ការប្រកាសវិលត្រឡប់របស់លោក សមរង្សី មានការពិភាក្សាយ៉ាងផុលផុស
Cambodia News/
ភ្នំពេញ៖ ការប្រកាសរបស់ លោក សម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ ដែលថាលោកនឹងមកប្រទេសកម្ពុជានៅមុនការបោះឆ្នោតនោះ បាននាំឲ្យមានការជជែកពិភាក្សាយ៉ាងផុលផុសនៅតាមតៀមកាហ្វេ សារព័ត៌មាន និងបណ្តាញសង្គមហ្វេសប៊ុក។
អ្នកខ្លះបានបញ្ចេញទស្សនៈរបស់ខ្លួនថា មិនអាចត្រឡប់បានទេ រីឯអ្នកខ្លះ បង្ហាញពីមធ្យោ បាយ ផ្សេងៗ ដែលលោក សម រង្ស៊ីអាចស្វែងរកអន្តរាគម ដើម្បីអាចវិលត្រឡប់ចូលស្រុកវិញ។
ក្រោយពីលោក សម រង្សីបានប្រកាសតាមហ្វេសប៊ុករបស់លោក ថាលោកនឹងវិលចូលស្រុកវិញនៅ មុនថ្ងៃបោះឆ្នោតនោះ មានមតិខ្លះគាំទ្រ ធានាការពារលោក ថែមទៀតផង ខណៈអ្នកខ្លះទៀត គម្រាមលោកសម រង្ស៊ី ថា បើលោកហ៊ានចូលស្រុកនោះ លោកនឹងត្រូវចាប់ខ្លួនជាមិនខានឡើយ។
សម្រាប់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិភាគច្រើន ការវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី នឹងបង្ហាញពីគំរូវីរភាពមួយ ហើយពួកគេកាន់តែមានកម្លាំងចិត្តគាំទ្រ រីឯក្រុមអ្នកដែលមិនពេញចិត្តលោក សម រង្ស៊ី បានលើកឡើង បុគ្គលរូបនេះ ពិតជាមិនហ៊ានមកឡើយ។
រហូតនៅថ្ងៃនេះ មានព័ត៌មានលេចឮថា លោកសម រង្សីនឹង ត្រឡប់មកកម្ពុជានៅថ្ងៃទី២០ ខែកក្កដា ប៉ុន្តែព័ត៌មានត្រូវបានបដិសេធពីមន្ត្រីគណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រកាសថា នឹងចាប់ខ្លួនលោក សម រង្ស៊ី នៅពេលដែលគាត់ដាក់ជើងចុះដល់ដីស្រុកខ្មែរ៕