ព្យុងយ៉ាងឈប់សាងសង់មជ្ឈមណ្ឌលបង្ហោះមីស៊ីល
កូរ៉េខាង ជើង បានផ្អាកការស្ថាបនាសាងសង់ មណ្ឌល សម្រាប់បង្ហោះកាំជ្រួចមីស៊ីលរយៈឆ្ងាយហើយ។ នេះបើតាមការអះអាងរបស់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាមេរិក ដោយផ្អែកលើរូបភាពផ្កាយរណប។
ការ សាងសង់ជើងទម្រម៉ាស៊ីនបង្ហោះមីស៊ីល អគារសម្រាប់ផ្គុំដំឡើងគ្រឿង និងប៉ុស្តិ៍សម្រាប់ត្រួតពិនិត្យការបាញ់មីស៊ីល នៅមជ្ឈមមណ្ឌល Tonghae បានផ្អាកដំណើរការតាំងពីខែ កញ្ញា ២០១២មក។ នេះបើយោងតាម វិទ្យាស្ថានអាមេរិក ដែលបានចុះផ្សាយព័ត៌មាន ក្នុងព័រអ៊ីនធ័រនែត នៅថ្ងៃអង្គារនេះ ដោយថែមទាំងទាញសេចក្តីសន្និដ្ឋានថា មានសម្មិតកម្មពីរ ទាក់ទងនឹងឈប់សាងសង់នេះ ៖ ទីមួយ កូរ៉េខាងជើងទំនងជាយល់ថា ការបាញ់សាកល្បងតែម្តងចេញពីមជ្ឈមណ្ឌល Sohaeដ៏ទំនើបបំផុត គ្រប់គ្រាន់ ឬទីពីរ កូរ៉េខាងជើងអាចសម្រេចផ្អាកសាងសង់ការដ្ឋាននេះជាបណ្តោះអាសន្ន ឬជាស្ថាពរ ដើម្បីផ្ចង់តែលើការផលិតមីស៊ីលធំជាងមុន។ ប្រសិនបើក្នុងករណីនេះមែន នោះគឺជារបត់ថ្មីដ៏សំខាន់មួយ នៃនយោបាយការពារជាតិរបស់ព្យុងយ៉ាង។
សូមបញ្ជាក់ថា គឺពីមជ្ឈមណ្ឌល តុងហេ នេះឯង ដែលកូរ៉េខាងជើង បានបាញ់កាំជ្រួចUnha-៣ ពាំផ្កាយរណបទៅកាន់តារាវិថី ប្រកបដោយជោគជ័យកាលពីខែធ្នូឆ្នាំ២០១២។ បីខែក្រោយមកទៀត ព្យុងយ៉ាងបានសាកល្បងនុយក្លេអ៊ែរជាលើកទីបី ដោយអួតអាងថាបានប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប តូចនិងស្រាល ដែលជំរុញឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មជាថ្មី និងរុញច្រានឧបទ្វីបកូរ៉េឱ្យធ្លាក់ក្នុងស្ថានភាពដុបដាបបំផុត។ របបព្យុងយ៉ាងគំរាមសង្គ្រាមនុយក្លេអ៊ែរ ប្រឆាំងកូរ៉េខាងត្បូងផង និងគំរាមវាយប្រហារនុយក្លេអ៊ែរលើអាមេរិក ដើម្បីជាការការពារទៀតផង។ ប៉ុន្តែទោះជាយ៉ាងដូច្នេះក្តី ក៏អ្នកឯកទេសទាំងអស់ ព្រមព្រៀងគ្នាថាកូរ៉េខាងជើងពុំទាន់មានសមត្ថភាពផលិតអាវុធមីស៊ីល អន្តរទ្វីប ឬសម្រេចបច្ចេកវិទ្យាផលិតគ្រាប់បែកបរមាណូនៅឡើយទេ។
សម្រាប់របបកុម្មុយនិស្ត រាល់សកម្មភាពសាកល្បងបង្ហោះមីស៊ីល ប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌ អភិវឌ្ឍន៍ វិទ្យាសាស្ត្រ ផ្នែកអវកាសប៉ុណ្ណោះ ប៉ុន្តែកូរ៉េខាងត្បូងនិងសម្ព័ន្ធមិត្តអាមេរិក តែងចោទប្រកាន់ថាជាការអភិវឌ្ឍន៍មីស៊ីលអន្តរទ្វីប រំលោភបម្រាមរបស់អង្គការសហប្រជាជាតិ៕ដោយ អៀង សុខម៉ិញ (RFI)