បើក្រុមប្រឈមមុខខ្ពស់នៅតែជួបបញ្ហា តើផែនការបីសូន្យ អាចសម្រេចបានឬទេនាឆ្នាំ ២០២០?
Cambodia News/
នៅក្នុងក្របខ័ណ្ឌមេរោគអេដស៍និងជំងឺអេដស៍ ក្រុមគោលដៅប្រឈមមុខខ្ពស់គឺសំដៅលើស្រ្តីបម្រើសេវាកម្សាន្ត បុរសស្រឡាញ់បុរស ក្រុមស្រីស្រស់ ឬ (ក្រុមមនុស្សប្រុសតែងខ្លួនជាស្រីនិងយកបុរសគ្នាឯងធ្វើជាប្តី) និងអ្នកប្រើប្រាស់គ្រឿងញៀនដោយមិនចាក់និងចាក់នឹងម្ជុលស៊ឺរ៉ាំង។
ថ្មីៗនេះមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគនៃក្រសួងសុខាភិបាលបានឲ្យដឹងថា អត្រាប្រវ៉ាឡង់នៃការឆ្លងមេរោគអេដស៍នៅមានកម្រិតខ្ពស់នៅឡើយក្នុងចំណោមក្រុមគោលដៅនេះ ដែលតម្រូវឲ្យស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់នៅថ្នាក់ជាតិនិងនៅថ្នាក់ក្រោមជាតិយកចិត្តទុកដាក់ខ្ពស់។
បើតាមរបាយការណ៍របស់មជ្ឈមណ្ឌលនេះបានបញ្ជាក់ថា អត្រាប្រវ៉ាឡង់នៃការឆ្លងមេរោគអេដស៍ក្នុងចំណោមក្រុមនេះមាន៖ ស្រ្តីបម្រើសេវាកម្សាន្តមាន ១៣,៩% បុរសស្រឡាញ់បុរសមាន ២,១% ក្រុមស្រីស្រស់មាន ៩,៨% អ្នកប្រើប្រាស់គ្រឿងញៀនដោយលេប (មិនចាក់នឹងម្ជុលស៊ឺរ៉ាំង) មាន ៤,៤% និង ដោយចាក់មាន ២៥%។
នៅក្នុងកិច្ចប្រជុំរវាងអង្គការខាណានិងអង្គការដៃគូប្រចាំឆ្នាំ ២០១៣ កន្លងមកនេះបានរំលឹកពីការធ្វើសមាហរណកម្មនៃកម្មវិធីអេដស៍នៅក្នុងវិស័យសុខាភិបាលដើម្បីឲ្យប្រទេសកម្ពុជាសម្រេចបានយុទ្ធសាស្រ្តបីចុចសូន្យ (៣.០) សម្រាប់រយៈពេល ១០ឆ្នាំ (២០១១-២០២០) ដែលសំដៅលុបបំបាត់ទាំងស្រុងនូវការឆ្លងថ្មីនៃមេរោគអេដស៍នៅទូទាំងប្រទេស។
ពាក្យថា ផែនការ “បីចុចសូន្យ” និងផែនការ “បីសូន្យ” គឺជាពាក្យបច្ចេកទេសរបស់ក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើសរសេរជាលេខគឺដូចគ្នា តែអានខុសគ្នា គឺ ផែនការ ៣.0 (បីចុចសូន្យ) និងផែនការ ៣.0 (បីសូល)។
ផែនការ “បីចុចសូន្យ” គឺជាផែនការរបស់ក្រសួងសុខាភិបាលដែលកំណត់លើផែនការក្នុងទស្សវត្សទី ៣ (២០១១ – ២០២០) នៃការប្រយុទ្ធនឹងមេរោគអេដស៍ ហើយផែនការនេះសំដៅលើការធ្វើមិនឲ្យមានការឆ្លងថ្មីនៃមេរោគអេដស៍ក្នុងឆ្នាំ ២០២០។ ឯផែនការ “បីសូន្យ” គឺជាផែនការថ្នាក់ជាតិដែលមានវិសាលភាពជាងផែនការ “បីចុចសូន្យ” របស់ក្រសួសួងសុខភាភិបាល ដែលក្នុងនោះ មានបន្ថែមពីរចំណុចសំខាន់ទៀតក្រៅពីការលុបបំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍ក្នុងឆ្នាំ ២០២០ គឺមិនឲ្យមានអ្នកស្លាប់ដោយសារមេរោគអេដស៍ និងលុបបំបាត់ការមាក់ងាយនិងការរើសអើងដល់អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមគោលដៅប្រឈមមុខខ្ពស់ខាងលើនៅឆ្នាំ ២០២០។
មន្រ្តីជំនាញការងារប្រយុទ្ធនឹងជំងឺអេដស៍ជាច្រើនទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិបានដាក់សំណួរថា តើផែនការ “បីចុចសូន្យ” របស់ក្រសួងសុខាភិបាល និងផែនការ “បីសូន្យ” របស់ថ្នាក់ជាតិបានសម្រេចដែរឬទេ ខណៈដែលក្រុមគោលដៅប្រឈមមុខខ្ពស់ ដែលមានស្រ្តីបម្រើសេវាកម្សាន្ត បុរសស្រឡាញ់បុរស ក្រុមស្រីស្រស់ និងអ្នកប្រើប្រាស់គ្រឿងញៀនដោយមិនចាក់និងចាក់នឹងម្ជុលស៊ឺរ៉ាំងនៅតែជួបប្រទះបញ្ហា ដូចជាការមាក់ងាយ ការរើសអើង និងការប្រឈមនឹងទោសទណ្ឌក្នុងមាត្រាច្បាប់នោះ?
លោក ជួប សុខចំរើន នាយករងទទួលបន្ទុកប្រតិបត្តិការទូទៅរបស់អង្គការខាណាបាននិយាយថា ក្រុមគោលដៅប្រឈមមុខខ្ពស់ខាងលើមានគ្រោះថ្នាក់ទ្វេដង ព្រោះក្នុងចំណោមពួកគេមានអ្នកប្តូរដៃគូរួមភេទជាញឹកញាប់ និងមិនប្រើស្រោមអនាម័យទៀងទាត់ ខណៈអ្នកខ្លះក៏លក់ខ្លួនដែរ (រកស៊ីផ្លូវភេទ)។
លោក សុខចំរើន បានបន្តថា ចំពោះបុរសស្រលាញ់បុរសខ្លះអាចរួមភេទបានទាំងជាមួយបុរសនិងជាមួយស្រ្តី ហើយបុរសស្រលាញ់បុរសខ្លះទៀតនៅយល់ខុសថា ការរួមភេទជាមួយបុរសដូចគ្នាមិនមានឆ្លងមេរោគអេដស៍។
ចំណែកឯអ្នកប្រើប្រាស់គ្រឿងញៀនវិញអាចទទួលរងជំងឺញៀនថ្មាំផង និងអាចឆ្លងមេរោគអេដស៍ផង តារយៈការប្រើស៊ីរ៉ាំងរួមគ្នា និងការរួមភេទដោយមិនប្រើស្រោមអនាម័យ។
ដោយសារតែសង្គម និងផ្នត់គំនិតជាទូទៅរបស់ប្រជាជនកម្ពុជានៅមិនទាន់ទទួលស្គាល់ថា ក្រុមគោលដៅខាងលើជាជនរងគ្រោះ នោះការមាក់ងាយនិងការរើសអើងបានកើតមានចំពោះពួកគេ ខណៈដែលអ្នករកស៊ីផ្លូវភេទ និងអ្នកប្រើប្រាស់គ្រឿងញៀនអាចប្រឈមនឹងច្បាប់។
ការមិនយកចិត្តទុកដាក់ ដោយរួមទាំងការចាប់ខ្លួនពីសំណាក់មន្រ្តីមានសមត្ថកិច្ចផងបានធ្វើឲ្យក្រុមគោលដៅទាំងនោះលាក់មុខ មិនហ៊ានចេញជាសាធារណៈមកទទួលការអប់រំពីបញ្ហាសុខភាព ពិសេសមេរោគអេដស៍ ហើយមិនបានទទួលសេវាសុខភាពនិងសេវាសង្គមឯទៀតៗដូចអ្នកដទៃ។
ដោយមើលឃើញពីការប្រឈមមុខខ្ពស់បែបនេះ ទើបសហគមន៍ផ្តល់ជំនួយ ពិសេសទីភ្នាក់ងារ USAID បានជួយកាំទ្រក្នុងការអនុវត្តផែនការ “បីចុចសូន្យ” និងផែនការ “បីសូន្យ” ខាងលើ ហើយធ្វើឲ្យក្រុមគោលដៅប្រឈមមុខខ្ពស់មានសិទ្ធិទទួលបានសេវាអបរំ សេវាសុខភាពទូទៅ និងសេវាសង្គមផ្សេងៗទៀតបានស្មើៗគ្នាដូចពលរដ្ឋទូទៅដែរ។ អត្ថបទនេះផលិតឡើងក្រោមជំនួយសប្បុរសធម៌ពីប្រជាជនអាមេរិកតាមរយៈ USAID។ រាល់ខ្លឹមសារដែលមានក្នុងអត្ថបទនេះគឺជាការទទួលខុសត្រូវរបស់អង្គការខាណា និងមិនបានឆ្លុះបញ្ចាំងទស្សនៈរបស់ USAID ឬរដ្ឋាភិបាលអាមេរិកឡើយ៕