ប្រធានាធិបតី​ភូមា​ចែចង់​ក្រុង​Paris​ បន្ត​ពី​ក្រុង​ Londres​

បន្ទាប់ ​ពី​បាន​បំពេញ​ទស្សនកិច្ច​នៅ​​​ អង់គ្លេស​រួច​មក នៅ​ថ្ងៃ​ពុធ​នេះ ប្រធានាធិបតី​ភូមា លោក​ថេន​ សេន បាន​​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​Paris ​ប្រទេស​បារាំង​ ដើម្បី​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​បារាំង លោក ហ្សង់ម៉ាក អៃរ៉ូល និង​ប្រធានាធិបតី​ ហ្វ្រង់ស៊័រ ហូឡង់។ លោក​ ថេន សេន​ មាន​បំណង​​​អោយ​ទំនាក់ទំនង​​​ភូមា​-​បារាំង​ ​កាន់តែខិត​​​ជិត​គ្នាថែម​ទៀត។ បេសកម្ម​របស់​ប្រធានាធិបតី​ភូមា​​​​ចែចង់​​​​​ក្រុងParis​ ​បន្តពី​ក្រុង​ Londres​ គឺ​ជា​ជំហាន​​​​បង្កើន​​ទំនាក់​ទំនង​​ពាណិជ្ជកម្ម​​រវាង​ភូមា​ និងអឺរ៉ុប​ អោយ​បាន​ប្រសើរឡើង​ ពោល​គឺ​​​ដឹកនាំ​​ភូមា​ចូល​ក្នុង​ឆាក​អន្តរជាតិ​វិញ។

ទិសដៅ ​ទស្សនកិច្ច​​ប្រធានាធិបតី​ភូមា នៅក្រុង​ Paris ​ប្រទេស​បារាំង នៅ​ថ្ងៃ​ពុធ​នេះ​ គឺ​មិន​ខុស​ពី​ទស្សនកិច្ច​នៅអង់គ្លេស​ កាល​ពី​ម្សិលមិញ​នោះទេ។ លោក ថេន​ សេន​ មាន​​បេសកកម្ម​ចែចង់​បណ្តា​អ្នក​ដឹកនាំ​បស្ចិមប្រទេស​​នានា ដើម្បី​​ជំរុញ​​ភូមា​​អោយ​លេច​មុខមាត់​ក្នុង​ឆាក​អន្តរជាតិ​ឡើងវិញ។

ដើម្បី​ចែចង់​បស្ចិមប្រទេស​ ពិសេស​ប្រទេស​​​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ខ្ពស់​ដូច​ជា​បារាំង រឺ​ក៏​អង់គ្លេស​នោះ ​លោក​ថេន​ សេន​ បាន​​​​ដោះលែង​ទាហាន​ភូមា​៤២​នាក់ ដែល​សុទ្ធ​តែ​ជា​កុមារ។ ប្រធានាធិបតី​ភូមា​ ក៏​បាន​ផ្តូល​រំលំ​ទាហាន​ការពារ​ព្រំដែន​ដែល​ត្រូវ​គេ​​ចោទ​ប្រកាន់​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស ផងដែរ។ លើស​ពីនេះ​ លោក​បាន​សន្យា​ថា​នឹង​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​ ចាប់ពី​ពេល​នេះ​រហូត​ដល់​ដំណាច់ឆ្នាំ​២០១៣​ ហើយ​អាច​នឹង​សំរេច​អោយ​មាន​បទ​ឈប់បាញ់គ្នា​​​ជាមួយ​ក្រុម​ជនជាតិ​ភាគតិច​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

ដូច​ជា​​​​រាល់​លើកដែរ​ យុទ្ធសាស្ត្រ​​ចែចង់របស់​ភូមា​​គ្មាន​ការ​​ផ្លាស់​ប្តូរ​នោះទេ គឺ​ថា ភូមា​ដោះលែង​អ្នកទោស​មនសិការ​មុន​ពេល​មហាសន្និបាត​​​​​អង្គការ​សហប្រជាជាតិ​ ។ ហើយ​យុទ្ធសាស្ត្រ​នេះ​​​ទទួល​បាន​ជោគជ័យ​ដូច​បំណង​​មែន។ ជាជាង​គិត​ទៅ​ដល់​បញ្ហា​សិទ្ធិ​មនុស្ស​ គ្រប់​បណ្តា​ប្រទេស​​អឺរ៉ុបបាន​ចាប់​អារម្មណ៍​​ចង់​សំរេច​វិនិយោគ​​នៅ​ភូមា​ ហើយ​បាន​បើកទ្វារ​​ស្វាគម​​លោក​ ថេន សេន ដែល​​​ជាប់​​ឈ្មោះ​ជា​ប្រធានាធិបតី​នៃ​កំណែកែ​ទម្រង់។

ទោះ​យ៉ាងនេះ​ក្តី​ អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាច្រើន​​យល់ថា ​​ ​ផ្លូវ​​ដើរ​​​ទៅ​រក​​សេរីភាព​ប្រជាធិបតេយ្យពិត ប្រាកដ របស់​ភូមា​នៅវែង​ឆ្ងាយ​នៅឡើយ។ ក្នុងឧកាស​​ទស្សនកិច្ច​លោក​ ថេន សេន​ នៅ​ប៉ារីស សមាគម​​សិទ្ធិមនុស្ស​នានា​​​​បាន​ស្នើ​​ប្រធានាធិបតី​បារាំង​ លោក​ហ្វ្រង់ស៊័រ ហូឡង់ កុំ​អោយ​​ស្ងៀមស្ងាត់​អោយសោះ​ ​​ចំពោះ​មុខ​​​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ភូមា៕ ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close