បារាំងទៅចែចង់ម៉ាឡេស៊ីលក់យន្តហោះប្រដេញនិងនុយក្លេអ៊ែរស៊ីវិល
ការ លក់យន្តហោះប្រដេញប្រភេទ Rafale និងបច្ចេកវិទ្យានុយក្លេអែរស៊ីវិល គឺជាប្រធានបទសំខាន់ពីរនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី បារាំង នៅប្រទេសម៉ាឡេស៊ីសប្តាហ៍ក្រោយនេះ ក្នុងក្រប ខ័ណ្ឌទស្សនកិច្ចមួយជុំនៅអាស៊ី។ នេះបើតាមប្រភពព័ត៌មានស្និទ្ធនឹងនាយករដ្ឋមន្ត្រី។
លោក នាយករដ្ឋមន្ត្រីបារាំង Jean-Marc Ayrault នឹងអញ្ជើញទៅបំពេញទស្សនកិច្ចមួយជុំនៅអាស៊ី ដោយចាប់ផ្តើមពីប្រទេសម៉ាឡេស៊ី បន្ទាប់មកកូរ៉េខាងត្បូង និងនូវែលកាលីដូនី នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
កម្មវត្ថុនៃដំណើរទស្សនកិច្ចផ្លូវការនេះ គឺចង់អូសទាញឱ្យ ម៉ាឡេស៊ី ជ្រើសរើសទិញយន្តហោះចម្បាំងពីបារាំង ព្រោះបារាំងជាប្រទេសអ្នកផ្គត់ផ្គង់ដំបូងគេបង្អស់ សម្ភារៈយោធាដល់ម៉ាឡេស៊ី ឯចំណែកម៉ាឡេស៊ីវិញក៏ជាប្រទេសដៃគូទី៥របស់បារាំង ប្រចាំតំបន់អាស៊ី បន្ទាប់ពីចិន ជប៉ុន សិង្ហបុរី និងកូរ៉េខាងត្បូង។
ម៉ាឡេស៊ី ត្រូវការប្តូរយន្តហោះចម្បាំងចាស់គំរិលប្រភេទ MIG-២៩ ចេញ ដោយមានគម្រោងទិញយន្តហោះចម្បាំងថ្មីមកចំនួន១៨គ្រឿង នៅឆ្នាំ២០១៥។ នៅក្នុងចំណោមក្រុមហ៊ុនប្រកួតប្រជែងទាំង៥ គេសង្កេតឃើញមានក្រុមហ៊ុនផលិតយន្តហោះបារាំង Dassault ស្ថិតក្នុងជម្រើសរបស់ម៉ាឡេស៊ីមួយស្រាប់ទៅហើយ។ យន្តហោះប្រដេញបារាំងមានគូប្រជែងធំៗដូចជា Eurofighter Typhoonរបស់ក្រុមហ៊ុនរួមអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី – Gripenរបស់ក្រុមហ៊ុនSaab ស៊ុយអែត – F/A ១៨E/F Boeing អាមេរិក និងយន្តហោះប្រដេញរុស្ស៊ីSu-៣០។
ក្រៅអំពីវិស័យយោធា ម៉ាឡេស៊ីក៏បានបង្ហាញចំណាប់អារម្មណ៍នឹងកម្មវិធីនុយក្លេអ៊ែរស៊ីវិលផង ដែរ ថ្វីដ្បិតតែមិនមែនជាតម្រូវការបន្ទាន់ភ្លាម ក្នុងពេលបច្ចុប្បន្នមែន ប៉ុន្តែវិស័យថាមពលនុយក្លេអ៊ែរនេះមានចែងក្នុងគម្រោងស្វែងរក ប្រភពទូទៅ។
គម្រោងសាងសង់ខ្សែរថភ្លើងល្បឿនលឿន ភ្ជាប់ពីទីក្រុង កូឡាឡាំពួរ ទៅក្រុងសិង្ហបុរី ក៏ត្រូវបានក្រុមហ៊ុនបារាំងសំឡឹងឃើញ និងចង់ដណ្តើមយកទីផ្សារនេះ នាឱកាសទស្សនកិច្ចរបស់លោកនាយក រដ្ឋមន្ត្រីបារាំងនៅម៉ាឡេស៊ីដែរ៕ដោយ អៀង សុខម៉ិញ (RFI)