ចិនជម្លៀសមនុស្សកន្លះលាននាក់ពីគ្រោះព្យុះសង្ឃរាស៊ូលិក
ទោះបី ជាមានឥទ្ធិពលធ្លាក់ខ្សោយបន្តិចក្តី ក៏នៅថ្ងៃអាទិត្យនេះ អាជ្ញាធរចិន បានជម្លៀសបណ្តាជនប្រមាណកន្លះនាក់ រស់នៅភាគខាងកើតប្រទេស ដើម្បីគេចនឹងព្យុះសង្ឃរា ស៊ូលិក (Soulik)។ ព្យុះស៊ូលិក នឹងវាយបោកបក់ ពាំនាំយកទឹកភ្លៀងយ៉ាងច្រើន ដែល អាចបង្កជាទឹកជំនន់ និងការហូរបាក់ដីភក់ផង។
ព្យុះ ស៊ូលីក បានបោកបក់មកដល់ឆ្នេរFujian របស់ចិន ក្នុងល្បឿន១២០គ.ម.ក្នុងម៉ោង មុនបន្ថយឥទ្ធិពលមកត្រឹមជាព្យុះរដូវវស្សា។ ប៉ុន្តែទោះជាយ៉ាងដូច្នេះក្តី បណ្តាជនជាងកន្លះលាននាក់ត្រូវបានជម្លៀសទៅកាន់ទីមានសុវត្ថិភាព កងកម្លាំងទាហានប្រមាណជាង៥៥០០នាក់ បានប្រមូលផ្តុំដើម្បីជួយសង្គ្រោះ។ ព្រោះក្នុងរយៈពេលតែមួយយប់ថ្ងៃសៅរ៍ឆ្លងមកថ្ងៃអាទិត្យនេះ កំពង់ផែសមុទ្ទរបស់ក្រុងបានលិចលង់ ទឹកស្ទឹងបានជោរឡើងហួសកំរិតប្រកាសអាសន្ន និងមានរលក កម្ពស់ជាង១០ម៉ែត្រ កំពុងវាយបោកគំរាមទំនប់Ningde។
បើតាមសារព័ត៌មានផ្លូវការចិន ស៊ីនហួ នាវាគ្រប់ប្រភេទប្រមាណជិត ៣១០០០ទូកបានចូលចតក្នុងកំពង់របស់តំបន់។ មុននឹងមកដល់ចិន ព្យុះស៊ូលិក បានពន្លិចភូមិដ្ឋានភាគខាងជើងតៃវ៉ាន់ ព្រមទាំងបំផ្លិចបំផ្លាញផ្ទះសម្បែង ព្រៃព្រឹក្សា ជាមួយល្បឿនខ្យល់២២០គ.ម.ក្នុងមួយម៉ោង និងផ្តាច់ជីវិតមនុស្សអស់ពីរនាក់ បាត់ខ្លួនម្នាក់ របួសជាង១០០នាក់។
សូមបញ្ជាក់ថា ក្នុងមួយសប្តាហ៍នេះ ប្រទេសចិនមួយភាគធំ ពីទិសខាងកើត ដល់ភាគនិរតី រងគ្រោះព្យុះភ្លៀងរដូវវស្សា យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅខេត្ត ស៊ីឈ័ន មនុស្សជាងពីរនាក់បានស្លាប់និងបាត់ខ្លួន ក្នុងគ្រោះបាក់ដីហូរភក់ បង្កឡើងដោយទឹកភ្លៀង ដែលធ្លាក់ឥតឈប់តាំងពី ថ្ងៃអាទិត្យមុនមក៕ដោយ អៀង សុខម៉ិញ (RFI)