រដ្ឋាភិបាលបញ្ជាឲ្យចាប់ខ្លួនអ្នកធ្វើឯកសារស្ទង់មតិក្លែងបន្លំរបស់ IRI
Cambodia News/
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជារឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ស្វែងរកមុខសញ្ញា និងតាមចាប់ខ្លួន អ្នកធ្វើឯកសារក្លែងបន្លំនិងអ្នកប្រើប្រាស់ឯកសារក្លែងបន្លំរបស់ វិទ្យាស្ថានសាធារណៈរដ្ឋអន្តរជាតិ (IRI) ស្តីពីលទ្ធផលនៃការស្ទង់មតិប៉ាន់ស្មាន អំពីការទទួលបានអសនៈតាមរាជធានី និងខេត្តនីមួយៗ បញ្ជូនខ្លួនទៅតុលាការផ្តន្ទាទោសតាមច្បាប់។
កាលពីពេលថ្មីៗនេះ មានឯកសារដែលត្រូវបានចែកផ្សាយ និងឃោសនានូវឯកសារក្លែងក្លាយ ស្តីអំពី លទ្ធផលនៃការស្ទង់មតិប៉ាន់ស្មាន អំពីការទទួលបានអសនៈតាមរាជធានី និងខេត្តនីមួយៗដោយបានបង្ហាញថា គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងនឹងទទួលបានអសនៈ ៦៤ និងគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចនឹងទទួលបានអសនៈ ចំនួន ៥៩។
នៅថ្ងៃទី១៧ ខែកក្កដា នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍មួយ បានចាត់ទុកទង្វើនេះជាទង្វើដ៏ថោកទាបបំផុតរបស់ក្រុមទុច្ចរិត ដែលបាននិងកំពុងបំផ្លាញនូវដំណើរការបោះឆ្នោតមួយដែលត្រូវមានភាព សេរី តម្លាភាព និងជាពិសេសត្រឹមត្រូវ និងយុត្តិធម៌។
សេចក្តីថ្លែងការណ៍បន្តថា ល្បិចទុច្ចរិត និងថោកទាបនេះដែលជាការបោកបញ្ជោតមតិសាធារណៈ បាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់ស្ថេរភាពសង្គម បង្កឡើងនូវភាពអសន្តិសុខ ប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយប្រការនេះក៏អាចបង្កឲ្យមាននូវចលាចលសង្គមផងដែរ៕
នៅចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតទាំងអស់ រក្សាការស្ងាត់ស្ងៀម កុំចាញ់បោកល្បិចបោកប្រាស់ដ៏ថោកទាប របស់ជនទុច្ចរិត នៃគណបក្សមួយនោះ ព្រោះថា លោកស្រី Jessica Keegan ប្រធាន IRI បានធ្វើការបដិសេធជាផ្លូវការតាមរយៈសារអេឡិចត្រូនិចចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៣ ផ្ញើមកទីស្តីការគណៈរដ្ឋមន្រ្តីរួចហើយថា ឯកសារដែលជនទុច្ចរិតបានផលិត និងចែកចាយផ្សព្វផ្សាយនេះ គឺជាឯកសារក្លែងបន្លំ៕