ក្រសួង​ការ​ងារ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់ ​៣​ថ្ងៃ​ដើម្បី​​ទៅ​បោះ​ឆ្នោត​

Cambodia News/

ភ្នំ​ពេញ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានអនុញ្ញាត​ច្បាប់​​ជូន​​និយោជិត កម្មករ​កម្មកា​រិនី​ ​​បំរើ​ការងារនៅ​តាម​រោងចក្រ សហ​គ្រាស និង​គ្រឹះស្ថាននានា នៅទូទាំងប្រទេស ​ឈប់សម្រាក​ចំនួន ៣​ថ្ងៃ​​ចាប់ពី​ថ្ងៃទី​២៧-ដល់​២៩ ខែកក្កដា ឆ្នាំ​២០១៣ ដើម្បី​ទៅ​​ចូលរួម​​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៥​។

លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៅ​កម្ពុជា។
លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៅ​កម្ពុជា។

នៅថ្ងៃទី១៧ ខែកក្កដា នេះ លោក ជា មុនី ប្រធានសហជីពសេរីកម្មករ បាន​ស្នើ​ឲ្យ​កម្មករកម្មការិនី ទៅបោះ​ឆ្នោត​ ដើម្បីជ្រើសរើសមេ​ដឹក​នាំ​ប្រទេស ឲ្យបានត្រឹមត្រូវ តាម​ឆន្ទៈ​​រៀងៗ​ខ្លួន និង​មិន​ត្រូវ​ភ័យ​ខ្លាចនោះ​ទេ។

​លោក ជា មុនី ក៏បានអំពាវនាវ ដល់អ្នកប្រកបរបរសេវា​ដឹកជញ្ជូនតាម រថយន្តក្រុង ឬរថ​យន្ត​​ឈ្នួល​ដទៃ​ទៀត ស្នើកុំតម្លើងថ្លៃធ្វើដំណើរ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ប្រជា​ពលរដ្ឋ ឬ​កម្មករ​កម្ម​ការិនី​ ​ទៅ​​បោះ​ឆ្នោត​​បាន​​​គ្រប់ៗគ្នា។

ដូចគ្នានេះដែរ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និងជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​​កម្ពុជា​​ឯករាជ្យ ក៏បានស្នើដល់​ក្រសួង​ការ​ងារ ឲ្យ​ជួយ​អន្តរាគន៍​ទៅ​ថៅកែ​រោងចក្រ សហ​គ្រាស​​នានា ឲ្យ​​បើក​ប្រាក់​​បៀវត្សរ៍​ជូន​កម្មករ​កម្មការិនី ដើម្បី​ពួកគេ​មាន​​ថវិកា ដើម្បី​ចំណាយ​ថ្លៃ​ធ្វើដំណើរ​ទៅ​ ​​ចូលរួម​បោះឆ្នោត​​នៅ​តាម​ស្រុក​​កំណើត៕

Related Articles

Back to top button
Close
Close