Snowden បានទទួល​លិខិត​ស្នាម​​ចេញ​​ពីព្រលានយន្តហោះ​មូស្គូ

ស្ថានភាព ​ជាប់កុន​របស់​អតីត​ភ្នាក់ងារ​ ស៊ើបការណ៍​អាមេរិក ​ Edward Snowden ឈាន​មក​ដល់​មាត់​ច្រក​​នៃ​ដំណោះស្រាយហើយ​ ព្រោះ​ អាជ្ញាធរ​រុស្ស៊ី​ដែល​បាន​ទទួល​ពាក្យ​សុំ​ជ្រក​កោន​បណ្តោះអាសន្ន​ កាលពី​សប្តាហ៍​មុន ទំនង​បាន​ចេញ​​លិខិត​អនុញ្ញាត​ ឱ្យSnowden ​​​ចាក​ចេញពី​ព្រលាន​យន្តហោះ​ក្រុងម៉ូស្គូ​​ នៅ​​ល្ងាច​ថ្ងៃពុធ​នេះ​។

បើ ​តាម​ប្រភព​ព័ត៌មាន​Reuters អតីត​ភ្នាក់ងារ​ស៊ើបការណ៍ ដែល​សំងំ​លាក់​ខ្លួន​ ក្នុង​ដែន​ដី​អន្តរជាតិ​នៃ​ព្រលាន​យន្តហោះ​ក្រុង​ម៉ូស្គូ គេច​ពី​ការ​តាម​ចាប់​​របស់​សហរដ្ឋ​អាមេរិក តាំង​ពី​ជាង​មួយ​ខែ​មក​ហើយ​នោះ កំពុង​ត្រៀម​ខ្លួន​​មាន​សេរីភាព​ចេញ​ដើរ​ហើរ​ ក្នុងទឹកដី​រុស្ស៊ី។

ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​ Snowden ត្រូវ​ស្នាក់​នៅទីណា ឬ​នៅ​កន្លែង​ណា​ពិត​ប្រាកដទេ។ ​មេធាវី​របស់​ស្នូឌិន ដែល​​ធ្វើ​មក​ព្រលានយន្តហោះ​ដើម្បី​បំពេញ​បែបបទ​​នាំ​​Snowden​ចេញ មិន​ព្រម​ធ្វើអត្ថាធិប្បាយ​អ្វី​ទាំង​អស់​ មុនជំនួប​ជាមួយកូន​ក្តី​។ សូម្បី​តែ​អ្នក​ទទួល​ខុស​ត្រូវ​វីគីលីក ដែល​ធ្លាប់​ដើរ​តួនាទី​យ៉ាងសស្រាក់ សស្រាំ​ការពារ​អតីត​ភ្នាក់ងារ​សម្ងាត់​ អាមេរិក​រូប​នេះ ក៏​បដិសេធ​មិន​បញ្ចេញ​មតិ​យោបល់​អ្វី​ដែល​ក្នុង​ពេល​នេះ។

​បើ​តាម​ច្បាប់​អន្តោប្រវេសន៍​រុស្ស៊ី ​ លិខិត​​​​អនុញ្ញាត​ឱ្យ​ Snowden ចាក​ចេញ​ពី​ព្រលាន​យន្តហោះ​ នេះបណ្ណ​បញ្ជាក់​ថា​បាន​ទទួល​ពាក្យ​សុំ​សិទ្ធិជ្រក​កោនប៉ុណ្ណោះ​​ តែ​ក្នុង​ពេល​រង់ចាំ​សេចក្តី​សម្រេច​ ម្ចាស់​បណ្ណ​នេះ អាច​រស់​នៅ និង​ ធ្វើ​ដំណើរ​ដោយ​សេរី​លើ​ទឹកដី​រុស្ស៊ី។

Snowden ងាក​មក​សុំ​សិទ្ធិ​ជ្រក​កោន​បណ្តោះ​អាសន្ន​នៅ​រុស្ស៊ី​ ព្រោះ​គ្មាន​​​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វេណេស៊ុយអេឡា ប៉ុន្តែ​បើ​តាម​មេធាវីពេលនេះ​​ Snowden ទំនង​ជា​ប្តូរ​ចិត្តវិញ ហើយ​អាច​នឹង​សុំ​សញ្ជាតិ​រុស្ស៊ី​ផង។

សំណុំ​រឿង​Snowden នេះ ​បាន​ធ្វើ​​រុស្ស៊ី​ ទើសទាល់​យ៉ាង​ខ្លាំង ព្រោះ​មិន​ចង់​ឱ្យ​មាន​ភាព​ល្អក់​កករ​បន្ថែម​ទៀត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដែល​បន្ត​ដាក់​គំនាប​លើ​រុស្ស៊ី និង​ទាមទារ​ឱ្យ​មូស្គូ​ធ្វើ​បត្យាប័ន​ ​​ Snowden ​ទៅ​អាមេរិក​ដើម្បី​ទទួល​ទោស​ពីបទ​ទម្លាយ​ព័ត៌មាន​សម្ងាត់​ជាតិ។ លោក​ប្រធានាធិបតី​ពូទីន ក៏​បាន​សម្តែង​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ ដោយ​បាន​ដាក់​លក្ខខណ្ឌ​ជាមុន​ដល់​ Snowden ​ឱ្យ​បញ្ឈប់​សកម្មភាព​នេះ​ បើ​ចង់​នៅ​លើ​ដី​រុស្ស៊ី៕​ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close