ការស្លាប់របស់ ឈុត វុទ្ធីមិនគ្រាន់តែទាក់ទងនឹងរឿងកាប់ព្រៃឈើខុសច្បាប់ប៉ុណ្ណោះនោះទេ
កាលពីថ្ងៃទី ២២ ឧសភា ២០១២ យប់មិញ ប៉ុស្ដិ៍ទូរទស្សន៍ SBS ក្នុងស្រុកអូស្រ្ដាលីបានចាក់ផ្សាយនូវរបាយការណ៍ស៊ើបអង្កេតមួយ ជុំវិញមរណភាពរបស់លោក ឈុត វុទ្ធី សកម្មជនបរិស្ថានដ៏សំខាន់ម្នាក់នៅកម្ពុជា និងនៅអាស៊ី។
កាលពីពេលប្រមាណ៤អាទិត្យមុន នៅថ្ងៃទី២៦ មេសា លោក ឈុត វុទ្ធីត្រូវគេបាញ់ស្លាប់ក្នុងស្ថានភាពដ៏អាថ៌កំបាំងនៅក្នុងព្រៃនៃ ជួរភ្នំក្រវាញ នៅពេលលោក និងអ្នកកាសែតពី Cambodia Daily ២នាក់ទៀតកំពុងប្រមូលភស្ដុតាង និងព័ត៌មានអំពីការកាប់ព្រៃឈើខុសច្បាប់។
អ្នកកាសែត អូស្រ្ដាលីនៃទីភ្នាក់ងារព័ត៌មាន SBS លោក David O’Shea ពីកម្មវិធី Dateline បានចុះទៅស៊ើបអង្កេតអំពីរឿងរ៉ាវដែលបាននាំឲ្យលោក ឈុត វុទ្ធី ស្លាប់។ នៅក្នុងរបាយការណ៍បានបង្ហាញឲ្យឃើញនូវការចោទប្រកាន់អំពីរឿងអំពើពុករលួយ ការបិទបាំងបន្លំដំណើររឿងហេតុដែលបានកើតឡើង ដោយសារថាអ្នកស៊ើបអង្កេតរបស់រដ្ឋាភិបាល ហើយអាជ្ញាធរបានផ្ដល់ដំណើររឿងហេតុខុសៗគ្នាអំពីអ្វីៗដែលបានកើតឡើង។
នៅក្នុងរបាយការណ៍ស៊ើបអង្កេតនេះ អ្នកកាសែតអូស្រ្ដាលីបានបង្ហាញឲ្យឃើញថា រឿងរ៉ាវដែលបានកើតឡើង គឺមិនគ្រាន់តែទាក់ទងនឹងការកាប់ព្រៃឈើខុសច្បាប់នៅជួរភ្នំ ក្រវាញប៉ុណ្ណោះទេ ប៉ុន្ដែគេថែមទាំងមានភស្ដុតាងអំពីគ្រឿងផ្សំផលិតគ្រឿងញៀននៅ កន្លែងរបស់ក្រុមហ៊ុន Timbergreen ផងដែរ ដូចជាវល្លិ៍រមៀត ដែលអ្នកជំនាញគីមីនិយាយថា ជាគ្រឿងផ្សំដែលគេយកទៅផលិតគ្រឿងញៀន៕