ថៃប្រហែលនឹងកាត់បន្ថយកងទ័ពនៅតំបន់បះបោរភាគខាងត្បូង
ឧបនាយករដ្ឋមន្ត្រីថៃ លោក Pracha Promnog បានប្រាប់អោយដឹងនៅថ្ងៃអង្គារនេះថា ថៃមានបំណងនឹងកាត់បន្ថយកងទ័ពនៅតំបន់បះបោរដែលស្ថិតនៅចុងភាគ ខាងត្បូងប្រទេស ប្រសិនបើភាពស្ងប់ស្ងាត់និងអហិង្សាអាចនៅតែបន្តក្នុងតំបន់នេះ។ ការប្រកាសរបស់រដ្ឋាភិបាលថៃធ្វើឡើងបន្ទាប់ពីភាគីថៃនិងក្រុម ឧទ្ទាមអ៊ីស្លាម “រណសិរ្សបដិវត្តជាតិ” បានសំរេចកិច្ចព្រមព្រៀងរួមគ្នា នាពេលថ្មីៗនេះ ថានឹងបន្ថយអំពើហិង្សាក្នុងឧកាសបុណ្យសាសនារ៉ាម៉ាដង់។
យោងតាមឧបនាយករដ្ឋមន្ត្រីថៃ ថៃមិនដកទ័ពចេញពីតំបន់បះបោរភាគខាងត្បូងប្រទេសនោះទេ។ ប៉ុន្តែ ថៃអាចនឹងបន្ថយចំនួនទ័ពនៅទីនោះ។ ទ័ពថៃដែលដាក់ពង្រាយការពារសន្តិសុខក្នុងតំបន់នេះ មានប្រមាណ៦ម៉ឺននាក់។ រដ្ឋាភិបាលថៃបន្ថែមថា ខ្លួនផ្តោតគំនិតទៅលើការអភិវឌ្ឍន៍តំបន់នេះ ជាជាងទៅលើការប្រយុទ្ធ។
ថៃនិងក្រុមឧទ្ទាមអ៊ីស្លាមមួយនៅក្នុងតំបន់ភាគខាងត្បូង ឈ្មោះថា “រណសិរ្សបដិវត្តជាតិ” ទើបតែបានព្រមព្រៀងគ្នា ក្នុងពេលថ្មីៗនេះថា នឹងបន្ថយអំពើហិង្សា នាឧកាសបុណ្យសាសនារ៉ាម៉ាដង់ ក្នុងរយៈពេល៤០ថ្ងៃ គិតចាប់ពីថ្ងៃ១០កក្កដា រហូតដល់ថ្ងៃ១៨សីហា។ តាំងពីថ្ងៃ១០កក្កដាមក អំពើហិង្សាក្នុងតំបន់មានការធ្លាក់ចុះពិតមែន។ មានមនុស្សរបួស ប៉ុន្តែគ្មានមនុស្សស្លាប់នោះទេ។ ដោយឡែក រហូតដល់ថ្ងៃចាប់ផ្តើមប្រារព្ធបុណ្យសាសនារ៉ាម៉ាដង់ គេនៅសង្កេតឃើញមានការវាយប្រហារនៅឡើយ។ កាលពីចុងខែមិថុនា ការផ្ទុះគ្រាប់បែកមួយបានសម្លាប់ទាហាន៨នាក់។ មេដឹកនាំក្រុមឧទ្ទាមប្រហែលជាមានការពិបាកក្នុងការគ្រប់គ្រង សកម្មជនខ្លួននៅក្នុងតំបន់បះបោរនេះ។
តំបន់ចុងភាគខាងត្បូង កាលដើមឡើយ ស្ថិតក្នុងទឹកដីប្រទេសម៉ាឡេស៊ីរហូតដល់ដើមសតវត្សរទី២០ មុននឹងក្លាយជាកម្មសិទ្ធិប្រទេសថៃ។ ក្រុមឧទ្ទាមដែលបះបោរនៅទីនោះ មិនមែនជាសកម្មជនជីហាដពិភពលោកនោះទេ។ ពួកគេធ្វើសកម្មភាពប្រឆាំងនឹងការរើសអើងរបស់ប្រជាជនថៃមកលើជនជាតិ ភាគតិចម៉ាឡេ ដែលកាន់សាសនាអ៊ីស្លាម។ តាំងពីឆ្នាំ២០០៤មក ការបះបោរនានាក្នុងតំបន់នេះបានសម្លាប់មនុស្សប្រមាណ ៥ ៧០០នាក់៕ដោយ ព្រំ សឿន សូលីណា (RFI)