ជំហានឆ្ពោះទៅគ្រប់គ្រងទឹកអាស៊ីតដ៏តឹងតែងដើម្បីការពារស្ត្រី
នៅប្រទេសឥណ្ឌា តុលាការកំពូលទើបចេញសាលក្រមឱ្យរដ្ឋក្នុងសហព័ន្ធទាំងអស់ គ្រប់គ្រង់ការលក់ដូរទឹកអាស៊ីត ឱ្យបានតឹងតែងបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយប្រហារជះទឹកអាស៊ីតលើស្ត្រីភេទ។ អាស៊ីតស៊ុលហ្វួរិច ក្លរីឌ្រិច មានធ្វើចរាចរណ៍ទិញលក់ដោយសេរី ពេញផ្ទៃប្រទេស ព្រោះជាផលិតផលដែលប្រើជាទូទៅសម្រាប់សម្អាតផ្ទះសម្បែង ឬសម្រាប់ឧស្សាហកម្ម ប៉ុន្តែក៏ត្រូវបានបុរសៗទិញយកទៅ ជះដាក់មុខស្ត្រីៗដើម្បីសងសឹក។ គេសង្កេតឃើញមានការវាយប្រហារដោយទឹកអាស៊ីតរាប់រយករណី ក្នុងមួយឆ្នាំៗ។
តុលាការកំពូលបានដាក់កំហិត ឱ្យពេលបីខែដល់អាជ្ញាធរ រដ្ឋាភិបាលតំបន់ទាំងអស់ អនុម័តច្បាប់កំណត់ការធ្វើពាណិជ្ជកម្មទឹកអាស៊ីត ដ៏តឹងតែងបំផុត ដែលមានចែងដូចតទៅ ៖ ហាមមិនឱ្យលើកទឹកអាស៊ីតដល់ក្មេងមិនទាន់ពេញវ័យ (ក្រោម១៨ឆ្នាំ)។ បន្ទាប់មកទៀត អ្នកទិញត្រូវមានបង្ហាញអត្តសញ្ញាណប័នដល់អ្នកលក់ទើបអាចទិញផលិតផល អាស៊ីតណាមួយបាន។ ធ្វើយ៉ាងដូច្នេះគេអាចស្គាល់មុខ និងមានដានអ្នកទិញ។ ចំពោះពាណិជ្ជករ និងអ្នកលក់វិញ ត្រូវធ្វើរបាយការណ៍ប្រកាសអំពីបរិមាណអាស៊ីតនៅក្នុងឃ្លាំង និងចំនួនលក់ដូរប្រចាំថ្ងៃដល់ប៉ូលិស។ ជាចុងក្រោយ អាជ្ញាធរ ត្រូវបង់ប្រាក់សំណង៤០០០អឺរ៉ូដល់ជនរងគ្រោះ ព្រមទាំងចេញថ្លៃព្យាបាលទៀត។
កាលពីចុងខែធ្នូឆ្នាំ២០១២ ពេលមានបាតុកម្មជាតិប្រឆាំងនឹងអំពើរំលោភបំពានផ្លូវភេទលើស្ត្រី សភាឥណ្ឌាបានអនុម័តច្បាប់ជាលើកទីមួយ ដាក់ការវាយប្រហារដោយទឹកអាស៊ីតថា ជាទង្វើឧក្រិដ្ឋកម្ម ដោយត្រូវទទួលទោសជាប់ពន្ធនាគារ១០ឆ្នាំ។ ប៉ុន្តែការដាក់ទោសលើបុរសចិត្តអមិត្តនេះគ្រប់គ្រាន់ទេ។ ការវាយ ប្រហារទឹកអាស៊ីតនៅតែមានច្រើនករណីដដែល នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
សមាគមន៍ជនរងគ្រោះបានសម្តែងការអបអរចំពោះចំណាត់ការថ្មីរបស់តុលាការ កំពូល ព្រោះ ឧទាហរណ៍ជាក់ស្តែងនៅប្រទេសបង់ក្លាដែស ដែលវិធានការបែបនេះបានកាត់បន្ថយការវាយប្រហារដោយទឹកអាស៊ីតគួរឱ្យ កត់សម្គាល់។ ប៉ុន្តែគេត្រូវរង់ចាំមើលក្រិត្យច្បាប់ចូលជាធរមានសិន និងពិសេសរង់ចាំមើលការអនុវត្តន៍ជាក់ស្តែងសិន ទើបអាចនិយាយអំពីប្រសិទ្ធិភាពច្បាប់បាន៕ដោយ អៀង សុខម៉ិញ (RFI)