ក្រុមប្រឆាំង​​អ៊ីរ៉ង់​​បង្ហាញ​​​ទីតាំង​សំងាត់​​​នុយក្លេអ៊ែរ​​ថ្មី​​របស់​​រដ្ឋាភិបាល​​

ក្រុម​ប្រឆាំង​អ៊ីរ៉ង់​ដែល​ភៀសខ្លួន​នៅ​ ក្រៅប្រទេស​បាន​ប្រាប់​អោយ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា បាន​ទទួល​ពត៌មាន​​ទាក់ទង​នឹង​ទីកន្លែង​សំងាត់ថ្មី​​មួយ​ដែល​​រដ្ឋាភិបាល​ អ៊ីរ៉ង់​​​បំរុង​នឹង​ដាក់​អោយ​​ដំណើរការ​សកម្មភាព​នុយក្លេអ៊ែរ។ ទីកន្លែង​​នុយក្លេអ៊ែរ​ថ្មី​នេះ​ស្ថិត​នៅ​​ក្នុង​រូង​ដី​ក្រោម​ភ្នំ​ នៅ​ក្បែរ​ក្រុង​Damavand ​ភាគ​ខាង​ជើង​​ក្រុងTéhéran។ ទីភ្នាក់ងារ​​ថាមពល​បរមាណូ​អន្តរជាតិ​​​នឹង​​សិក្សា​ផ្ទៀងផ្ទាត់​ព័ត៌មាន​ នេះ។ គួរ​​រំលឹក​ឡើងវិញ​​​​​ថា បណ្តា បស្ចិមប្រទេស​​​នានា​តែងតែ​​​​សង្ស័យ​ថា​អ៊ីរ៉ង់​​​​យក​​កម្មវិធី​ នុយក្លេអ៊ែរ​ស៊ីវិល​របស់​ខ្លួន​ ​មក​បិទបាំង​​ដើម្បី​​ផលិត​គ្រាប់បែក​បរមាណូ។

បើ​យោងតាម​ក្រុម​ប្រឆាំង​អ៊ីរ៉ង់ដែល​មាន​ទីតាំង​នៅ​ប្រទេស​បារាំង​ ព័ត៌មាន​ទាក់ទង​នឹងទី​​កន្លែង​សំងាត់​នុយក្លេអ៊ែរថ្មី​​នេះ គឺ​អាច​យក​ជាការ​បាន។ ក្រុម​ប្រឆាំង​​ដែល​​ភៀសខ្លួន​ក្រៅប្រទេស​ បាន​ប្រាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា បណ្តាញ​ចលនា​មូចៃឌីន​នៃ​ប្រជាជន​អ៊ីរ៉ង់​​របស់​ខ្លួន​ បាន​​ទទួល​​​​ព័ត៌មានបែប​​នេះ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​​មក​ហើយ។ ​ពួកគេ​បាន​ពី​​ប្រភព​ព័ត៌មាន​ចំនួន​ជាង​៥០​​​ ហើយ​ប្រភព​ទាំង​នេះ​គឺ​ចេញ​មក​ពី​​​​បណ្តាញ​ផ្សេងៗ​នៃ​រដ្ឋាភិបាល​អ៊ីរ៉ង់​ តែម្តង។

យោងតាម​ក្រុម​ប្រឆាំង​អ៊ីរ៉ង់​ ទីតាំង​ថ្មី​នេះ​​ស្ថិត​នៅ​​ក្នុង​រូង​ដីនានា​ដែលចោះ​​នៅ​​ក្រោម​ភ្នំ​ នៅ​ក្បែរ​ក្រុង​Damavand ​ភាគ​ខាង​ជើង​​ក្រុងTéhéran។ ទីតាំង​នេះ​​​​នឹង​ប្រើ​​សំរាប់​ដំណើរការ​សកម្មភាព​គំរោងនុយ ក្លេអ៊ែរ​​។ គំរោង​នុយក្លេអ៊ែរ​​​​ដែល​​មាន​ឈ្មោះ​ថា “អណ្តូងរ៉ែ​ខាងកើត” រឺ​ក៏​ “គំរោង​Kossar”។ ដំណាក់​កាល​ទីមួយ​នៃ​ការ​សាងសង់​​​បាន​ចាប់​ផ្តើម​ឡើង​ក្នុង​ឆ្នាំ​២០០៦។ ក្រុង​តេអេរ៉ង់​បាន​សង់​ឃ្លាំង​ចំនួន​៤ ចោះ​រូងដី​​ជាច្រើន​កន្លែង ហើយ​ក៏​មាន​សង់​ផ្លូវ​​ចូល​ទៅ​កាន់​ទីតាំង​នេះ​ដែរ។ ការ​សាងសង់​វគ្គ​ទីមួយ​នេះ ​ទើបតែ​បញ្ចប់​នា​​ពេល​ថ្មីៗ​នេះទេ។ វគ្គ​ទីពីរ​គឺ​នឹង​សាងសង់​រូងដី​៣០ និង​ឃ្លាំងចំនួន​​៣០។

ទីភ្នាក់ងារ​​ថាមពល​បរមាណូ​អន្តរជាតិAIEA បាន​ប្រាប់​ថា​​​​នឹង​​សិក្សា​​ផ្ទៀងផ្ទាត់​ព័ត៌មាន​នេះ​។ គួរ​បញ្ជាក់​ថា អ៊ីរ៉ង់​ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​គោលបំណង​ផលិត​គ្រាប់​បែក​បរមាណូ ដោយ​​​​យក​​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​របស់​ខ្លួន​​មក​បិទបាំងសកម្មភាព​ នេះ​​។ ប្រទេស​នេះ​បាន​​ទទួល​ទណ្ឌកម្ម​ជា​ច្រើន​ពី​សំណាក់​ ក្រុមប្រឹក្សា សន្តិសុខ​អង្គការសហប្រជាជាតិ ពិសេស​ទណ្ឌកម្ម​ហិរញ្ញវត្ថុ និង​ប្រេងកាត​ពី​សំណាក់​អាមេរិក​ និង​​អឺរ៉ុប។

បន្ទាប់​ពី​បាន​ធ្វើការ​អង្កេត​១០ឆ្នាំ​កន្លងមក​នេះ ដោយ​សារ​តែ​ខ្វះ​ការ​សហការ​គ្រប់គ្រាន់​ពី​ក្រុងតេអេរ៉ង់ ទីភ្នាក់ងារ​​ថាមពល​បរមាណូ​អន្តរជាតិ AIEA ​​ពិបាក​​​នឹង​​​​សន្និដ្ឋាន​ថា តើ​​​កម្មវិធី​នុយក្លេអ៊ែរ​​ដែល​ក្រុង​អ៊ីរ៉ង់​អះអាង​ថា​ធ្វើ​ឡើងក្នុង​ បែបផែន​សន្តិភាព ពោល​គឺ​​ដើម្បី​ផលិត​ថាមពល​អគ្គិសនី​​​សមស្រប​តាម​ច្បាប់​អន្តរជាតិនោះ វា​ជា​ការពិត​​មែន​រឺ​ក៏​យ៉ាងណា៕ដោយ ព្រំ សឿន សូលីណា (RFI)

Related Articles

Back to top button
Close
Close