គ.ជ.ប មិនទាន់សម្រេចលើការស្នើសុំចុះឈ្មោះ សម រង្ស៊ី ជាបេក្ខជនតំណាងរាស្ត្រ
Cambodia News/
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនទាន់កំណត់ពេលប្រជុំ សម្រេចនៅឡើយទេ អំពីលិខិតស្នើសុំចុះឈ្មោះជាបេក្ខជនតំណាងរាស្ត្ររបស់ លោក សម រង្ស៊ី នៅមណ្ឌលខេត្តកណ្តាល។

កាលនៅព្រឹកថ្ងៃទី២២ ខែកក្កដា នេះ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានបញ្ជូនលិខិតរបស់ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ទៅកាន់ គ.ជ.ប រួចហើយ តែការប្រជុំនិងសម្រេចគឺ នៅមិនទាន់អាចកំណត់ពេលបាននៅ ឡើយទេ
លិខិតរបស់លោក សម រង្ស៊ី ផ្ញើជូនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក អ៊ឹម សួស្តី ដោយចម្លងថ្វាយព្រះមហាក្សត្រ និងជូននាយករដ្ឋមន្ត្រី ចេញផ្សាយថ្ងៃទី២១ ខែកក្កដា ម្សិលមិញនេះ បានស្នើសុំដាក់ឈ្មោះលោក ក្នុងបញ្ជីផ្លូវការបេក្ខជនតំណាងរាស្ត្រ មណ្ឌលខេត្តកណ្ដាល។
ករណីនេះ នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា និកហ្វិច លោក ហង្ស ពុទ្ធា យល់ថា គ.ជ.ប មានសិទ្ធិពេញលេញ ក្នុងការបដិសេធលើការស្នើសុំនេះ ប៉ុន្តែលោកថាករណីនេះ អាចនឹងមានការចរចាផ្នែកនយោបាយ ដែលនាំឲ្យលោក សម រង្ស៊ី មានសិទ្ធិឈរឈ្មោះបាន ដូចជាការស្នើសុំលើកលែងទោសកន្លងមក។
កន្លងមក សហគមន៍អន្តរជាតិរួមមាន សភាអឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី ជាដើម បានជំរុញឲ្យរដ្ឋាភិបាល ធានាសុវត្ថិភាពដល់លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ចូលស្រុកវិញ ហើយអាចឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ដើម្បីធានាឲ្យមានការប្រកួតប្រជែង ស្មើភាព និងយុត្តិធម៌ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ៕