សហភាពអឺរ៉ុបបញ្ចូលក្រុមHezbollah ក្នុងបញ្ជីឈ្មោះក្រុមភេរវករ
នៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសនានានៃសហភាពអឺរ៉ុប បានសំរេចកត់ត្រាបញ្ចូលក្រុម Hezbollah ទៅក្នុងបញ្ជីឈ្មោះនៃបណ្តាក្រុមភេរវករនានា។ Hezbollah គឺជាចលនាសកម្មជនលីបង់ដ៏មានសក្តានុពលមួយ។ ក្រុមនេះគាំទ្រប្រទេសអ៊ីរ៉ង់។ បច្ចុប្បន្ន ក្រុមHezbollah កំពុងតែធ្វើសកម្មភាពច្រើនឡើង នៅប្រទេសស៊ីរី គាំទ្រប្រធានាធិបតីអាសាដ។ ប្រទេសជាច្រើនដូចជា អ៊ីស្រាអែល អាមេរិក អូស្ត្រាលី រឺក៏កាណាដា ធ្លាប់បានកត់ត្រាទុកក្រុមនេះក្នុងបញ្ជីខ្មៅរបស់ខ្លួន តាំងពីយូរណាស់មកហើយ។
នៅថ្ងៃ ចន្ទនេះ ប្រមុខការទូតនានានៃសហភាពអឺរ៉ុប បានសំរេចកត់ត្រាបញ្ចូលក្រុម Hezbollah ទៅក្នុងបញ្ជីឈ្មោះបណ្តាក្រុមភេរវករ។ ប៉ុន្តែ សហភាពអឺរ៉ុបបានប្រាប់ថា ខ្លួននៅតែមានបំណងបន្តការចរចាជាមួយមេដឹកនាំនយោបាយរបស់ក្រុម នេះដដែល។ រហូតមកដល់ពេលនេះ នៅសហភាពអឺរ៉ុប មានតែប្រទេសហូឡង់ និងអង់គ្លេសប៉ុណ្ណោះ ដែលបានកត់ត្រាទុកក្រុម Hezbollah នៅក្នុងបញ្ជីខ្មៅរបស់ខ្លួន។
ពាក្យជាភាសាអារ៉ាប់ Hezbollah ប្រែជាខ្មែរថា គណបក្សព្រះជាម្ចាស់។ ក្រុម Hezbollah ជាចលនានយោបាយនិកាយChiite លីបង់ ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៨២ នៅក្រុង Baalbek ភាគខាងកើតលីបង់។ កាលណោះ ចលនានេះមានទិសដៅប្រឆាំងការឈ្លានពានរបស់អ៊ីស្រាអែលមកលើ លីបង់។ ក្នុងសកម្មភាពប្រឆាំងអ៊ីស្រាអែល ក្រុម Hezbollah ទទួលបានជំនួយហិរញ្ញវត្ថុពីប្រទេសអ៊ីរ៉ង់។ ចាប់ពីឆ្នាំ ១៩៨៥ មក សាខាយោធាក្រុមនេះបានឈរជើងយ៉ាងរឹងមាំ នៅភាគខាងត្បូងលីបង់។ ក្រុមនេះតែងតែវាយប្រហារបង្កអោយមានមនុស្សស្លាប់ច្រើន ជាហេតុនាំអោយអ៊ីស្រាអែលដកកងទ័ពខ្លួនចេញពីលីបង់ នៅឆ្នាំ២០០០ បន្ទាប់ពីមានវត្តមាននៅប្រទេសនេះ អស់រយៈពេល ២២ឆ្នាំរួចមក។
នៅឆ្នាំ ១៩៨៩ក្រុម Hezbollah បានត្រូវអ៊ីស្រាអែលកត់បញ្ចូលឈ្មោះទៅក្នុងបញ្ជីក្រុមភេរវករ។ ក្រុមនេះមិនមែនត្រឹមតែជាសត្រូវរបស់អ៊ីស្រាអែលតែមួយនោះទេ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី រឺក៏ប្រទេសបារ៉ែន ក៏បានកត់ត្រាក្រុមនេះក្នុងបញ្ជីខ្មៅរបស់ខ្លួនដែរ។
កាលពីដើមខែមិថុនា កន្លងទៅ អ្នករាជានិយមនានាដែលកាន់កាប់ផ្នែកប្រេងឥន្ធនៈ នៅតំបន់ឈូងសមុទ្រ ពែរស៍ បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងសមាជិកក្រុម Hezbollah ដែលរស់នៅ តំបន់ឈូងសមុទ្រពែរស៍ ជាការសងសឹកនឹងសកម្មភាពដែលក្រុម Hezbollah បានបង្កនៅប្រទេសស៊ីរី។ គួរបញ្ជាក់ថា នៅស៊ីរី ក្រុម Hezbollah និកាយChiite ធ្វើសកម្មភាពគាំទ្រប្រធានាធិបតីអាសាដ៕ដោយ ព្រំ សឿន សូលីណា(RFI)