អង់គ្លេស​​​លក់​​សម្ភារៈ​​យោធា​​អោយ​​ស៊ីរី​​និង​​អ៊ីរ៉ង់​​

នៅ​ថ្ងៃ​ពុធ​នេះ គណកម្មការ​សភា​អង់គ្លេស​បាន​ចេញផ្សាយ​របាយការណ៍​ដ៏​គួរ​អោយ​ព្រួយ​បារម្ភ​​ មួយ​ ចែង​​ថា រដ្ឋាភិបាល​អង់គ្លេស​​លក់​សម្ភារៈ​យោធា​ទៅ​អោយ​​​គ្រប់​បណ្តា​​ប្រទេស​ដែល​ មាន​ភាព​រំជើប​រំជួល​ផ្នែក​នយោបាយ​ ​ដូច​ជា​ស៊ីរី រឺ​ក៏​អ៊ីរ៉ង់​ជាដើម។ រដ្ឋាភិបាល​អង់គ្លេស​​បាន​ប្រតិកម្ម​ទៅវិញ​ថា អង់គ្លេស​មិន​បាន​លក់​នូវ​សម្ភារៈ​​អ្វី​​ដែល​​​ប្រើ​​ដើម្បី​ពន្យុះ​អោយមាន ​ជម្លោះ​​ក្នុង​តំបន់​ រឺ​ក៏​ជម្លោះ​ជា​អន្តរជាតិ​នោះ​ទេ។

យោងតាម ​លោក​ Jonh Stanley អតីត​រដ្ឋមន្ត្រី​​ការពារ​ជាតិ​​ និង​ជា​ប្រធាន​គណកម្មការ​សភា​​​អង់គ្លេស រដ្ឋាភិបាល​អង់គ្លេស​បាន​​​បន្ត​​អាជ្ញាបណ្ណ​​ចំនួន​ ៣​០០០ ក្នុង​​តំលៃ​​​ទឹក​ប្រាក់​​ជាង​ ១៤ពាន់លាន​អឺរ៉ូ ដើម្បី​នាំ​សម្ភារៈ​យោធា​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស។ សំរាប់​អតីត​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​រូបនេះ​ ទឹកប្រាក់​ជាង​១៤ពាន់​លាន​អឺរ៉ូ​នេះ​ គឺ​ជា​ទឹកប្រាក់​មហាសាល។

ក្នុង​ ចំណោម​ប្រទេស​ទាំង​២៧​ដែល​មានស្ថានភាព​នយោបាយ​រំជើបរំជួល មាន​តែ​ប្រទេស​​កូរ៉េ​ខាងជើង​និង​ស៊ូដង់​ខាង​ត្បូង​ទេ​ ដែល​មិន​បាន​ចុះ​កិច្ច​សន្យា​ទិញ​-លក់​សម្ភារៈ​យោធា​ជាមួយ​អង់គ្លេស។ ​អ៊ីរ៉ង់​បាន​ចុះ​កិច្ចសន្យា​ចំនួន​៦២ ជាមួយ​អង់គ្លេស ហើយ​​​​រុស្ស៊ី​​ចុះ​កិច្ច​សន្យា​​​២៧។ អ៊ីរ៉ង់​ទិញ​ពី​អង់គ្លេស​នូវ​ឧបករណ៍​​ការពារ​​​​​សុវត្ថិភាព​​​​​​​​នៃ​សារ​ ទំនាក់ទំនង​គ្នា។ រីឯ​រុស្ស៊ី​វិញ បញ្ជាទិញ​​​ឧបករណ៍​ដូច​ជា​ សម្ភារៈ​​បច្ចេកទេស​ជីវសាស្ត្រ​ កាំភ្លើង​​ប្រើ​វ៉ែនតា រឺ​ក៏​យន្តហោះ Drone ដែល​គ្មាន​មនុស្ស​បើក​ជាដើម។ ​

រុស្ស៊ី​និង​អ៊ីរ៉ង់​​​ជា​ប្រទេស​ដែល​ផ្តល់​អាវុធ​​ដល់​រ​ដ្ឋាភិបាល​​​ ស៊ីរី។ ​នៅ​ស៊ីរី​ ​សង្គ្រាម​រ៉ាំរ៉ៃ​ជាង​ពីរ​ឆ្នាំ​មក​នេះ បាន​ធ្វើ​អោយ​​មាន​​​​​មនុស្ស​ស្លាប់​ជិត​មួយ​សែន​នាក់​​​ហើយ។ រដ្ឋាភិបាល​ក្រុងដាម៉ាស​ បាន​​បន្ត​​ទិញ​ពី​អង់គ្លេស នូវ​យានយន្ត​គ្រប់​បែប​ប្រើ​ក្នុង​​​សមរភូមិ និង​ឧបករណ៍​ចាប់សម្លេង​ក្នុង​ទឹក។ ដោយឡែក អង់គ្លេស​ទើប​តែ​បាន​ប្រកាស​ កាល​ពី​ថ្ងៃ​អង្គារ​នេះ​​​ថា ​នឹង​​ផ្តល់​សម្ភារៈ​ទប់ទល់​អាវុធ​​ជាតិ​គីមី​ទៅ​អោយ​បក្ស​ប្រឆាំង​ស៊ីរី នា​ពេល​ខាងមុខ​នេះ។​​​

ប្រមុខការទូត​អង់គ្លេស​ លោក William Hague បាន​ប្រតិកម្ម​យ៉ាង​រហ័ស​ទៅ​នឹង​របាយការណ៍​របស់​គណកម្មការ​សភា​អង់គ្លេស​ វិញថា ទណ្ឌកម្ម​អង់គ្លេស​ដាក់​ទៅ​លើ​អ៊ីរ៉ង់​មាន​លក្ខណៈ​តឹងរ៉ឹង​ណាស់ ហើយ​អង់គ្លេស​មិន​​​​​នាំ​ចេញ​ទៅ​អោយ​អ៊ីរ៉ង់​​ ​នូវ​អ្វី​ដែល​​ផ្ទុយ​នឹង​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ ផ្ទុយ​នឹង​​សហភាព​អឺរ៉ុប​​ រឺ​​​ក៏​នយោបាយ​ជាតិខ្លួន​​នោះឡើយ។ រដ្ឋាភិបាល​​អង់គ្លេស​បាន​បដិសេធ​ថា ខ្លួន​មិន​លក់​​​​សម្ភារៈ​​ដែល​​​ប្រើ​​​​ពន្យុះ​អោយមាន​ជម្លោះ​​ក្នុង​ តំបន់​ រឺ​ក៏​ជម្លោះ​ជា​អន្តរជាតិ​នោះ​ទេ៕ ​ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close