ធនាគារកណ្តាល សេដ្ឋកិច្ចជប៉ុនផ្តើមកំរើក តែកំណើននៅទាប
ធនាគារកណ្តាលជប៉ុន (BOJ) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ រក្សានយោបាយរូបិយវត្ថុឱ្យនៅដដែល មិនធ្វើការប្តូរផ្លាសអ្វីទេ ព្រោះមើលឃើញថា សេដ្ឋកិច្ចជប៉ុន ចាប់ផ្តើមកំរើកឡើងវិញ។ ជាសេចក្តីសន្និដ្ឋានប្រកបដោយសុទិដ្ឋនិយមជាលើកទីមួយ គិតចាប់ពីឆ្នាំ២០១១មកផង និងជាការលើកទឹកចិត្តដល់លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ ផង។
សេដ្ឋកិច្ចចាប់មានសុខភាពល្អ ក៏ព្រោះធនាគារកណ្តាលសម្លឹងឃើញថា ការនាំចេញ -ការវិនិយោគក្រុមហ៊ុន ផ្តើមមានសកម្មភាព វិនិយោគសាធារណៈបានកើនឡើង ការចាយវាយឯកជនក៏ត្រូវបានពង្រឹង។ ផលិតផលឧស្សាហកម្មកើនឡើងសន្សឹមៗ អារម្មណ៍របស់និយោជនក៏ភ្លឺស្វាង លក្ខខណ្ឌហិរញ្ញវត្ថុធូរស្រាល ទាំងនេះសុទ្ធសឹងជាកត្តាជួយជំរុញដល់សេដ្ឋកិច្ច។
ប៉ុន្តែទោះបីជាបានបង្ហាញសុទិដ្ឋនិយមចំពោះសកម្មភាពសេដ្ឋកិច្ចក្តី ក៏ការព្យាករណ៍កំណើនសេដ្ឋកិច្ច មានសភាពធ្លាក់ចុះបន្តិច តែគ្មានអ្វីគួរឱ្យព្រួយបារម្ភសោះឡើយ។ កំណើនផលិតផលសរុបក្នុងស្រុករបស់ជប៉ុន អាចកើនបាន២,៨% ក្នុងឆ្នាំ២០១៣-២០១៤ (ទល់នឹង២,៩% ក្នុងការព្យាករណ៍កាលពីខែមេសា) និង១,៣% សម្រាប់ឆ្នាំ២០១៤-២០១៥។ ធនាគារកណ្តាលជប៉ុនមិនបានកែប្រែការព្យាករណ៍ល្បឿននៃការឡើងថ្លៃ ទំនិញទេ អតិផរណានឹងមានកំរិត ២% ក្នុងមួយឆ្នាំ។
តាមការពិតសកម្មភាពសេដ្ឋកិច្ចជប៉ុនបានកំរើកខ្លាំងតាំងពីត្រីមាសទី មួយឆ្នាំ២០១៣មក មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានបង្ហាញការព្យាករណ៍កំណើនសេដ្ឋកិច្ច ២%ឱ្យជប៉ុននៅឆ្នាំនេះ។ ដំណឹងល្អនេះ ធ្លាក់មកជាបន្តបន្ទាប់ ជួនចំពេលនាយករដ្ឋមន្ត្រីថ្មី ស៊ីនហ្សូ អាបេ អ្នកអភិរក្សនិយមវិលមកដឹកនាំរដ្ឋាភិបាលជាថ្មី។ លើសពីនេះ សេចក្តីប្រកាសរបស់ធនាគារកណ្តាលថ្ងៃនេះ ដូចជាការលើកទឹកចិត្តបន្ថែមដល់នយោបាយលោកនាយករដ្ឋមន្ត្រីឱ្យ កាន់តែស្រស់ថ្លា ព្រោះថានៅ១០ថ្ងៃទៀត នឹងមានការបោះឆ្នោតព្រឹទ្ធសភា។ ជ័យជំនះដែលនឹងធ្វើគណបក្សអភិរក្សរបស់លោក ស៊ីនហ្សូ អាបេ មានសំឡេងភាគច្រើន អាចធ្វើកំណែទម្រង់សំខាន់ៗបានដោយគ្មានឧបសគ្គ៕ដោយ អៀង សុខម៉ិញ (RFI)