យុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិទី៥ ល្អប្រសើរជាងអាណត្តិមុនៗ
Cambodia News/
ភ្នំពេញ៖ តាមការស៊ើបអង្កេតពីបណ្ដារអង្គការសមាគមដែលឃ្លាំមើលការបោះឆ្នោត ក្នុងកំឡុងពេលឃោសនាបោះឆ្នោតចាប់តាំងពីថ្ងៃទី២៧ ខែ មិថុនា រហូតមកទល់នឹងថ្ងៃនេះ បានធ្វើការកត់សំគល់ថា ការឃោសនារកសំឡេងឆ្នោតអាណត្តិនេះមានសេចក្ដីថ្លៃថ្នូរ និងមានសីលធម៌ជាងអាណត្តិមុនៗ ដោយមិនសូវឃើញមានការប៉ះទង្គិចគ្នាខ្លាំងក្លាដូចអាណត្តិមុនៗឡើយ។
ក្បួនដង្ហែដែលមានហ្វូងមហាជនចូលរួមច្រើនជាងគេ ត្រូវគេកត់សម្គាល់ថា គឺគណបក្សប្រជាជនកម្ពុជា និងបន្ទាប់មកគណបក្សសង្គ្រោះជាតិ ហើយគណបក្ស៦ទៀតមានការដង្ហែតិចតួចប៉ុណ្ណោះ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋហាក់អបអរសាទរយ៉ាងខ្លាំងក្លាចំពោះគណបក្សនយោបាយដែលខ្លួន ពេញចិត្ត ដោយមិនមានខ្លាចរអាអ្វីឡើយ ដែលវាស្តែងឲ្យឃើញពីសេរីភាពរបស់ពួកគាត់ជាម្ចាស់សន្លឹកឆ្នោត ម្ចាស់វាសនាអនាគតប្រទេសជាតិ ស្របតាមប្រទេសមួយដែលប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស។
ទោះជាមានការកត់សម្គាល់ពីសញ្ញាវិជ្ជមានយ៉ាងណាក៏ដោយ ក៏គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលបណ្ដឹងប្រមាណជាង១០១បណ្ដឹងដែរពាក់ព័ន្ធនឹងយុទ្ធនាការ ឃោសនាបោះឆ្នោតនេះ ដោយបណ្តឹងភាគច្រើនជារបស់គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងតិចតូចធ្វើឡើងដោយគណបក្សដទៃទៀត៕