្នុងការងាររក្សាសន្តិសុខ និង ស្ថេរភាព ក្នុងអំឡុងពេលបោះឆ្នោតរាប់ និងប្រកាសសន្លឹកឆ្នោតតែប៉ុណ្ណោះ៕ Cambodia News