ការលក់ និងពិសាគ្រឿងស្រវឹងត្រូវផ្អាកមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត
Cambodia News/
ភ្នំពេញ ៖ ដោយអនុលោមតាមច្បាប់បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំមួយឲ្យផ្អាកការ លក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ខាងមុខនេះ។
សេចក្តីណែនាំចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា ប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវរួមសហការជាមួយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ពាណិជ្ជករ និងអាជីវករ ដោយត្រូវផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់សង្គម និងបាតុភាពនានា ដែលអាចបណ្តាលមកពីការពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានធ្វើការណែនាំដល់ក្រសួងស្ថាប័ន កងរាជអាវុធហត្ថ កងនគរបាលជាតិ រួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការផ្សព្វផ្សាយ អប់រំណែនាំប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន អនុវត្តការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង ដើម្បីឲ្យកិច្ចដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៥ ប្រព្រឹត្តទៅក្នុងបរិយាកាសនយោបាយល្អ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។
ក្នុងនោះរដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏ត្រូវសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយតាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ជូនដល់ប្រជាពលរដ្ឋខ្មែរ ជនបរទេស ពាណិជ្ជករ អាជីវករ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឲ្យបានយល់ជ្រួតជ្រាប និងអនុវត្តឲ្យមានប្រសិទ្ធភាព៕