ស្ត្រីអ្នកភូមិបឹងកក់ ១៣នាក់ត្រូវបានប៉ូលិសចាប់ខ្លួន
កាលពីព្រឹកថ្ងៃទី២២ ឧសភា ២០១២ ស្ត្រីអ្នកភូមិបឹងកក់ ១៣នាក់ ដែលនាំគ្នាច្រៀងចម្រៀងមួយចំនួនស្ដីពី ការបណ្ដេញចេញដោយបង្ខំ ត្រូវបានប៉ូលិសចាប់ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ រីឯស្ត្រីម្នាក់ទៀតត្រូវបានកងកម្លាំងអាជ្ញាធរវាយឲ្យរបួសលើ ក្បាលចំនួន ៣ថ្នេរ។
ការចាប់ខ្លួនស្ត្រីទាំង ១៣នាក់ ធ្វើឡើងបន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ អមដោយកងកម្លាំងប៉ូលិស ប៉េអិម ដែលប្រដាប់ដោយអាវុធ ខែល និងដំបងឆក់ បានរារាំងអតីតប្រជាពលរដ្ឋភូមិ ១ នៃតំបន់បឹងកក់ ដែលផ្ទះរបស់ពួកគាត់ត្រូវបានគេបូមខ្សាច់ពន្លិច និងវាយកម្ទេចកាលពីឆ្នាំ២០១០ មិនឲ្យពួកគាត់សង់ផ្ទះឡើងវិញ ។
នៅក្នុងហេតុការណ៍នេះ មានបុរសម្នាក់ឈ្មោះ ដួង ឈើត ក្នុងចំណោមអតីតប្រជាពលរដ្ឋភូមិ១ ដែលបានបាត់បង់ផ្ទះសម្បែងដោយការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ស៊ូកាគូ (Shukaku) ហើយមិនបានទទួលសំណងបានននៀលលើដីខ្សាច់ហើយស្រែកថា លោកសុខចិត្តឲ្យគេវាយ ឬសម្លាប់ ប្រសើរជាងការរស់នៅដោយគ្មានទីជម្រក។
ចំពោះហេតុការណ៍នេះក្រុមមន្ត្រីអង្គការសិទ្ធិមនុស្សមួយចំនួនកំពុងតាមឃ្លាំមើលការ ចាប់ខ្លួនក្រុមស្ត្រីអ្នកភូមិបឹងកក់ ដោយកងកម្លាំងអាជ្ញាធររាជធានីភ្នំពេញ៕