អ្នកសង្កេតការណ៍ ជាតិ-អន្តរជាតិ ជាងប្រាំបីម៉ឺននាក់ នឹងឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា
ភ្នំពេញ៖ ក្នុងអំឡុងពេល បោះឆ្នោតជ្រើស រើសតំណាងរាស្រ្តអាណត្តិទីប្រាំ ដែលនឹងប្រព្រឹត្តឡើងនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) បានអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាងប្រាំបីម៉ឺន បួនពាន់នាក់ ដើម្បីចាំឃ្លាំមើលការបោះឆ្នោតនោះ

អ្នកនាំពាក្យក្រសួងការបរ ទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ប្រាប់ដល់អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៣ នាទីស្តីការក្រសួងថា អ្នកសង្កេតការណ៍ ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យចូលឃ្លាំ មើលការបោះឆ្នោតនៅកម្ពុជានោះ គឺមកពីជាង ២០ប្រទេស និងអង្គការជាច្រើនទៀត។
លោក កុយ គួង បានមានប្រសាសន៍បន្តថា ប្រទេសដែលនឹងចូលរួមសង្កេតការណ៍បោះឆ្នោតនោះ មានដូចជាប្រទេសក្នុងតំបន់អាស៊ានទាំងអស់ រួមទាំងលេខាធិការដ្ឋានអាស៊ាន និងប្រទេសដទៃទៀត ដូចជាប្រទេសណូវែសេ ឡង់ដ៍ ឥណ្ឌា កូរ៉េខាងត្បូង រុស្ស៊ី អូស្រ្តាលី ទីម័រខាងកើត និងប្រទេសបារាំង ព្រមទាំងមកពីអង្គការជាច្រើនទៀត ដូចជាអង្គការដែលមកពីប្រទេសជប៉ុន អាមេរិក កាណាដា និងមកពីអឺរ៉ុបជាដើម៕ Cambodia News