កូរ៉េ​ទាំងពីរ​ចរចា​គ្នា​គ្រោង​បើក​តំបន់​ឧស្សាហកម្ម Kaesong ឡើង​វិញ

កូរ៉េ​ខាងជើង និងកូរ៉េខាងត្បូង​បាន​ឯកភាពគ្នា​ផ្ដើម​កិច្ច​ចរចា​គ្នាឡើង​វិញ ស្តីអំពីការគ្រោង​និង​បើក​ឱ្យ​ប្រើ​ឡើង​វិញ នូវ​រោងចក្រ​មួយ​របស់​ប្រទេសទាំងពីរ​ដែល​ស្ថិត នៅ​លើដី​របស់​កូរ៉េខាងជើង​នៅ​ក្នុង​ព្រឹក​ថ្ងៃ​ពុធ​នេះ។ កាលពី​ខែ​មេសា​កន្លង​ទៅ​រោងចក្រខាងលើ ត្រូវ​បាន​រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​ប្រកាស​បិទ។

គណៈប្រតិភូ ​របស់ទីក្រុង​សេអ៊ូល បាន​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ព្យុងយ៉ាង​កាល​ពី​ព្រឹក​មិញ ដើម្បី​រៀបចំ​ចរចា​បើក​តំបន់​kaesong ដែល​ជា​តំបន់​ឧស្សាហកម្ម​សេរី កូរ៉េ​ខាងជើង និង​ខាងត្បូង ឡើង​វិញ។ ក្នុង​រយៈ​​ពេល​ដែល​បាន​បិទ​ជាងបី​ខែ​កន្លង​ទៅ ធ្វើឱ្យ​កូរ៉េខាងត្បូង​បាន​ខាតបង់​ជា​ទឹក​ប្រាក់​អស់​រាប់រយ​លាន​ដុល្លារ​​ អាមេរិក ដោយ​សារ​តែ​កម្មករ​កូរ៉េ​ខាងជើង​បាន​នាំ​គ្នា​ចាក​ចេញ។

មុន​ នឹង​ចេញ​ដំណើរ​ទៅ​រក​កិច្ចពិភាក្សា​ខាងលើ ថ្នាក់​ដឹកនាំ​ការ​ចរចា​របស់​ទីក្រុងសេអ៊ូល បាន​អះអាង​ថា ភាគី​ទាំង​ពីរ​នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់​ពី​លទ្ធភាព ដើម្បី​ទទួល​បាន​នូវ​កិច្ច​ព្រមព្រៀងមួយ ឈាន​ទៅ​រក​ការ​បើក​ឱ្យ​ដំណើរ​ឡើង​វិញ​នូវ​តំបន់​ឧស្សាហកម្ម​ខាងលើ។

កិច្ចពិភាក្សា​មួយ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ រវាង​ភាគី​ទាំងពីរ បាន​ទទួល​នូវ​ផលវិជ្ជមាន​តិចតួច​ហើយ ដោយ​ភាគី​ទាំងពីរ​សម្រេច​ឱ្យ​មាន​ការ​ពិភាក្សា​លម្អិត​ជា​ផ្លូវ​ការនៅ​ថ្ងៃ​ នេះ។ តែ​ទោះ​បី​ជា​យ៉ាង​ណា ទីក្រុង​សេអ៊ូល​នៅ​មាន​ការ​ព្រួយ​បារម្ភ​ថា នឹង​អាច​មាន​ការ​មិន​យល់​ព្រម​ណា​មួយ ពី​សំណាក់​ទីក្រុង​ព្យុងយ៉ាង។ ដោយ​សារ​តែ​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​ដល់​ទីក្រុង​ព្យុងយ៉ាង ព្រោះ​​របប​មួយ​នេះ ​បាន​ព្យាយាម​សាកល្បង​អាវុធ​នុយ​ក្លេអ៊ែរ​របស់ខ្លួន កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។

គួរ​រម្លឹកថា កន្លង​មក​Kaesong ​ជា​តំបន់​ឧស្សាហកម្ម​មួយ ដែល​កូរ៉េខាងត្បូង​បាន​បើក​ឡើង ដោយ​មាន​កម្មករ​ជា​ជនជាតិ​កូរ៉េខាងជើង​ប្រមាណ​ជាង​៥ម៉ឺន ៣​ពាន់​នាក់ ធ្វើ​ការ​ក្នុង​រោង​ចក្រ​ចំនួន១២៣។ ហើយ​វា​ជា​តំបន់​មួយ ដែល​ធ្វើ​ឱ្យ​ប្រទេស​បង​ប្អូន​គូ​​សត្រូវ​ទាំង​ពីរ អាច​រក​បាន​ការ​ចរចា​គ្នា​មួយ​បាន​ជា​ញឹកញាប់។​តែ​ការ​ចរចា​ទាំង​នេះ​គេ​ អាចទទួល​បាន​ត្រឹម​តែ​សន្តិភាព​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ គឺ​ប្រទេស​ទាំងពីរ​មិនទាន់​អាច​រក​បាន នូវ​សន្ធិសញ្ញា​សន្តិភាព​ទាំងស្រុង​​នោះ​ឡើយ៕ដោយ ជា ប៊ុនធឿន (RFI)

Related Articles

Back to top button
Close
Close