អ្នកភូមិបឹងកក់មិនអនុញ្ញាតឲ្យសកម្មជនគណបក្សសមរង្ស៊ីចូលពាក់ព័ន្ធនៅក្នុងជម្លោះដីធ្លី
នៅព្រឹកថ្ងៃទី២២ ឧសភា ២០១២ សកម្មជនគណបក្សប្រឆាំងសមរង្ស៊ី ដឹកនាំដោយអ្នកស្រី ខៃ នារី សមាជិកក្រុមប្រឹក្សាគណបក្សប្រឆាំងប្រចាំខណ្ឌដូនពេញ បាននាំគ្នាដើរចូល ក្នុងចំណោមអ្នកភូមិបឹងកក់ ដោយនាំយកជាមួយនៅខិតប័ណ្ណឃោសនាបោះឆ្នោត និងពាក់មួក ពាក់អាវគណបក្សសមរង្ស៊ីផងនោះ ខណៈពេលអ្នកភូមិតំបន់បឹងកក់ កំពុងមានការប្រឈមមុខ តវ៉ាជាមួយសមត្ថកិច្ច ក្នុងជម្លោះដីនៅបឹងកក់។
ក៏ប៉ុន្តែត្រូវបានស្ត្រីតំណាងប្រជាពលរដ្ឋបឹងកក់ ស្ទុះមកច្រានទ្រូងអ្នកស្រី ខៃ នារី និងនិយាយពាក្យអសីលធម៌ ដាក់ថា ប្រជាពលរដ្ឋបឹងកក់ មិនត្រូវការគណបក្សប្រឆាំងសមរង្ស៊ី មកចូលឡូកឡំក្នុងរឿងជម្លោះដីធ្លីរបស់ពួកគេនោះទេ។
សូមបញ្ជាក់ថា អ្នកស្រី ខៃ នារី សកម្មជនគណបក្សសមរង្ស៊ី ធ្លាប់បានយកឈ្មោះតំណាងអ្នកភូមិបឹងកក់ ចំនួន ៥ នាក់ ដាក់ចូលធ្វើជាអ្នកសង្កេតការណ៍របស់គណបក្សសមរង្ស៊ី នៅសង្កាត់ស្រះចក ដើម្បីចូលរួមការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ។ ប៉ុន្តែក្រោយមក ត្រូវបានអ្នកភូមិបឹងកក់ទាំង ៥ នាក់ បានបដិសេធ និងទាមទារឲ្យអ្នកស្រី ខៃ នារី មកថ្លែងសុំទោសអ្នកភូមិបឹងកក់ជាសាធារណៈ កាលពីពេលថ្មីៗនេះ៕