អ្នករាជានិយមតំបន់ឈូងសមុទ្រពែរស៍ចង់បង្កើតមូលនិធិ៤០០លានដុល្លារជួយបក្សប្រឆាំងស៊ីរី
នៅថ្ងៃអាទិត្យម្សិលមិញ លោក Ahmad Jarba ដែលជាមេដឹកនាំថ្មីនៃសម្ព័ន្ធប្រឆាំងស៊ីរី បានចេញសេចក្តីប្រកាសមួយចែងថា អ្នករាជានិយមនានា ដែលកាន់កាប់ផ្នែកប្រេងឥន្ធនៈ នៅតំបន់ឈូងសមុទ្រពែរស៍ ចង់បង្កើតអោយមានមូលនិធិមួយជាទឹកប្រាក់៤០០លានដុល្លារ អាមេរិក ដើម្បីជួយសម្ព័ន្ធប្រឆាំងស៊ីរី។
នៅ ថ្ងៃអាទិត្យម្សិលមិញនេះ យោងតាមសេចក្តីប្រកាសរបស់លោក Ahmad Jarba ដែលជាមេដឹកនាំសម្ព័ន្ធប្រឆាំងស៊ីរី អ្នករាជានិយមអារ៉ាប់នានាដែលកាន់កាប់ផ្នែកប្រេងឥន្ធនៈនៅតំបន់ ឈូងសមុទ្រពែរស៍ មានបំណងបង្កើតនូវមូលនិធិ ជាទឹកប្រាក់៤០០លានដុល្លារអាមេរិក ដើម្បីជួយសម្ព័ន្ធប្រឆាំងស៊ីរី។ មូលនិធិនេះ គឺដើម្បីអោយសម្ព័ន្ធប្រឆាំងអាចយកទៅជួយតំបន់ដែលក្រុមឧទ្ទាមស៊ីរី រំដោះបាន និងជួយជនភៀសខ្លួនដែលគេចពីសង្គ្រាមក្នុងស្រុក ទៅនៅប្រទេសជិតខាងក្បែរនោះ។
មេដឹកនាំសម្ព័ន្ធប្រឆាំងស៊ីរី មិនបានអត្ថាធិប្បាយអ្វីទាក់ទង នឹងបែបបទបង្កើតមូលនិធិនេះ រឺក៏ថាតើគេនឹងធ្វើហិរញ្ញប្បទានតាមវិធីណានោះឡើយ។ កាលពីថ្ងៃសៅរ៍នេះ លោក Ahmad Jarba បានចេញសេចក្តីប្រកាសមួយទៀតថា អាទិភាពរបស់សម្ព័ន្ធប្រឆាំងស៊ីរី គឺធ្វើយ៉ាងណាស្វែងរកអាវុធអោយបានឆាប់បំផុត ដើម្បីផ្តល់អោយក្រុមឧទ្ទាម ក្នុងការប្រយុទ្ធទប់ទល់នឹងកងទ័ពប្រធានាធិបតីអាសាដ។
ក្រុមឧទ្ទាមរំដោះបានតំបន់ជាច្រើននៅស៊ីរី ហើយតំបន់ទាំងនេះ មានទំហំពាក់កណ្តាលប្រទេសស៊ីរី។ លោក Ahmad Jarba ធ្លាប់អំពាវនាវជាច្រើនលើកមកហើយ សុំអោយសហភាពអឺរ៉ុបផ្តល់អាវុធដល់ក្រុមឧទ្ទាមស៊ីរី។ នៅសប្តាហ៍ក្រោយនេះ មេដឹកនាំសម្ព័ន្ធប្រឆាំងស៊ីរីរូបនេះ នឹងចេញដំណើរទៅបំពេញទស្សនកិច្ចនៅបណ្តាបស្ចិមប្រទេសនានា ក្នុងនោះលោកនឹងជួបប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់។
គួររំលឹកថា លោក Ahmad Jarba បានចូលកាន់តំណែងជាមេដឹកនាំសម្ព័ន្ធប្រឆាំងស៊ីរី កាលពីដើមខែ កក្កដា បន្តពីលោក Moaz al-Khatib។ កាលពីខែមិនាដើមឆ្នាំ លោក al-Khatib បានលាចេញពីតំណែងនេះ ដើម្បីបរិហារសហគមន៍អន្តរជាតិ ថា នៅស្ងៀមមិនព្រមប្រតិកម្ម នៅចំពោះមុខជម្លោះរ៉ាំរ៉ៃនៅស៊ីរី។ ជាងពីរឆ្នាំមកនេះ វិបត្តិជម្លោះស៊ីរីបានធ្វើអោយស្លាប់មនុស្សអស់ជាងមួយសែន នាក់ និងធ្វើអោយប្រជាជនមួយលានប្រាំបីសែននាក់ទៀតរត់ភៀសខ្លួន៕ដោយ ព្រំ សឿន សូលីណា (RFI)